Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណនី Facebook របស់​អ្នក​ប្រើ មិនតិច​ជាង​៥០​លាន​គណនី​ត្រូវ​ចោរ​បន្លំ​ចូល​

spot_img

កាលពី​ថ្ងៃ​សុក្រ ទី​២៨​កញ្ញា លោក Mark Zuckerberg អគ្គនាយក​នៃ​អាណាចក្រ​បណ្តាញ​សង្គម​នេះ បានប្រកាសថា Facebook ទើបតែ​ត្រូវបាន រង​នូវ​ការចូល​បន្លំ​លុកលុយ ពី​សំណាក់​ចោរ​ព័ត៌មានវិទ្យា​។ មាន​គណនី​Facebook យ៉ាងហោចណាស់ ៥០​លាន​គណនី ដែល​ត្រូវបាន​ចោរ​ព័ត៌មានវិទ្យា បន្លំ​ចូល និង​ប្រើប្រាស់​។ ក្រុមហ៊ុន​Facebook បានធ្វើការ​សូមទោស ទៅ​ដល់​អ្នកប្រើប្រាស់​ទាំង​អស់ ហើយ​បាន​សន្យា បំពេញ​កង្វះ​ខាត ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​នេះ​ឲ្យបាន​។​

តាម​លោក Mark Zuckerberg ប្រកាស​ទទួលស្គាល់​ថា គណនី​អ្នកប្រើប្រាស់​Facebook ប្រមាណ​៥០​លាន​គណនី ត្រូវបាន​ចោរ​ព័ត៌មានវិទ្យា ចូល​បន្លំ ប្រើប្រាស់​។ អ្នកជំនាញ​Facebook បាន​រកឃើញ​បញ្ហា​នេះ តាំងតែ​ពី​ថ្ងៃ អង្គារ​ទី​២៥ កញ្ញា​ម្លេះ​។ ក្រោយមក​អ្នកជំនាញ​Facebook បាន​ធ្វើ​ការទប់ស្កាត់ រារាំង នឹង​បាន​ដោះស្រាយ ស្រង់​គណនី​ទាំងនោះ​មក​វិញ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​កញ្ញា​។ នេះ​ជា​យុទ្ធសាស្ត្រ របស់ Facebook គឺ​គេ​មិន​ប្រកាស​ភ្លាមៗ ស្តីពី​សកម្មភាព​ចោរ​ចូលលុកលុយ​នេះ​ទេ គឺ​គេ​ចាំ​ដោះស្រាយ​បិទ​ខ្ទប់​រួចរាល់​សិន ចាំ​គេ​ប្រកាស​ឲ្យដឹង​ជា​សាធារណៈ​។​

បើ​តាម​ការពន្យល់ ពី​លោក Guy Rosen អ្នកជំនាញ​ម្នាក់​របស់ Facebook បានឲ្យដឹងថា គឺ​ចោរ​ទុច្ចរិត បាន​ឆ្លៀត​ប្រើ​ចំណុច​ខ្វះចន្លោះ ដ៏​តូច​មួយ​របស់​Facebook ដើម្បី​យក​ទៅប្រើ ធ្វើ​ជា​ច្រក​ចេញចូល ឈាន​ទៅ​គ្រប់គ្រង​គណនី​របស់​អ្នកប្រើប្រាស់​។ ចំណុច​ខ្វះ​ចន្លោះ​នោះ គឺ​ចោរ​ព័ត៌មានវិទ្យា បាន​ប្រើ ជម្រើស​មួយ​ដែល​អ្នកប្រើប្រាស់​Facebook អាចធ្វើ​បាន តាមរយៈ​ការប្រកាស​ខ្លួន​ជា​អ្នក​ដ៏​ទៃ ហើយ​ចូល​មក​មើល​គណនី​របស់​ខ្លួន ខ្លួនឯង​។​

គណនី​ដែល​ត្រូវ​ចោរ​ព័ត៌មានវិទ្យា ចូល​ទៅ​គ្រប់គ្រង​បាន មាន​ប្រហែល​៥០​លាន​គណនី​។ មានន័យ​ថា ព័ត៌មាន​ទិនន្ន័យ​ផ្ទាល់​ខ្លួន​ទាំងអស់ ដែល​មាន​នៅក្នុង​គណនី​ទាំងនេះ មានដូចជា​លេខ​ទូរស័ព្ទ លេខ​គណនី​ធនាគារ រូបថត តារាង​ឈ្មោះ​មិត្ត​ភក្ត្រ ព្រមទាំង​សារ​ឆ្លងឆ្លើយ​នានា ទាំងអស់ គឺ​អាច​ត្រូវបាន ចោរ​ព័ត៌មានវិទ្យា បូម​យក​។​

