ភ្នំពេញ ៖ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូត នៃប្រទេសហុងគ្រីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីចប់បេសកកម្មការទូតនៅកម្ពុជា។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងពេលដែលឯកឧត្តមបានបំពេញបេសកកម្មជាឯករដ្ឋទូតប្រចាំនៅកម្ពុជារយៈពេល៤ឆ្នាំមកនេះ ដែលបានធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រីមានភាពរឹងមាំ។ សម្ដេចតេជោបានលើកឡើងថា ទោះបីជាហុងគ្រី និងកម្ពុជានៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពជិតស្និទ្ធខ្លាំងណាស់។ មកដល់ពេលនេះទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រីមានអាយុកាល៧០ឆ្នាំហើយ ដែលជាទំនាក់ទំនងមួយដ៏យូរអង្វែងមកជាមួយគ្នា។
នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតហុងគ្រី បានសម្ដែងនូវការអរគុណដែលសម្ដេចតេជោបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសម និងជម្រាបលាក្នុងឱកាសនេះ។ឯកឧត្តមបានលើកឡើងថា ជាកិត្តិយសសម្រាប់ឯកឧត្តមដែលបានបំពេញការងារជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។
ឯកឧត្តមបានលើកសរសើរអំពីប្រទេសកម្ពុជាថាជាប្រទេសដ៏ស្រស់ស្អាត ហើយមានភាពរីកចម្រើន ដោយឯកឧត្តមបានឃើញនឹងភ្នែក ជាពិសេសគឺជីវភាពរបស់ប្រជាជនមានភាពប្រសើរឡើងជាលំដាប់។ឯកឧត្តមបានលើកឡើងថា ៤ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រីមានភាពរីកចម្រើន ជាពិសេសគឺការសហការគ្នាទាំងក្របខ័ណ្ឌនៃស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ។ ឯកឧត្តមបានរំលេចថា ប្រទេសទាំងពីរមានការកើនឡើងនូវទំហំពាណិជ្ជកម្ម ជាពិសេសកម្ពុជាបាននាំចូលទៅកាន់ប្រទេសហុងគ្រីមានការកើនឡើងក្នុងរយៈពេលចុងក្រោយនេះ។
ឯកឧត្តមក៏បានលើកឡើងផងដែរថាឆ្នាំនេះជាខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី ហើយប្រទេសទាំងពីរបានរួមគ្នាក្នុងការរៀបចំពិធីអបអរសាទរនៃខួប៧០ឆ្នាំនេះដើម្បីឱ្យទំនាក់ទំនងនេះកាន់តែល្អប្រសើរបន្ថែមទៀត។
សម្ដេចតេជោបានអរគុណចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតហុងគ្រី
ដែលបានរំលេចអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងហុងគ្រី ហើយសម្ដេចក៏បានរំលេចបន្ថែមដែរថាហុងគ្រីបានចូលរួមជាចំណែកយ៉ាងសំខាន់នៅក្នុងការជួយបណ្ដុះបណ្ដាល
ធនធានមនុស្សរបស់កម្ពុជាដែលមកដល់ពេលនេះមានថ្នាក់ដឹកនាំកម្ពុជាមួយចំនួនបានទៅសិក្សា និងបញ្ចប់ការសិក្សានៅក្នុងប្រទេសហុងគ្រី និងកំពុងតែធ្វើការនៅក្នុងប្រទេសកម្ពុជា ហើយសម្ដេចក៏បានរំលេចផងដែរថាហុងគ្រីជាប្រទេសមួយដែលសម្ដេចធ្លាប់ទៅបំពេញទស្សនកិច្ចច្រើនជាងគេក្នុងចំណោមប្រទេសដែលសម្ដេចបានអញ្ជើញទៅ ពោលគឺតាំងពីសម្ដេចនៅជារដ្ឋមន្ត្រីការបរទេស ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក។សម្ដេចក៏បានរំលឹកថា កាលពីឆ្នាំ២០១៩ កន្លងទៅ សម្ដេចតេជោក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសហុងគ្រី ហើយក្រោយមកប្រធានាធិបតីរបស់ហុងគ្រីក៏បានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាដែរ នេះបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទាំងពីរបើទោះបីជាឆ្ងាយពីគ្នាយ៉ាងណាក្តី ក៏ប៉ុន្តែគឺមានភាពជិតស្និទ្ធ។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតឱ្យទទួលបានជោគជ័យនៅក្នុងកិច្ចការងារបន្ត ហើយសង្ឃឹមថាឯកឧត្តមនឹងបន្តអញ្ជើញមកកាន់ប្រទេសកម្ពុជានៅថ្ងៃក្រោយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី











