នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធ «ទិវាមច្ឆជាតិ» លើកទី២១ នៅខេត្តស្វាយរៀង។
ថ្លែងក្នុងពិធី, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការប្រារព្ធ «ទិវាមច្ចជាតិ» នៅថ្ងៃទី ១ ខែ កក្កដា ជារៀងរាល់ឆ្នាំ គឺដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីដល់គ្រប់តួអង្គពាក់ព័ន្ធ ជាពិសេស ប្រជានេសាទមូលដ្ឋាន និងប្រជាពលរដ្ឋ ឱ្យចូលរួមការពារ និងអភិរក្សធនធានជលផល ដើម្បីធានាបាននូវការគ្រប់គ្រង, ថែរក្សា និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព សម្រាប់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយរបស់យើង។ ម្យ៉ាងទៀត, ការកំណត់ឱ្យមានរដូវបិទនេសាទ គឺដើម្បីទុកពេលឱ្យត្រីពងកូន, បន្តពូជ និងលូតធំធាត់នៅរដូវទឹកឡើង ដែលជាប្រភពអាហារចម្បងរបស់បងប្អូនប្រជាពលរដ្ឋ និងជាប្រភពចំណូលប្រចាំថ្ងៃដ៏សំខាន់របស់ប្រជានេសាទ។ បន្ថែមលើនេះ, រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ» ដោយសារមច្ឆជាតិ ជាប្រភពផ្តល់ប្រូតេអ៊ីន មិនចេះរីងស្ងួត និង អាចរក្សាទុកបាន, មច្ឆជាតិ ជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់, និង សម្បូណ៌ទៅដោយមីក្រូសារធាតុ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្តីពីការកែទម្រង់ស៊ីជម្រៅវិស័យជលផល ឆ្នាំ២០១៥-២០២៤ សំដៅលុបបំបាត់ឡូត៍នេសាទ ដើម្បីប្រគល់សិទ្ធិគ្រប់គ្រង និងទាញផលទៅឱ្យប្រជាពលរដ្ឋ តាមរយៈសហគមន៍នេសាទ; យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍវារីវប្បកម្ម សំដៅជំរុញការចិញ្ចឹមត្រី និង វារីសត្វផ្សេងៗ ដើម្បីកាត់បន្ថយសម្ពាធលើការនេសាទធម្មជាតិ និង ធានាការផ្គត់ផ្គង់ទីផ្សារ; ផែនការយុទ្ធសាស្រ្តស្តីពីការគ្រប់គ្រង និង ការអភិរក្សធនធានជលផល ឆ្នាំ២០២០-២០២៩ សំដៅស្តារប្រព័ន្ធអេកូឡូស៊ី, និង ការពារតំបន់ជម្រកត្រីពងកូន, ទាំងក្នុងតំបន់បឹងទន្លេសាប និង តំបន់ឆ្នេរ; និង ក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល ឆ្នាំ២០១០-២០១៩ សំដៅតម្រង់ទិសដៅអភិវឌ្ឍជលផល ដោយបែងចែកជា ៣ សសរស្តម្ភចម្បង គឺ ជលផល, វារីវប្បកម្ម, និង ការកែច្នៃក្រោយប្រមូលផល និង ពាណិជ្ជកម្ម ។ ទន្ទឹមនឹងនេះ, រាជរដ្ឋាភិបាលក៏បានខិតខំចរចាបើកច្រកទីផ្សារលក់កសិផល និងជលផល ដើម្បីបង្កើតច្រកនាំចេញ និងធានាស្ថិរភាពតម្លៃជូនប្រជាកសិករ និងប្រជានេសាទ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ក៏កំពុងខិតខំអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីមច្ឆជាតិ, និង ដោះស្រាយ ជាប្រព័ន្ធនូវបញ្ហាប្រឈមចម្បងក្នុងអនុវិស័យជលផល ដូចជា៖ ការបាត់បង់ជម្រក, ការប្រែប្រួលអាកាសធាតុ និង ការនេសាទហួសកម្រិត, តាមរយៈ ការពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល ដោយបង្កើនការល្បាត និង ទប់ស្កាត់បទល្មើសនេសាទ, និង ការគោរព និង អនុវត្តតាមរដូវបិទនេសាទ; ការបង្កើត និង ការពារតំបន់អភិរក្សជលផល ដោយស្តារ និង ការពារទីជម្រកធម្មជាតិ; ការលើកកម្ពស់ការចូលរួមរបស់សហគមន៍ ដោយបង្កើត និង ពង្រឹងតួនាទីសហគមន៍នេសាទ, និង ការអប់រំ និង ផ្សព្វផ្សាយ; ការពង្រឹងប្រព័ន្ធតាមដានធនធានជលផល ដោយធ្វើឌីជីថលូបនីយកម្ម; និង ការលើកកម្ពស់ការស្រាវជ្រាវ និង នវានុវត្តន៍ ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់អាងទន្លេមេគង្គ, អង្គការអន្តរជាតិ និង ដៃគូអភិវឌ្ឍ ។
ជាទីបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនជនរួមជាតិ ជាពិសេស ប្រជានេសាទ ឱ្យចូលរួម ថែរក្សា, ការពារ, អភិរក្ស និង អភិវឌ្ឍ ធនធានជលផលជាតិ ឱ្យបានគង់វង្ស ដោយប្រើប្រាស់តែឧបករណ៍នេសាទដែលច្បាប់បានអនុញ្ញាត, និង សូមគិតថា «ការអនុវត្តច្បាប់ គឺមិនមែនដើម្បីកាត់ផ្តាច់ជីវភាពរបស់បងប្អូននោះទេ, ប៉ុន្តែគឺដើម្បីអភិរក្សធនធានទាំងនេះ សម្រាប់បងប្អូន និង កូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា» ៕ រក្សាសិទ្ធិដោយ ៖សុទ្ធលី































