Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​កំពូល​បដិសេធ​ការផ្ដន្ទាទោស​លើ​អតីតមន្ត្រី​សិទ្ធិមនុស្ស​

spot_img

​ភ្នំពេញ ​៖ នា​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨​នេះ តុលាការ​កំពូល បាន​បដិសេធ​លើ​ការផ្ដន្ទាទោស​លោក នី ចរិយា អតីតមន្ត្រី​សិទ្ធិមនុស្ស ពី​បទ​បរិហារកេរ្តិ៍ និង​តម្រូវ​ឱ្យ​យក​ករណីនេះ ទៅ​ជំនុំជម្រះ​សារជាថ្មី នៅ​សាលាឧទ្ធរណ៍​វិញ ដោយ​ផ្អែក​លើ​ភាពខ្វះខាត​នៃ​ភ័ស្តុតាង​។ ករណីនេះ គឺជា​ករណី​ថ្មី នៃ​ការប្រើប្រាស់​ក្រមព្រហ្មទណ្ឌ ដើម្បី​ផ្ដន្ទាទោស​អ្នក​រិះគន់ ចំពោះ​សេចក្ដីសម្រេច​របស់​តុលាការ។​

​បើ​តាម​ការផ្សាយ​របស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស (​លីកាដូ – LICADHO) បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ អតីត​បុគ្គលិក​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (​អាដហុក​) ដែល​បច្ចុប្បន្ន​ជា​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ត្រូវបាន សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគា​រ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៦​លាន​រៀល ពី​បទ​បរិហារកេរ្តិ៍ បទ​ប្ដឹង​បរិហារ​បង្កាច់​កេរ្តិ៍ និង​បទ​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ ដើម្បី​ធ្វើ​សម្ពាធ​លើ​យុត្តា​ធិការ (​មាត្រា​៣០៥ មាត្រា​៣១១ និង​មាត្រា​៥២២ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​) ។​

​លោក នី ចរិយា ត្រូវបាន​ចោទប្រកាន់ តាម​បណ្ដឹង​របស់​ចៅក្រម​ស៊ើបសួរ​ម្នាក់ និង​ព្រះរាជអាជ្ញារង​ម្នាក់ នៃ​សាលាដំបូង​ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​ការអត្ថាធិប្បាយ​របស់​លោក ដែល​បាន​ធ្វើឡើង នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន​ចំនួន​ពីរ កាលពី​ខែ​ឧសភា ឆ្នាំ​២០១៥ ដើម្បី​ស្នើសុំ​ឱ្យ​មាន​ការស៊ើបអង្កេត ទៅលើ​ភាពមិនប្រក្រតី​ផ្នែក​ផ្លូវច្បាប់ ជុំវិញ​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​មួយ ក៏ដូចជា​ស្នើសុំ​ឱ្យមាន​ការដោះលែង​ជនរងគ្រោះ​នៃ​ការរំលោភ​សិទ្ធិ​ដីធ្លី​ចំនួន​ពីរ​នាក់ ដែល​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​។​

​ការផ្ដន្ទាទោស​នេះ ត្រូវបាន​សាលា​ឧទ្ធរណ៍ សម្រេច​តម្ដល់ទុក ជា​បានការ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៦​។​

​ទោះបីជា​យ៉ាងណា តុលាការ​កំពូល​ពេលនេះ បាន​រកឃើញថា សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ មិន​បាន​ផ្ដល់​ភ័ស្តុតាង​គ្រប់គ្រាន់​ថា​តើ លោក នី ចរិយា ពិតជា​បាន​ធ្វើ​ការអត្ថាធិប្បាយ​បែប​នោះ​មែន ឬ​យ៉ាងណា​។​

​នៅ​មាន​ភាពមិនប្រក្រតី​ជាច្រើន​ទៀត ក្នុង​ដំណើរការ​សវនាការ​។ ភាគី​ដើម​បណ្ដឹងរដ្ឋប្បវេណី និង​មេធាវី របស់​អ្នក​ទាំងនោះ មិន​បាន​បង្ហាញ​វត្តមាន​ក្នុង​សវនាការ នៅ​តុលាការ​កំពូល​ទេ ដែល​ធ្វើឱ្យ​ភាគី​ជន​ត្រូវ​ចោទ គ្មាន​ឱកាស​ជជីក​សួរដេញដោល អ្នក​ទាំងនោះ​បាន ដែល​ដូចគ្នា ទៅ​នឹង​សវនាការ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ​។ សិទ្ធិ​របស់​លោក នី ចរិយា ក្នុង​ការត្រៀមខ្លួន និង​ការការពារ​ក្ដី សម្រាប់​ការជំនុំជម្រះ​លើកដំបូង និង​ការជំនុំជម្រះ​នៅ​សាលាឧទ្ធរណ៍ ក៏​ត្រូវ​បាន​រឹតត្បិត​ផងដែរ ខណៈ​ដែល​ពេលនោះ លោក​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន ក្នុង​ពន្ធនាគារ​រង់ចាំ​សវនាការ ដោយ​រង​ការចោទប្រកាន់ ពីបទ សមគំនិត​សូកប៉ាន់​សាក្សី នៅ​ក្នុង​រឿងក្ដី​ផ្សេង​មួយទៀត​។​

​សង្គម​ស៊ីវិល​បាន​ជំទាស់ ទៅ​នឹង​មាត្រា​៥២២ នៃ​ក្រម​ព្រហ្មទណ្ឌ (​បទ​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ ដើម្បី​ធ្វើ​សម្ពាធ​លើ​យុត្តាធិការ​) ក្នុង​ឆ្នាំ​២០១០ ដោយ​សម្អាងថា មាត្រា​នេះ​អាច​ធ្វើឱ្យ​ប៉ះពាល់ ទៅលើ​សេរីភាព នៃ​ការបញ្ចេញមតិ និង​អាច​ផ្ដន្ទាទោស ទៅលើ​ការងារ​តស៊ូ​មតិ នៃ​ក្រុម​សង្គម​ស៊ីវិល ដែល​គាំទ្រ​លើ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×