សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបការផ្សាយព័ត៌មានតាមបណ្តាញសង្គមដែលគ្មានមូលដ្ឋានច្បាស់លាស់ដែលថា មានការចាប់ខ្លួនអតីតចៅក្រម និងចៅក្រមស៊ើបសួរក្នុងសំណុំរឿង ឡេង ចាន់ណា ។
សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីការផ្សាយរបស់ផេកហ្វេសប៊ុកឈ្មោះ Karpit និង មជ្ឈមណ្ឌលនីតិក្រម។
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ផេកហ្វេសប៊ុកឈ្មោះ Karpit និង មជ្ឈមណ្ឌលនីតិក្រម បានផ្សព្វផ្សាយថា “អង្គភាពប្រឆាំងអំពើពុករលួយ បានវែកមុខ និងចាប់បញ្ជូនខ្លួនអតីតចៅក្រម ចៅក្រមស៊ើបសួរ និងមន្ត្រីជាន់ខ្ពស់នៃសាលាដំបូង ខេត្តសៀមរាប សរុបចំនួន ៣រូប ទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់ ”។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណជនជ្រាបថា៖ ការចុះផ្សាយតាមផេកទាំងពីរ ខាងលើ ជាការចុះផ្សាយព័ត៌មាន មានលក្ខណៈមិនពិត ខ្វះមូលដ្ឋានច្បាស់លាស់ និងនាំឱ្យសាធារណជនមានការភាន់ច្រឡំ ព្រមទាំងប៉ះពាល់សេចក្តីថ្លៃថ្នូរ មានលក្ខណៈចរិតបរិហារកេរ្តិ៍ និងញុះញង់ឱ្យមានការរើសអើង ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស យ៉ាងធ្ងន់ធ្ងរ ចំពោះថ្នាក់ដឹកនាំនៃសាលាដំបូងរាជធានីភ្នំពេញ ដែលគាត់ធ្លាប់ជាអតីតចៅក្រម និងជាអតីតប្រធានសាលាដំបូង ខេត្តសៀមរាប និងធ្វើឱ្យបាត់ជំនឿចំពោះស្ថាប័នតុលាការ។
ការផ្សព្វផ្សាយព័ត៌មានដោយគ្មានប្រភពច្បាស់លាស់ និងមិនបានផ្ទៀងផ្ទាត់ អាចបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ
ដល់សណ្តាប់ធ្នាប់សាធារណៈ និងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការអនុវត្តច្បាប់។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី២៨ ខែឧសភា នេះ សាលាដំបូង រាជធានីភ្នំពេញ ពុំបានចាត់ការសំណុំរឿងដែលមានបុគ្គល ៣រូប ពីបទ វិតិក្រម ជំរិតទារប្រាក់ខុសច្បាប់ និងបទ សម្អាតប្រាក់ ដូចដែលបានចុះផ្សាយរបស់ផេកទាំងពីរខាងលើនោះទេ។ ដូចនេះ ម្ចាស់ផេកហ្វេសប៊ុកឈ្មោះ Karpit និង មជ្ឈមណ្ឌល នីតិក្រម ត្រូវធ្វើការកែតម្រូវ និងដកចេញនូវខ្លឹមសារដែលបានផ្សព្វផ្សាយមិនពិតខាងលើជាបន្ទាន់។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមធ្វើការច្រានចោលទាំងស្រុងនូវអត្ថបទផេកទាំងពីរ ដែលបាន ចុះផ្សាយព័ត៌មានមិនពិតនេះ ហើយសូមសាធារណជនទាំងអស់ មេត្តាប្រុងប្រយ័ត្នក្នុងការទទួល និងការចែករំលែកព័ត៌មាន ដោយត្រូវផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ មុននឹងធ្វើការផ្សព្វផ្សាយបន្ត។ សាលាដំបូងរាជធានីភ្នំពេញ នឹងចាត់វិធានការ យ៉ាងម៉ឹងម៉ាត់តាមនីតិវិធីច្បាប់ចំពោះម្ចាស់ផេក ឬបណ្តាញសង្គម ដែលផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើនេះ។
អង្គភាពប្រចាំអំពើពុករលួយ (ACU) បានបញ្ជាក់ថា អ្នកស្រី ឡេង ចាន់ណា, ចាន់ ឃិន, ផុន សាមាន ទទួលស្គាល់ថាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨លានដុល្លារ អាមេរិក ពីមេ ២៥ ហើយបានយកលុយទាំងនោះ ទិញដីអភិវឌ្ឍគម្រោង ផ្តល់ការប្រាក់ទៅឱ្យមេ ២៥ និងផ្តល់ការប្រាក់ទៅឱ្យអ្នកដែលបាន ចំណាយ ប្រាក់វិនិយោគ ។រក្សាសិទ្ធដោយ៖សុទ្ធលី






