Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នេរសមុទ្រ​អូរ​ឈើទាល ពីមុនបាត់​ទៅណា​? ឥឡូ​វ​នេះ មើល​លែង​យល់​ហើយ! (វីដេអូ)

spot_img

​ភ្នំពេញ ​៖ ប្រជាពលរដ្ឋ​មួយចំនួន​បាន​សម្តែង​នូវ​ការហួសចិត្ត ស្ទើរតែ​និយាយ​លែងចេញ នៅពេលដែល​បានឃើញ​រូបភាព​សន្លឹក និង​វីដេអូ ជាច្រើន​ត្រូវបាន​ចែកចាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​រយៈពេល​ចុងក្រោយ​នេះ បង្ហាញ​ពី​ឆ្នេរសមុទ្រ​ដ៏​មាន​សក្តានុពល​នៅ​ខេត្ត​ព្រះសីហនុ ពោរពេញ​ដោយ​សំរាម និង​គ្មាន​មនុស្ស ភ្ញៀវទេសចរ ជាតិ អន្តរជាតិ ទៅលេង​កម្សាន្ត ខណៈ​តំបន់​នោះ​ត្រូវបាន គេ​ហ៊ុម​ព័ទ្ធរបង​ស័​ង្ក​លី​ជិតឈឹង​។ ប៉ុន្តែ​គេ​មិន​បានដឹង​នោះទេ​ថា រូបភាព​ទាំងនោះ​ជាការ​ពិត ឬ​គ្រាន់តែ​ជា​រូបភាព​ប្រឌិត កែច្នៃ​ដោយ​បច្ចេកទេស​កាត់​។ ទន្ទឹមគ្នា​នឹង​រឿងនេះ កំពុងតែ​ក្លាយជា​ប្រធានបទ​ក្តៅ សម្រាប់​អ្នកលេង​បណ្តាញ​សង្គម​នោះ ស្រាប់តែ​តារា​សម្តែង​ប្រុស លោក ជា វណ្ណ​រិ​ទ្ធ បញ្ចេញមតិ​ភ្លាមៗ ក្នុងន័យ​ព្រួយបារម្ភ​ចំពោះ​ឆ្នេរសមុទ្រ​កម្ពុ​ជានា​ថ្ងៃ​អនាគត​។ ចំណែក​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ម្នាក់ បាន​ស្នើសុំ​អាជ្ញាធរខេត្ត​ព្រះសីហនុ ដើម្បី​រៀបចំ​ឆ្នេរ​ខ្សាច់ និង​សំរាម​ឲ្យ​ស្អាត​ល្អ​ដូចដើម​វិញ​។​

លោក ជា វណ្ណ​រិ​ទ្ធ ដែលជា​ពិធីករ​ទូរទស្សន៍​បាយ័ន បាន​បញ្ចេញមតិ​លើ​ផេ​ក​របស់លោក​ថា “​ពេលដែល​សមុទ្រ​ស្ងប់ស្ងាត់ មិនសូវមាន​មនុស្ស​ទៅលេង​ដូច​មុន ហាង​មួយចំនួនធំ ត្រូវបាន​សេង និង​ជួល​ឲ្យ​ថៅកែ​ចិន​បន្ត តាម​ឆ្នេរ​លែង​សូវ​មាន​អ្នក​អើពើ ក្នុងការ​សម្អាត មាត់​ឆ្នេរ​ចាប់ផ្តើម​គរ​សំរាម​បន្ត​រសាត់អណ្តែត តាម​ទឹក​រាលដាល​ដល់​ឆ្នេរ​ផ្សេងទៀត​។​

