Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទី​រួម​ខេត្ត​កោះកុង និង​តារា​សាគរ ត្រៀម​ចាំ​ទទួលភ្ញៀវ​ទេសចរ​ក្នុង​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៨

spot_img

កោះកុង​ ៖ ចំណុច​ពិសេស​សម្រាប់​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ នៅ​ខេត្ត​កោះកុង ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ មិន​ត្រឹមតែ​ធ្វើឡើង​នៅ​ទី​រួម​ខេត្តកោះកុង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នឹង​ត្រូវ​រៀបចំ​មួយ​ផ្នែក​ទៀត នៅ​រមណីយដ្ឋាន​វិស្សមកាល​តារា​សាគរ ដែល​មាន​ទីតាំង​នៅ​ជាប់​ឆ្នេរសមុទ្រ នៃ​ស្រុក​បទុម​សាគរ ខេត្តកោះកុង​ផងដែរ​។​

​ជា​កិត្តិយស​សម្រាប់​ខេត្ត​កោះកុង ដែល​ពិធី​បុណ្យ​សមុទ្រ​លើក​នេះ នឹង​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​

​ក្នុង​កិច្ចប្រជុំ​លើក​ទី​២ នៃ​ការត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង នៅ​សាលា​ខេត្តកោះកុង នា​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា​នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ រួមជាមួយ​លោក​ជំទាវ មិថុនា ភូថ​ង អភិបាល​ខេត្ត​កោះកុង បានបញ្ជាក់​ថា ទី​រួម​ខេត្ត​កោះកុង និង​តារា​សាគរ បាន​និង​កំពុង​រៀបចំ​ការងារ​ជាច្រើន​ក្នុង​ការត្រៀមខ្លួន​ទទួល​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ក្នុង​ឱកាស​ពិធី​បុណ្យ​សមុទ្រ នា​ចុងឆ្នាំ​២០១៨ ខាងមុខនេះ​។​

​កិច្ចប្រជុំ​ខាងលើ​នេះ ធ្វើឡើង​ក្រោយពេល​រាជរដ្ឋាភិបាល​ចេញ​សេចក្ដីសម្រេច ស្ដីពី​ការបង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំ​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​ឆ្នេរ​ស្អាត ពលរដ្ឋ​រមណីយ​» ដែល​មាន​ឯកឧត្តម ថោង ខុន ជា​ប្រធាន និង​លោកជំទាវ មិថុនា ភូថ​ង ជា​អនុប្រធាន​អចិន្ត្រៃយ៍​។​

​ក្នុង​កិច្ចប្រជុំ​នេះ គណៈអធិបតី​បាន​ផ្ដល់​អនុសាសន៍​ណែនាំ​ជាច្រើន​ដល់​លេខាធិការដ្ឋាន​-​អនុគណៈកម្មកា​រទាំង​៦ ត្រូវ​រៀបចំ​ទីតាំង​ប្រារព្ធ​ពិធី​ផ្សេងៗ ដូចជា ទីតាំង​រត់ប្រណាំង​កម្សាន្ត កីឡា Triathlon កីឡា​ប្រណាំង​កង់ កីឡា​ចំបាប់​បុរាណ កីឡាប្រដាល់​គុន​ខ្មែរ កីឡា Jet-Ski កីឡា​ទូកក្តោង Sailing ក្បួនព្យុហយាត្រា​ផែន​កីឡា ស្ដង់​ពិព័រណ៍ កម្មវិធី​ដាំ​កូនឈើ ឆាក​តន្ត្រី សិល្បៈ សិក្ខាសាលា​ជា​ដើម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្ត និង​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង ត្រូវ​ខិតខំ​បំពេញ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ពន្លឿន​ឲ្យទាន់ពេល​បុណ្យ​សមុទ្រ ទាំង​ផ្នែក​ស្នាក់នៅ អនាម័យ គុណភាព​ចំណីអាហារ ពិសេស​ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​បង្គន់​អនាម័យ បញ្ហា​សំរាម ដាច់ខាត​មិន​ត្រូវ​ឱ្យមាន​សំរាម ឬ​ក្រដាស​ក្រោម​តុ​នៅ​តាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ពិសេស ត្រូវ​រៀបចំ​ខ្សែ​ទស្សនកិច្ច​នៅ​តាម​រមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍ ដូចជា​ជី​ផាត អា​រ៉ែ​ង តា​តៃ ពាម​ក្រសោប​ជាដើម​។​

