Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចាត់ទុកជាការបណ្តុះស្មារតី និងមនសិការស្នេហាជាតិ ដើម្បីត្រៀមខ្លួនលះបង់បម្រើជាតិមាតុភូមិ


ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានធ្វើបច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦
ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបជូនឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗពេញមួយសប្តាហ៍ដែលមានដូចតទៅ៖
ទី១៖ បន្ទាប់ពីបានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅប្រាសាទព្រះវិហារ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមអាណត្តិដឹកនាំរបស់ហ្វីលីពីន បានបន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោធាថៃបានបើកការវាយប្រហារដោយកម្លាំង និងបន្ទាប់មកបានរាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រ ដើម្បីកាន់កាប់ដោយខុសច្បាប់ដោយបានរារាំងពលរដ្ឋខ្មែរជាច្រើនគ្រួសារមិនឱ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។
នៅថ្ងៃដដែលនោះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលប្រជាពលរដ្ឋកម្ពុជាបង្កបង្កើនផល និងអាស្រ័យផលជាយូរមកហើយ។ ទីតាំងនោះក៏ត្រូវបានកម្ពុជាបន្តកាន់កាប់ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ស្ថានភាពនេះ គូសបញ្ជាក់ពីភាពចាំបាច់និងបន្ទាន់ ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរអាចវិលត្រលប់ទៅកាន់លំនៅដ្ឋានវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ក៏ដូចជាបន្តប្រកបរបរចិញ្ចឹមជីវិតដូចធម្មតាឡើងវិញ។
ទី២៖ ប្រទេសកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អលេខ១ នៅលើពិភពលោក ក្នុងឆ្នាំ២០២៦។ នេះបើយោងតាមរបាយការណ៍ស្ទង់មតិនិងចាត់ចំណាត់ថ្នាក់សកលដោយ U.S. News & World Report។ របាយការណ៍ខាងលើនេះ បានវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដែលបានថែរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍនិងការការពារបរិស្ថាន ក្នុងនោះមានការគ្រប់គ្រងបរិស្ថាបានល្អ ផ្តល់ខ្យល់អាកាសល្អ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះប្រកបដោយនិរន្តភាព។ ចំណាត់ថ្នាក់នេះត្រូវបានរដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់ទុកជាកិត្តិយសសម្រាប់ប្រជាជននិងប្រទេសកម្ពុជាចំពោះភាពជោគជ័យនៃវិស័យបរិស្ថាននិងធនធានធម្មជាតិ នៅលើឆាកអន្តរជាតិ ហើយវាបានឆ្លុះបញ្ចាំងពីការដឹកនាំ ការពារ និងរៀបចំគ្រឹះវិស័យបរិស្ថានបានយ៉ាងល្អប្រសើររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តវេនដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងបន្តអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដែលក្នុងនោះ វិស័យការពារបរិស្ថាន និងធនធានធម្មជាតិនៅតែជាអាទិភាពចម្បងមួយរបស់រាជរដ្ឋាភិបាល។
ការផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រទេសកម្ពុជាដែលមានបរិស្ថានធម្មជាតិដ៏ល្អបំផុតនៅលើពិភពលោក គឺជាសារមួយច្បាស់លាស់ចំពោះក្រុមដែលតែងតែយកបញ្ហាបរិស្ថានមកធ្វើជារបៀបវារៈនយោបាយដើម្បីវាយប្រហាររាជរដ្ឋាភិបាល ដោយមើលរំលងទាំងស្រុងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលចំពោះកិច្ចការពារបរិស្ថានធម្មជាតិ តាមរយៈការធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍន៍និងអភិរក្សដែលជាចំណុចសំខាន់មួយរបស់រាជរដ្ឋាភិបាល តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត។
ទី៣៖ ក្នុងឱកាសប្រារព្ធទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា ទិវានេះគឺជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាននូវរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោរឃៅនិងខ្មៅងងឹតចន្លោះពីថ្ងៃទី១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩។ ទិវានេះ គឺជាការរំលឹកនិងដាស់ស្មារតីកូនខ្មែរឱ្យចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀតដើម្បីកុំអោយរបបខ្មៅងងឹតនេះវិលត្រឡប់មកវិញ។ ចំណែកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែឧសភា ជា«ទិវាជាតិនៃការចងចាំ» ដើម្បីរំឭកដល់ជនរងគ្រោះ និងរំឭកអំពីការឈឺចាប់នៃឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ទិវានេះក៏ដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ បើទោះបីជានៅរស់រានមានជីវិតឬបានបាត់បង់ជីវិតក៏ដោយ, ការប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ការផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា។
ទី៤៖ ច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានព្រឹទ្ធសភាអនុម័តរួចរាល់នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចាត់ទុកជាការបណ្តុះស្មារតី និងមនសិការស្នេហាជាតិ ដើម្បីត្រៀមខ្លួនលះបង់បម្រើជាតិមាតុភូមិ។ យោងតាមសម្តេចធិបតី គោលដៅចម្បងនៃការអនុវត្តកាតព្វកិច្ចយោធា គឺការកសាងនូវសង្គមមួយប្រកបទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការស្នេហាជាតិខ្ពស់ មានភាពអង់អាចក្លាហាន មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលា ដោយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ដោយឥតលក្ខខណ្ឌ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×