Sunday, May 31, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរស្តីពីការរៀបចំខួបលើកទី៧៧ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៥ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជាតែងតែប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្ម កុមារ១២មិថុនា និងទិវាកុមារកម្ពុជា ដើម្បីរម្លឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពី ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុសញ្ញា ស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារលេខ១៨២ ស្តីពី ការហាមប្រាមនិងសកម្មភាពបន្ទាន់សម្រាប់លុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ព្រមទាំងលិខិត បទដ្ឋានគតិយុត្តជាតិនិងលិខិតូបករណ៍អន្តរជាតិស្ដីពីសិទ្ធិកុមារផ្សេងៗទៀត។

ការប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សែនខ្លោចផ្សា ឆ្នាំ១៩៤២-១៩៤៤ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ដែលកងទ័ពហ្វាស៊ីសអាល្លឺម៉ង់ បានកាប់សម្លាប់ស្ត្រី និងកុមារយ៉ាងរង្គាលនៅភូមិលីឌីស នៃប្រទេសឆេកូស្លូវ៉ាគី និងភូមិអូរ៉ាខួរ នៃប្រទេសបារាំង។ ទន្ទឹមនឹងនេះ ទិវានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការការពារសិទ្ធិកុមារ ទប់ស្កាត់រាល់អំពើហិង្សា និង
រួមគ្នាថែរក្សាសន្តិភាពពិភពលោក ដើម្បីធានាឱ្យកុមារគ្រប់រូបរស់នៅក្នុងសុខសុវត្ថិភាពនិងការអភិវឌ្ឍ។

ការប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា គឺជាយុទ្ធនាការនិងចលនាប្រជាជាតិ
សកល ដើម្បីលើកកម្ពស់ការយល់ដឹងនិងកៀរគរការគាំទ្រពីសាធារណជន ក្នុងដំណើរឆ្ពោះទៅរកការ
លុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ដែលបានស្ដែងឱ្យឃើញតាមរយៈការផ្តល់សច្ចាប័នដោយប្រទេស ជាច្រើនលើសកលលោក លើអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារលេខ១៨២ ស្តីពីការហាមប្រាមនិង សកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងអនុសញ្ញានៃអង្គការអន្តរជាតិ ខាងការងារលេខ១៣៨ ស្តីពីការកម្រិតអាយុអប្បបរមាសម្រាប់ការចូលធ្វើការងារ សំដៅទប់ស្កាត់ការប្រើប្រាស់ ពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរ ជាអាទិ៍ទាសករកុមារ ការជួញដូរកុមារ ពេស្យាចារកុមារ និងការប្រើប្រាស់កុមារ ក្នុងជម្លោះប្រដាប់អាវុធនិងក្នុងស្ថានភាពងាយរងគ្រោះ។

ដោយឡែក ព្រះរាជាណាចក្រកម្ពុជាប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជានេះឡើង ដើម្បីលើកកម្ពស់សុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ ព្រមទាំងការពារកុមារពីការរំលោភបំពាន គ្រប់រូបភាព។ ជាពិសេស ទិវានេះក៏រម្លឹកនូវមហាវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×