Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន

រាជធានីភ្នំពេញ៖ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើ ការកសាងផ្លូវក្រវាត់ព្រំដែន (ក.គ.ម)នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។

ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន
ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី ការប្រើប្រាស់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវតាមព្រំដែន ឱ្យបាន ត្រឹមត្រូវ តម្លាភាព គណនេយ្យភាព និងក្នុងស្មារតីសន្សំសំចៃខ្ពស់ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន មានកិត្តិយសសូមគោរពជម្រាបជូន ដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបអំពីវឌ្ឍនភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នេះ
ដូចមានលទ្ធផលសង្ខេបខាងក្រោម៖
១. ក្រុមការងារចំពោះកិច្ច ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨ កងឯកភាព ដោយប្រើប្រាស់ រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន ៥ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២០០ គ្រឿង និងខេត្តរតនគិរី មាន ៣ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ៨៦ គ្រឿង។
២. ការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ត្រូវបាន សម្រេច ជាស្ថាពរលើផ្ទៃដីសរុបទំហំ ៦.៦១០.០០០ ម៉ែត្រការ៉េ (លើផែនការ ៦.២៥០.០០០ម៉ែត្រក្រឡា) ដោយ បានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ១០៦ គ្រាប់, លោហធាតុ ១.០០៦ គីឡូក្រាម ក្នុងនោះរួមមាន គ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៤៣ គ្រាប់។
៣. ក្នុងដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ១៧ ខែ កន្លងមកនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានឈូសព្រៃទទឹង ៥ ម៉ែត្រ លើដីជាក់ស្ដែង បានប្រវែង ២៦៤,៤០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែ ដំបូងឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ២៥៤,៩០ គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង បន្ទាប ចំណោតភ្នំ ចិតជញ្ជាំងភ្នំ និងជីកប្រឡាយបង្ហូរទឹកភ្លៀង កសាងតួផ្លូវ សម្រេចបានប្រវែង ២៥២,៩០ គីឡូម៉ែត, និងចាក់ក្រាលល្បាយកម្ទេចថ្ម-កិនបង្ហាប់បានប្រវែង ២៤២,៩ គីឡូម៉ែត្រ។ លទ្ធផលរួមនៃដំណើរការក សាងផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបានប្រមាណ ៩៥,៩២% នៃផែនការរួម ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ១០០% និងខេត្តរតនគិរី សម្រេចបាន ៩១,៤៨%។

៤. ក្រុមការងារចំពោះកិច្ច ក.គ.ម. បានកសាងសម្រេចជាស្ថាពរសំណង់សិល្បការរួមមាន៖ លូប្រអប់ សរុប ចំនួន ៤១ កន្លែង ស្មើនឹង ៣៧១,៧ ម៉ែត្រ, ដាក់លូមូលបេតុងគ្រប់ប្រភេទ សរុប ៣៥៤ កន្លែង, និងស្ថាបនា សម្រេចជាស្ថាពរនូវសំណង់បេតុងរក្សាទឹកទុកប្រើប្រាស់ សរុប ចំនួន ១២ កន្លែង ស្មើនឹង ២៤០,៤០ ម៉ែត ក្នុងនោះ ថ្នល់បេតុងបង្រៀររក្សាទឹកទុកប្រើប្រាស់ សម្រេចស្ថាពរបានចំនួន ៥ កន្លែង ស្មើនឹង ១៨០ ម៉ែត និងទំនប់បេតុងបង្ហូររក្សាទឹកទុកប្រើប្រាស់ សម្រេចស្ថាពរបានចំនួន ៧ កន្លែង ស្មើនឹង ៦០,៤០ ម៉ែត្រ, និង ស្ថាបនាស្ពានបេតុង សម្រេចបានចំនួន ១ កន្លែង ប្រវែង ១៨ ម៉ែត្រ។
៥. ក្រុមការងារចំពោះកិច្ច ក.គ.ម សូមគូសបញ្ជាក់ជូនផងដែរថា ប្រវែងផ្លូវដែលត្រូវសាងសង់បានកើនដល់ ២៦៤,៤០ គីឡូម៉ែត្រ លើសប្រវែងផ្លូវដែលបានគ្រោងទុកក្នុងផែនការដែលមានត្រឹមតែ ២៥០ គីឡូម៉ែត្រ។ ការកើនឡើងនៃប្រវែងផ្លូវនេះ ដោយសារតែស្ថានភាពភូមិសាស្ត្រ ដែលត្រូវកសាងផ្លូវលើដីជាក់ស្ដែងត្រូវបាន កែសម្រួល។ ទន្ទឹមនឹងនោះ, ផ្ទៃដីដែលត្រូវរាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញា ក៏បានកើន ឡើងពីផ្ទៃដីទំហំ ៦.២៥០.០០០ ម៉ែត្រការ៉េ ក្នុងផែនការដែលបានគ្រោងទុកទៅដល់ផ្ទៃដីទំហំ ៦.៦១០.០០០ ម៉ែត្រការ៉េ ផងដែរ។
៦. ចំពោះមុខនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បាននិងកំពុងបន្តយកចិត្តទុកដាក់លើការងារថែទាំបច្ចេកទេស ខ្សែផ្លូវក្នុងទិសខេត្តមណ្ឌលគិរី ដែលបានស្ថាបនារួចរាល់ ដើម្បីធានាគុណភាពរឹងមាំ និងបង្កាការខូចខាត ជាយថាហេតុនៅក្នុងរដូវវស្សាខាងមុខ, បន្តជំរុញល្បឿនការងារកសាងសំណង់ផ្លូវ និងការកសាងសំណង់ សិល្បការ្យគ្រប់ប្រភេទនៅទិសខេត្តរតនគិរី ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន, និងចាត់តាំង ដឹកជញ្ជូនប្រេងឥន្ធនៈ សម្ភារៈ វត្ថុធាតុដើម ចូលទៅផ្គត់ផ្គង់ដល់ការដ្ឋានទិសខេត្តរតនគិរី ឱ្យបានទាន់ពេលវេលា មុនរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំង ជួបលំបាកក្នុងការដឹកជញ្ជូន។
៧. ក្រុមការងារចំពោះកិច្ច ក.គ.ម នឹងបន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការដែលបានគ្រោងទុក
និងបន្តផ្តល់ព័ត៌មានស្តីពីវឌ្ឍនភាពថ្មីៗនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាង
ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននេះជូនសាធារណជនជ្រាបជាបន្ត
បន្ទាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

Screenshot
Screenshot
×