យ៉ាងនេះក្តី តំណាង​របស់ Facebook បាន​អះអាង​ថា ឆ្លងកាត់​ការស្រាវជ្រាវ​៣​ថ្ងៃ​មក​នេះ គឺ​គេ​ហាក់ដូចជា​មិន​ឃើញ​ថា ជន​ទុច្ចរិត បាន​គ្រប់គ្រង​គណនី​ទាំងនោះ ដើម្បី​ក្នុង​គោលបំណង ធ្វើ​ការចុះផ្សាយ​សារ​បន្លំ​បោកប្រាស់ ដោយ​ម្ចាស់​គណនី​ផ្ទាល់ មិន​បានដឹង​រឿង​នោះទេ​។ ចំណែក​ទិនន្ន័យ​សំងាត់ របស់​អ្នកប្រើប្រាស់ ដូចជា​លេខ​សំងាត់ លេខ​កូដ​បណ្ណធ​នាគា ឬ​លេខ​គណនី​ធនាគារ​ជាដើម ក៏​មិន​បាន​ត្រូវ​គេ​ចូល​លួច​យក​ដែរ​។​

​អ្នកជំនាញ Facebook បាន​បន្ត​បញ្ជាក់ថា គេ​កំពុង​ធ្វើការ​ជាមួយ​ក្រុមការងារ FBI ដើម្បី​កំណត់​មុខសញ្ញា ប្រភព​របស់​ចោរ​ព័ត៌មានវិទ្យា ដែល​បង្ក​បញ្ហា​នេះ​។ សម្រាប់​ពេល​នេះ Facebook បាន​បិត ចោល​ជម្រើស “​បើក​មើល​ទំព័រ​ខ្លួនឯង ក្នុងនាម​ជា​អ្នក​ដ៏​ទៃ​”​នេះ ដើម្បី​បិទ​ផ្លូវ កុំ​ឲ្យមាន​ការបន្លំ​ចូល​មក​របស់​ចោរ​ព័ត៌មានវិទ្យា​។ ចំណែក​គណនី​ទាំង​៥០​លាន​នោះ ត្រូវបាន​អុ្នកជំនាញ Facebook ធ្វើដំណើរ​ការចាប់ផ្តើម​ឡើងវិញ ដើម្បី​ស្រង់​គណនី​ទាំងនោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ Facebook បាន​ធ្វើដំណើរ​ការចាប់​ផ្តើម​ឡើងវិញ លើ​គណនី​៤០​លាន​ផ្សេងទៀត ដើម្បី​ការពារ​ក្រែង គណនី​ទាំងនោះ ត្រូវបាន​ចោរ​ចូល​ទៅ​លួច​ដែរ​។ អញ្ចឹង​សរុប​ទាំងអស់ គឺ​មាន​គណនី​ដែល​ពាក់ព័ន្ធ ប្រមាណ​៩០​លាន​គណនី​។​

រឿង​អាស្រូវ​ដែល Facebook បាន​បណ្តោយឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ ឈ្មោះ Cambridge Analytica ចូល​មក​ប្រមូល​ទិនន្ន័យ​ផ្ទាល់ខ្លួន របស់​អ្នកប្រើប្រាស់ ដល់​ទៅ​៨៧​លាន​គណនី​កាលពី​ខែ​មីនា​បាន​ធ្វើឲ្យ Facebook ខាត​ប្រាក់​ប្រមាណ​៨​ពាន់​លាន​ដុល្លារ​។​

​ករណីនេះ មិនមែន​Facebook មាន​ការខ្វះចន្លោះ​ផ្នែក​បច្ចេកទេស​ទេ គឺ Facebook បើកទ្វារ​ចំហរ ឲ្យ​ក្រុមហ៊ុន​នេះ​តែម្តង​។ ទិនន្ន័យ​ដែល Cambridge Analytica បាន​ប្រមូល​បាន គឺ​ក្រុមហ៊ុន​នេះ​យក​ទៅ​លក់​បន្ត ឲ្យ​អ្នក​ផ្សេង មាន​ក្រុមហ៊ុន​ឯកជន​ផ្សាយពាណិជ្ជកម្ម ព្រមទាំង​ចារកិច្ច​សម្ងាត់ របស់​បរទេស ដែល​ចង់​ប្រើ​វិធី បំផុសបំផុល បង្វក់​ស្មារតី និង​បង្វែរ​ការយល់ឃើញ​របស់​មនុស្ស នៅលើ Facebook​។ សម្រាប់​អ្នក​ប្រើ Facebook ដែល​រងគ្រោះ គឺ​គេ​មាន​អារម្មណ៍ មិន​ខុស​ពី Facebook ក្បត់​សេចក្តីទុកចិត្ត​របស់​គេ​ទេ​។