​ឯកឧត្តម​បាន​ស្នើ​ឱ្យ​រដ្ឋបាល​ខេត្ត​ធ្វើ​ផ្ទាំង​ផ្សព្វផ្សាយ​ពិធីបុណ្យ​សមុទ្រ​មួយ នៅត្រង់​ផ្លូវបំបែក​ស្រែអំបិល និង​ធ្វើ​សួនច្បារ​រង្វង់​មូល​នៅ​ទីនោះ​ផងដែរ​។ ម្យ៉ាងទៀត រដ្ឋបាល​ខេត្ត​ក៏​ត្រូវ​សហការ​ជាមួយ​រមណីយដ្ឋាន​វិស្សមកាល​តារា​សាគរ រៀបចំ​តុបតែង​សួន​ផ្កា និង​ភ្លើង​បំភ្លឺ​នៅ​ជុំវិញ​រូបសំណាក់​ព្រឹទ្ធាចារ្យ សាយ ភូថ​ង (​ផ្លូវ​ទៅ​កាន់​រមនីយដ្ឋាន​វិស្សមកាល​តារា​សាគរ​) ឲ្យបាន​ល្អ​។​

​ឯកឧត្តម​ក៏បាន​លើកឡើង​ពី​ការដោះស្រាយ​បញ្ហា​ផ្លូវ​ធ្វើដំណើរ​មក​ខេត្ត​កោះកុង​នេះ​ផង​ដែរ ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានបញ្ជាក់​ថា​នឹង​ពន្លឿន​ការងារ​ជួសជុល​ផ្លូវ​ឲ្យបាន​ទាន់​ពេលវេលា​។ ចំណែក​បញ្ហា​ស្នាក់នៅ ភាគី​កម្ពុជា​ក៏​បាន​សហការ​ជាមួយ​ភាគី​ថៃ ដើម្បី​រៀបចំ​កន្លែង​ស្នាក់​នៅ​ជូន​ភ្ញៀវ​ឲ្យបាន​គ្រប់គ្រាន់ ហើយ​ភ្ញៀវទេសចរ​ក៏​អាច​ឆ្លង​ទៅ​ទស្សនា​នៅ​ខេត្ត​ត្រាត ប្រទេស​ថៃ​ផងដែរ​។​

​ឯកឧត្តម​បន្តថា បញ្ហា​ស្នាក់នៅ ម្ហូបអាហារ​នៅតាម​ភោជនី​ដ្ឋា​ន អាហា​រដ្ឋា​ន បដិសណ្ឋារកិច្ច សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ការធ្វើដំណើរ​របស់​ភ្ញៀវ​ជាដើម សុទ្ធតែ​ត្រូវបាន​យកចិត្តទុកដាក់ ដើម្បី​ធានា​ជូន​ភ្ញៀវ​ទេសចរ ឱ្យ​ទទួលបាន​នូវ​ភាពសប្បាយ​រីករាយ​លើស​ពី​ពិធី​បុណ្យ​សមុទ្រ​មុនៗ​។​

​ឯកឧត្តម ថោង ខុន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ ថា «​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង​លើក​នេះ មាន​ភាព​ពិសេស​លើស​ពី​លើក​មុន នោះ​គឺ​មាន​ទាំង​ការរៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​នានា នៅ​ទី​រួម​ខេត្តកោះកុង​ផង និង​មាន​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយកូនគោល​ពានរង្វាន់ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ដើម្បី​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​ផងដែរ​»​។​

​ចំណែកឯ​លោក​ជំទាវ មិថុនា ភូថ​ង ក៏​បានឲ្យ​ដឹង​ដែរថា មក​ពេល​នេះ រដ្ឋបាល​ខេត្ត​កោះកុង និង​មន្ទីរ​ពាក់ព័ន្ធ​នានា បាននិងកំពុង​ញាប់ដៃ​ញាប់ជើង​ក្នុង​ការអនុវត្ត​ការងារ​នានា ដើម្បី​តៀម​ឲ្យទាន់​ពេលវេលា​ពិធីបុណ្យ​សមុទ្រ​មកដល់​។​

​លោ​កំទា​វជ​អភិបាល​ខេត្ត​ក៏​បាន​ធានា​ជូន​ពី​បញ្ហា​សន្តិសុខ​សណ្ដាប់ និង​ការសម្រួល​ដោះស្រាយ​បញ្ហា​នានា ជូន​ភ្ញៀវទេសចរ​ដែល​ឆ្លង​ទៅ​ទស្សនា​នៅ​ប្រទេស​ថៃ ហើយ​ភ្ញៀវ​ពី​ថៃ​ក៏​អាច​មក​ទស្សនា​ខេត្ត​កោះកុង ក្នុង​ឱកាស​ពិធី​បុណ្យ​សមុទ្រ​ខាងមុខ​ផងដែរ​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×