​ឆ្នេរសមុទ្រ​កម្ពុជា តារា​រះ​នា​ទិសនិរតី ថ្ងៃមុខ​នឹង​ទៅជា​យ៉ាងណា​?”​។​

​បើតាម​ផេ​ក ឈ្មោះ Tan Kimsour បានសរសេរថា ខ្ជិល​រៀបរាប់​ច្រើន បើ​ថា​ធ្វើ​មិនកើត ខ្ញុំ​ស្ម័គ្រចិត្ត​កៀរគរ​យុវជន​ស្ម័គ្រចិត្ត​ទៅធ្វើ​ការសំអាត​និង​រៀបចំ​នៅ​ទីនោះ​និង​តំបន់​ផ្សេងៗ​ជាច្រើន​ទៀត​។ ផេ​ក​ដដែល​បាន​បន្តថា “​ខណៈពេល​ខ្ញុំ​កំពុង​នៅ​ឆ្នេរ​អូរ​ឈើទាល នៅ​ម្តុំ​កន្លែង​ដែល​ធ្លាប់តែ​អ៊ូអរ ហើយ​ប្រហែល​ពុក​ម៉ែ​បងប្អូន មើល​តាមរយៈ​វីដេអូ​នេះ​ស្គា​ល់ហើយ ដែល​កន្លែង​នេះ​កាលពីមុន​សម្បូរ​ទៅដោយ​បារ​បារាំង ប៉ុន្តែ​ពេលនេះ​គគ្រិច​មែនទែន ។ យុវជន​ស្ម័គ្រចិត្ត​របស់​យើង​មាន​ច្រើនណាស់ បើសិនជា​អាជ្ញាធរ​នៅ​តំបន់​នេះ គិតថា ពិបាកធ្វើ​ណាស់ អីចឹង​អាច​ពឹងពាក់​ពួក​ខ្ញុំ​បាន គឺ​ពួក​ខ្ញុំ​ចុះមក​ជួយ​រៀបចំ​ឲ្យ​បាន​ស្អាត​ដូចដើម​វិញ និង​អាច​ឈូស​វាល​ខ្យា​ច់​ដ៏​ស្រស់ស្អាត​របស់​យើង​នេះ ឲ្យ​ស្នើ​ស្អាត និង​ប្រមូល​សំរាម​ទាំងអស់នោះ​ចេញ ។ បើសិនជា អាជ្ញាធរ​គិតថា​ប៉​ប៉ុណ្ណឹង​ធ្វើ​អត់​កើត ។ ខ្ញុំ​ឃើញ​មាន​ជនបរទេស កាន់​កាមេរ៉ា​ដើរ​ថតរូប​ភាព អ៊ីចឹង​ខ្ញុំ​ចង់​សួរថា​តើ នៅពេលដែល​គាត់​បាន​យក​រូបថត​នោះ ទៅ​ផ្សព្វផ្សាយ​ដល់​ប្រទេស​គាត់​លើ​ឆាក​អន្តរជាតិ តើ​ពួកយើង​ជា​ខ្មែរ មាន​អារម្មណ៍​យ៉ាងម៉េច ខ្មាស​អត់​”​។

​រីឯ​បណ្តាញ​ទំនាក់ទំនង​សង្គម​ជាច្រើន​ទៀត ក៏បាន​បញ្ចេញ​នូវ​សារ​ផងដែរ ដូចជា​ថា ថែ​ឲ្យ​កូន​យើង​…! រលក​សមុទ្រ​បោក​ច្រាំង​ព្រោះ​ខ្យល់ ឆ្នេរ​ខ្សាច់​បន្សល់​ផ្តល់ជូន​ខេមរា ដំណើរ​កម្សាន្ត​ជួបជុំ​គ្រួសារ លំហែរ​កាយា​ក្រោយ​ការនឿយហត់​។​

​សមុទ្រ​ពីមុន​មិន​ខុស​ឥឡូវ ប្លែក​តែ​ដងផ្លូវ​ចិន​ច្រើន​ដេរដាស អគារ​ឈរ​ខ្ពស់​ផ្លូវ​ជួសជុល​ប៉ះ ខ្មែរ​បាត់​ឱកាស​ចិន​កើន​ទ្វេដង​។ ស្ពានថ្ម​ខ្ពស់​រឹង​ប្រឹង​ឈរ​ទ្រខ្មែរ កៀក​ដៃ​មិន​ប្រែ​ថែ​ឆ្នេរ​ឲ្យ​សុខ បើ​ដល់ដៃ​ចិន​ខ្មែរ​ច្បាស់​បាត់​មុខ រវល់​សោយសុខ​ជួល​ទ្រព្យ​ឲ្យ​ចិន​។​

