Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ក្រុមប្រឆាំង​តែងតែ​ដើរ​បោកប្រាស់ យកលុយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ រស់នៅ​ក្រៅប្រទេស តាមរយៈ​ការសន្យា​ផ្ដល់​តំណែង​

spot_img

​បុរី​ញូវយ៉ក ​៖ ​ក្នុងឱកាស​ស្នាក់នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក សហរដ្ឋអាមេរិក ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​រស់នៅក្នុង​សហរដ្ឋអាមេរិក និង​បងប្អូន​ខ្មែរ​មកពី​ប្រទេស​កាណាដា​។

​ក្នុង​ពិធី​សំណេះសំណាល​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានបង្ហាញ​នូវ​ក្តី​រីករាយ​ចំពោះ​វត្តមាន​បងប្អូន​ពលរ​ដ្ឋ​ខ្មែរ អាមេរិក និង​កាណាដា​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​នាពេលនេះ ហើយ​នេះ​គឺជា​ការគាំទ្រ​ចំពោះ​ដំណើរ​មកកាន់​ទឹកដី​សហរដ្ឋ​មេ​រិ​ក​របស់​សម្តេច​នាពេលនេះ​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​សំដែង​នូវ​ការអបអរសាទរ និង​មោទនភាព​ចំពោះ​ប្រទេស​កម្ពុជា​ដែល​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ និង​អរគុណ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព​តាមរយៈ​ការបោះឆ្នោត​ជូន​ដល់​គណបក្ស​ប្រជាជន​កម្ពុជា និង​អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​សហរដ្ឋអាមេរិក និង​កាណាដា​ដែល​តែងតែ​ចូលរួម​គាំទ្រ​ចំពោះ​ការដឹកនាំ​របស់​សម្ដេច​កន្លងមក​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​កន្លងមក​ក្រុមប្រឆាំង​តែងតែ​កេងចំណេញ​ខាង​នយោបាយ តាមរយៈ​ការវាយប្រហារ លើ​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​តម្លៃ​កសិផល ដោយពេល​ទៅ​ជួប​អាជីវករ សន្យា​បញ្ចុះតម្លៃ​កសិផល តែ​ពេល​ជួប​កសិករ សន្យា​ដំឡើងថ្លៃ​កសិផល​ទៅវិញ​។ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើងថា ក្រុមប្រឆាំង​តែងតែ​ដើរ​បោកប្រាស់ យកលុយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ រស់នៅ​ក្រៅប្រទេស តាមរយៈ​ការសន្យា​ផ្ដល់​តំណែង ពេល​ឈ្នះឆ្នោត ប៉ុន្តែ​នេះ​ជាការ​ភូតភរ​កុហក​សុទ្ធសាត​។

​សម្តេច​តេ​ជោ​បន្តថា ស្របពេល​ដាក់ចេញ នូវ​គោលនយោបាយ ប្រមូល​ពន្ធ​ឲ្យ​បាន​កាន់តែច្រើន​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​បញ្ជាក់​ជាថ្មី​ម្ដង​ទៀតថា ដរាបណា​សម្ដេច​នៅ​បន្ត​កាន់តំណែង ជា​នាយករដ្ឋមន្ត្រី នឹងមិន​យកពន្ធ​លើដី​ធ្លី និង​ស្រែចម្ការ ដែល​ប្រជាពលរដ្ឋ កំពុង​អាស្រ័យ​ផល​ជាដាច់ខាត​។​

​សម្ដេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​អំពី​គោលនយោបាយ​ថ្មីៗ​ដែល​សម្តេច​បានលើកឡើង​ជាពិសេស​សម្តេច​បាន​អនុវត្ត​មុនគេ​គឺ​គោលនយោបាយ​គាំពារ​សង្គម ដែល​ថ្មីៗ​នេះ​បានចាប់ផ្ដើម​អនុវត្ត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ គឺ​ស្ត្រី​កម្មការិនី​មាន​ផ្ទៃពោះ​ពេល​សម្រាលកូន​ត្រូវ​ទទួលបាន​ថវិកា​ពី​រដ្ឋ​ចំនួន ៤០ ម៉ឺន​រៀល​ហើយ​ក្នុងនោះ​ក៏បាន​អនុវត្ត​ចំពោះ​ស្ត្រី​ដែលជា​មន្ត្រីរាជការ​ផងដែរ លើសពីនេះ​សម្ដេច​ក៏បាន​ជំរុញ​ឲ្យ​ក្រសួងសុខាភិបាល​ធ្វើការ​តាមដាន​ពិនិត្យមើល​ឲ្យ​បាន​ដិតដល់​ចំពោះ​ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​នេះ​ធ្វើយ៉ាងណា​ឲ្យ​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភា​ព​ងាយស្រួល​។​

​ទាក់ទង​នឹង​ស្ថានភាព​ទឹកជំនន់​នៅ​កម្ពុជា សម្តេច​បាន​មានប្រសាសន៍ថា ក្រោយ​ទទួល​បានការ ព្យាករណ៍​កម្ពស់​ទឹកទន្លេ ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា កម្ពស់​ទឹកទន្លេ​ឆ្នាំនេះ អាចមាន​កម្ពស់​ជាង​៦​ម៉ែត្រ ដែល​កម្រិត​នេះ​សមល្មម សម្រាប់​រៀបចំ​ពិធីបុណ្យ​អុំទូក ដែល​គ្រោង​នឹងធ្វើ​ឡើង ចាប់ពី​ថ្ងៃទី ២១-២២-២៣ ខែវិច្ឆិកា ខាងមុខ​។​

​ឆ្លើយតប​ចំពោះ​ការ​លើកឡើងថា កម្ពុជា​បាត់បង់​ព្រៃឈើ ជា​បន្តបន្ទាប់​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ទទួលស្គាល់ថា ពិត​ជាមាន​ចោរលួច​កាប់​ព្រៃឈើ តែ​ដី​ព្រៃឈើ ដែល​បាត់បង់​នោះ ត្រូវបាន​ជំនួស​មកវិញ ដោយ​ចម្ការកៅស៊ូ និង​ដំណាំ​ផ្សេងៗ​ទៀត​។ សម្ដេច​តេ​ជោ​ក៏បាន​បញ្ជាក់ថា​ផងដែរ​ថា សម្ដេច​ស្អប់​ខ្លាំងណាស់ ចំពោះ​ក្រុម​ចោរលួច​កាប់​ព្រៃឈើ ហើយ​សម្ដេច​ក៏បាន​បញ្ជា​ឲ្យ​មាន ការតាមដាន និង​ព្រមាន​ចាប់​ក្រុមចោរ​ទាំងនោះ​ផងដែរ​។

​មុននឹង​បញ្ចប់​នៃ​ពិធី​សំណេះសំណាល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន​ជូនពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង ក៏ដូចជា​ខ្មែរ​កាណាដា​ទាំងអស់​សូម​ជួបតែ​សេចក្តីសុខ ចំរើន ៕ ដោយ ​៖​ កូ​ឡាប​

spot_img
×