Tuesday, June 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវបណ្ឌិត បានមានប្រសាសន៍សង្កត់ធ្ងន់ថា សម្រាប់កុមារ សន្តិភាព គឺជាសុវត្ថិភាពនៅក្នុងគ្រួសារ និងជាឱកាសដែលកុមារអាចបានទៅសាលារៀន ជាស្នាមញញឹម

រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រកាសតែងតាំងទូតសុឆន្ទៈយូនីសេហ្វប្រចាំកម្ពុជា និងអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ដែលរៀបចំឡើងដោយ អង្គការយូនីសេហ្វ (UNICEF) ប្រចាំប្រទេសកម្ពុជា ក្រោមប្រធានបទ “រួមគ្នាដើម្បីកុមារគ្រប់រូប” នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។

ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះការរៀបចំខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១មិថុនា, ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារកុមារ”។

បន្ថែមពីនេះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរជូនអង្គការយូនីសេហ្វ (UNICEF) ប្រចាំប្រទេសកម្ពុជា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ក្នុងការគាំទ្រដល់សុខភាព អាហារូបត្ថម្ភ ការអប់រំ ការការពារ ទឹកស្អាត អនាម័យ និងសុខុមាលភាពរបស់កុមារ។ ជាលទ្ធផល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កុមារជាច្រើនទទួលបានឱកាសរៀនសូត្រ សេវាសុខភាពល្អ និងការយកចិត្តទុកដាក់យ៉ាងដិតដល់។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍សង្កត់ធ្ងន់ថា សម្រាប់កុមារ សន្តិភាព គឺជាសុវត្ថិភាពនៅក្នុងគ្រួសារ និងជាឱកាសដែលកុមារអាចបានទៅសាលារៀន ជាស្នាមញញឹម ជាការលូតលាស់ដោយគ្មានការភ័យខ្លាច និងជាក្តីសង្ឃឹមសម្រាប់អនាគត។ ជាក់ស្តែង ផលវិបាកនៃសង្គ្រាមដែលកើតឡើងនាពេលកន្លងមកបាននាំឱ្យកុមារកម្ពុជាជាច្រើនត្រូវព្រាត់គ្រួសារ បាត់បង់លំនៅឋាន សាលារៀន សេវាសាធារណៈនានា ដែលធ្វើឱ្យឱកាសរស់របស់កុមាររងគ្រោះត្រូវកាត់ផ្តាច់យ៉ាងធំធេង។រក្សាសិទ្ធដោយ៖សុទ្ធលី

×