​ភ្លៀង​អើយ​ធ្លាក់​មក​កុំ​ក្រែង​ចិ​ន្ថា លាងចិត្ត​ខេមរា​ឲ្យ​ភ្លឺ​ស្រឡះ ចេះ​ស្តាយ​ទឹកដី​ព្រៃ​ដែនអាកាស ប្រឹងប្រែង​ឲ្យ​ណាស់​ថែ​ឲ្យ​កូន​យើង​។​

​ចំណែក តារា​សម្តែង Un Sethea បាន​ចូលរួម​បញ្ចេញមតិ​នឹង​គេ​ដែរ​ថា “​តើ​យើង​ត្រូវ​បោះបង់​ខេត្ត​មួយ​នេះ ដោយ​មិនដឹង​ខ្លួន​ហើយ​ឬ​យ៉ាងម៉េច ? មាន​អារម្មណ៍​ថា​សោកស្តាយ​ខេត្ត​ដ៏​ស្រស់ស្អាត​នេះ​ណាស់​”​។​

​ផេ​ក Chea Yat បាន​លើកឡើងថា អាសូរ​ណាស់​តំបន់​ទេសចរណ៍​ដែល​ធ្លាប់មាន​មនុស្ស​កកកុញ បែរ​មកជា​កន្លែង​សំរាម​ទៅវិញ​។​

​ស្លុតចិត្ត​! ឆ្នេរ​អូរ​ឈើទាល​ដ៏​ស្រស់ស្អាត ក្លាយជា​ឆ្នេរ​ផ្ទុក​ទៅដោយ​សំរាម​ពាសពេញ​ឆ្នេរ ។ តាមរយៈ​រូបភាព​ជាច្រើន​សន្លឹក​ដែល​ត្រូវបាន​បង្ហោះ​ឡើង ដោយ​ម្ចាស់​គណនី​ឈ្មោះ Chea Yat ពីស​ភាព​ឆ្នេរសមុទ្រ​លេខ​១ របស់​កម្ពុជា​នៅ​ខេត្ត​ព្រះសីហនុ បានក្លាយ​ជាទី​តាំង​ចាក់សំរាម យ៉ាង​អាក្រក់​មើល ព្រម​ដោយសារ​ហួសចិត្ត​។​

​ស្របពេល​ឃើញ​រូបភាព​គំនរ​សម្រាម​តាម​មាត់​ឆ្នេរ​នេះ មជ្ឈដ្ឋាន​ក៏បាន​ចោទ​ជា​សំណួរ​ថា តើ​រដ្ឋាភិបាល​លោក​មានបាន​មើលឃើញ​បញ្ហា​ដែល​នាំ​ឲ្យ​ឈានដល់​កម្រិត​នេះ​ទេ បើ​គ្មាន​ការយកចិត្ត​ទុក្ខ​ដាក់​នោះ​ឆ្នេរ​សម្រស់​ល្អ​ឯក​មួយ​នេះ​នឹង​បាត់បង់​ជាក់​ជាមិនខាន​។​

​ក្នុងនោះ​ម្ចាស់​គណនី​ឈ្មោះ Kim Theng ក៏បាន​លើកឡើង​ដោយ​ពាក្យពេចន៍​មាន​ខ្លឹមសារ​ថា លទ្ធផល​ចង់បាន​ការអភិវឌ្ឍន៍​ពេក មុន​ពេលដែល​មនុស្ស​រៀ​ន​ចេះ​អភិវឌ្ឍន៍​ខ្លួនឯង​។ ជាមួយគ្នា​នោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក Hoeun Rith បាន​ថ្លែង​ដោយ​ភាព​មិនគួរ​ជឿ​បើ​ទោះ​ឃើញ​រូបភាព​ហើយ​ក្តី​ថា «​បើសិន​រូបនេះ​ពិតមែន គួរអោយ​សង្វេគ​ណាស់ ឆ្នេរសមុទ្រ​កម្ពុជា មិនគួរ​ដល់​ថ្នាក់​ហ្នឹង​សោះ​។​