​ចំនួន​អ្នក​ប្រើ​Facebook ក៏​បាន​ធ្លាក់ចុះ​ដែរ បើ​តាម​តួលេខ​ផ្លូវការ​របស់​ក្រុមហ៊ុន​នេះ កាលពី​ខែ​កក្កដា​។ ការចូល​មក​ប្រើ Facebook កាន់តែ​ថយចុះ មានន័យ​ថា ចំណូល​បាន​មក​ពី​ការផ្សាយពាណិជ្ជកម្ម ក៏​ថយចុះ​ដែរ​។ ឥឡូវ​បន្ថែម​បញ្ហា​ថ្មី​នេះ​មួយ​ទៀត​។ គ្រាន់តែ​ដំណឹង​ធ្លាយ​ថា Facebook ត្រូវ​ចោរ​ព័ត៌មានវិទ្យា​បន្លំ​ចូល​បាន ក្នុង​ថ្ងៃ​សុក្រ ទី​២៨​កញ្ញា តម្លៃ​ភាគហ៊ុន​របស់ Facebook បាន​ធ្លាក់ចុះ​ជិត​៣% ទៅហើយ​។​

Facebook ក៏​កំពុង​មាន​វិបត្តិ​ផ្ទៃក្នុង ក្រោយ​ការ​ដើរចេញ ឈប់​សហការ របស់​ស្ថាបនិក Instagram ទាំង​២​នាក់ ព្រមទាំង​អ្នក​ទទួលខុសត្រូវ​ធំៗ​មួយចំនួនទៀត របស់​Facebook​។ បើ​តាម​ការចុះផ្សាយ របស់​កាសែត​អាមេរិក​ជាច្រើន បាន​លើកឡើង​ថា វិបត្តិ​គឺ​កើតចេញ​ពី​ភាព​មិន​ចុះសម្រុង​គ្នា ពោល​គឺ​លោក Mark Zuckerberg មិន​ស្តាប់​គេ គិតតែ​បង្ខំ​អ្នកផ្សេង ឲ្យធ្វើតាម​ការយល់ឃើញ​របស់ខ្លួន តែ​ម្នាក់​។​

ចន្លោះ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា ម្តង​ហើយ​ម្តង​ទៀត​នេះ គឺជា​សញ្ញា​ប្រាប់​ថា បណ្តាញ​សង្គម​ដ៏​ធំ និង​ដ៏​ស្មុគស្មាញ​មួយ​នេះ មិនមែន​មាន​កំផែង​ថ្ម មក​ការពារ មិន​ឲ្យ​ជន​ទុច្ចរិត​ចូល​មក​បាន​នោះ​ទេ​។ តោង​យើង​អ្នកប្រើប្រាស់​ម្នាក់ៗ ត្រូវ​យល់​ថា អ្វី​ដែល​យើង​សរសេរ អ្វី​ដែល​យើង​ដាក់​លើ Facebook ទាំងអស់ មិន​ថា​រូបថត សារ​ជា​សំលេង សារ​ជា​អក្សរ លេខ​ទូរស័ព្ទ លេខ​ធនាគារ ទាំងអស់នេះ គឺ​អាច​ត្រូវ​អ្នក​ដ៏​ទៃ​ដឹង និង​ទំលាយ​ចេញ​ទាំង​អស់ នៅ​ថ្ងៃ​ណាមួយ​។ Facebook យក​គណនី​របស់​អ្នកប្រើប្រាស់​ម្នាក់ៗ ទៅ​រកស៊ី​។ បើ​Facebook មិន​ធ្វើ​ខ្លួនឯង ក៏​ជន​ទុច្ចរិត អាចធ្វើ​បាន​ដែរ ព្រោះថា​បច្ចេកវិទ្យា ទោះ​ជឿនលឿន រឹងមាំ​យ៉ាងណា ក៏​នៅតែ​មាន​ចំណុច​ប្រហោង ខ្វះចន្លោះ​ដែរ​៕​ សូ​យ​ន​

spot_img
×