រូបភាពឯកសារ

​ការបង្ហាញ​ទស្សនៈ​របស់​បណ្តាញ​សង្គម​ពេលនេះ បានធ្វើឱ្យ​ទស្សនិកជន​កាន់តែ​ព្រួយបារម្ភ​បន្ថែម ហើយ​មាន​អ្នកខ្លះ ក៏បាន​សម្ដែង​ការសោកស្តាយ និង​បញ្ចេញ​ប្រតិកម្ម​រិះគន់ មិន​សំចៃមាត់ ដោយ​ពួកគេ​បាន​អះអាងថា ខេត្ត​ព្រះសីហនុ ដែល​ជាទី​រមណីយដ្ឋាន​ដ៏​ផូរផង់ របស់​កម្ពុជា ត្រូវបាន​ផ្លាស់ប្ដូរ​ស្ទើរតែ​ទាំងស្រុង បន្ទាប់ពី​ប្រជាជន​ចិន ចាប់ផ្តើម​ចូលមក​រស់នៅ​ច្រើនឡើងៗ​ស្ទើរ​រាល់ថ្ងៃ​។​

​តែ​យ៉ាងណា នេះ​គ្រាន់តែ​ជាការ​និយាយ​តៗ​គ្នា ដោយ​មិនបាន​ទៅ​មើ​លពី​ស្ថានភាព​ជាក់ស្តែង​តែប៉ុណ្ណោះ ខណៈ​ឆ្នេរសមុទ្រ​កម្ពុជា បច្ចុប្បន្ន​នៅតែមាន​ទេសភាព​ស្រស់ស្អាត មាន​ភ្ញៀវ​ទេសចរណ៍​ទៅ​ដើរលេង​កម្សាន្ត​ជាធម្មតា ដូច​សព្វមួយដង​។ ប្រសិនបើ​ឆ្នេរសមុទ្រ​កម្ពុជា មាន​សំរាម​ដូចដែល អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លើកឡើង សួរថា តើ​អភិបាលខេត្ត និង​អ្នកគ្រប់គ្រង​កំពុង​ធ្វើ​អ្វី​? ផ្ទុយទៅវិញ អ្នកគ្រប់គ្រង​ខេត្ត​កំពុងតែ យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ​ថែរក្សា និង​អភិវឌ្ឍ​ឆ្នេរសមុទ្រ​មួយ​នេះ កាន់តែ​ទាក់ទាញ​បន្ថែមទៀត​។​

​ចំណែក​បុរស​ម្នាក់ ដែលជា​អ្នកបកប្រែ​ភាសា​ចិន កំពុង​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​មួយ បាន​បញ្ចេញមតិ​ប្រាប់​អ្នកសារព័ត៌មាន​ថា ឆ្នេរ​អូរ​ឈើទាល ត្រូវគេ​ដាក់​របង​ហ៊ុមព័ទ្ធ​មិន​ចូល​លេង​ទៀត​ទេ ហើយ​ឧបករណ៍ សម្ភារ​ជាច្រើន សម្រាប់​លេង​កម្សាន្ត ត្រូវបាន​គេ​ទុកចោល ក្នុង​កន្លែង​នោះ​ដដែល ដោយ​មិន​ទៅណា​ទេ គឺ​យកតែ​លុយ​ប៉ុណ្ណោះ ព្រោះ​គេ​ជួល​កន្លែង​ឲ្យ​ជនជាតិ​ចិន បាន​តម្លៃ​ថ្លៃ ទៅ​ខ្វល់​អី​នឹង​របស់របរ​ទាំងនោះ ទុកចោល​ទៅ ក៏​មិន​ខាតបង់​អ្វី​ដែរ ។​

​សូមបញ្ជាក់ថា លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានដាក់​ចេញ​អនុសាសន៍ និង​ស្នើសុំ​កិច្ចសហការ​ជាមួយ​រដ្ឋបាលខេត្ត​ជាប់​ឆ្នេរសមុទ្រ​ទាំង​៤ មាន​ខេត្ត​ព្រះសីហនុ កំពត កោះកុង និង​ខេត្ត​កែប ត្រូវបង្កើត​ឲ្យ​មាន​សួន​ទេសចរណ៍​ដ៏​ស្រស់បំព្រង គួរ​ជាទី​ទាក់ទាញ​ឲ្យ​បាន​គ្រប់ៗ​ខេត្ត ។ អនុសាសន៍​ថ្មី​នេះ ត្រូវបាន​លើកឡើង​ក្នុង​សិក្ខាសាលា​ស្តីពី វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ឆ្នេរសមុទ្រ​កម្ពុជា ក្នុងនាម​ជា​សមាជិក​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សកលលោក នា​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ឆ្នេរ​ឯករាជ្យ ខេត្ត​ព្រះសីហនុ ក្រោម​វត្តមាន​លោក​រដ្ឋមន្ត្រី ថោង ខុន និង​លោក Bruno Bodard អគ្គនាយក​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សកលលោក និង​មានការ​ចូលរួម​ពី​អភិបាល​-​អភិបាលរង​ខេត្ត​តំបន់ឆ្នេរ​ទាំង​៤ រួម​នឹង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​ផងដែរ​។ លោក​បាន​បន្ត​ដាក់​អនុសាសន៍​ទៀតថា វិស័យ​ឯកជន វិនិយោគិន​ទាំងអស់ ដែល​ទទួលបាន​កិច្ចសន្យា​សម្បទាន​ទេសចរណ៍​ពី​រាជរដ្ឋាភិបាល និង​បណ្តា​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ ដែលជា​អ្នកគ្រប់គ្រង​ឆ្នេរ ទាំង​ឆ្នេរ​ធម្មជាតិ ឆ្នេរ​កែច្នៃ ឆ្នេរ​កម្សាន្ត និង​ឆ្នេរ​តាម​កោះ​នានា ត្រូវ​ចូលរួម​ឱ្យបាន​សកម្ម​ក្នុង​ចលនា​ប្រឡងប្រណាំង​ឆ្នេរ​ស្អាត ហើយ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​សូចនាករ​ទាំងអស់ ពិសេស​ការរៀបចំ​ក្រុមការងារ​ទទួលបន្ទុក​គ្រប់គ្រង​ឆ្នេរសមុទ្រ ការគិតគូ​រលើ​ការគ្រប់គ្រង​សំណង់​រឹង និង​រាវ ព្រមទាំង​គុណភាព​ទឹកសមុទ្រ ការថែរក្សា​ភាព​ស្អាត ការបំពាក់​ធុងសំរាម​ដែលមាន​ការបែងចែក និង​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ នៅតាម​ទីតាំង​អាជីវកម្ម ដើម្បី​ជា​ប្រយោជន៍​ដល់​ការអភិវឌ្ឍ​តំបន់ឆ្នេរ​ប្រកបដោយ​និរន្តរភាព ការធានា​ដល់​ការរីកចម្រើន​ធុរកិច្ច​របស់ខ្លួន​ផង និង​សង្គមជាតិ​ទាំងមូល​ផង​។ លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​ពិភពលោក ជួយ​ជា​បច្ចេកទេស និង​ជា​ដៃគូ​ដល់​កម្ពុជា ក្នុង​រៀបចំ​បង្កើតជា​វេទិកា​រួមមួយ ដោយ​ចង​ជា​បណ្តាញ​អ្នកជំនាញ​ទេសចរណ៍ វិនិយោគិន​នៅ​ឆ្នេរសមុទ្រ​កម្ពុជា ប្រមូលផ្តុំ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឈរលើ​គោលការណ៍ 4P (Public-Private-People-Partnership) ដើម្បី​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​រួមគ្នា រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ សំដៅ​ធានា​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​នៅតាម​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​។ លើសពីនេះ ត្រូវ​បន្ត​ពង្រីក​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍ ឱ្យ​កាន់តែ​សម្បូរបែប​នៅតាម​ឆ្នេរសមុទ្រ​កម្ពុជា ៕ ​ដោយ​៖ រចនា

 

 

រូបភាពឯកសារ

រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ

រូបភាពឯកសារ

 

 

 

 

 

​ខាងក្រោម​នេះ ជា​វីដេអូ​ឃ្លី​ប បង្ហាញ​ពី​ឆ្នេរសមុទ្រ​កម្ពុជា នាពេល​បច្ចុប្បន្ន ពោរពេញ ដោយ​សំរាម និង​គ្មាន​អនាម័យ ដែល​ហ៊ុមព័ទ្ធ​ដោយ​របង​ស័ង្កសី​ ៖

spot_img
×