នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញមាន ករណីជនអនាមិកជាច្រើន បានបន្លំខ្លួនជាបុគ្គលិកធនាគារ បានទាក់ទងមកលោក-អ្នក តាមរយៈទូរស័ព្ទ ហើយក៏បានប្រាប់ថា ពួកគេជាបុគ្គលិកធនាគារ និងបានប្រាប់ថា គណនីធនាគាររបស់លោក-អ្នក ត្រូវបានខូចហើយ ដែលតម្រូវឱ្យលោក-អ្នកផ្ទេរប្រាក់ចេញសិន ដើម្បីជួសជុលគណនីធនាគាររបស់លោក-អ្នក។ ក្រោយជួសជុលរួចពួកគេនឹងផ្ទេរប្រាក់ជូនលោក-អ្នកវិញ ក្នុងថ្ងៃទីខែឆ្នាំដដែល។ ក្រោយមកជនអនាមិកបានតម្រូវឱ្យលោក-អ្នក ភ្ជាប់លេខតេលេក្រាម(Telegram) ដើម្បីងាយស្រួលជជែកគ្នា និងបញ្ជុះបញ្ចូល ឱ្យលោក-អ្នកផ្ទេរប្រាទៅគណនីធនាគាររបស់ជនអនាមិកនោះ តាមរយៈQR Code និងបន្តឱ្យលោក-អ្នក ផ្ទេរប្រាក់បន្ថែមទៀត ដោយជនអនាមិកនោះមិនបានផ្ទេរប្រាក់ទៅឱ្យលោក-អ្នកត្រឡប់មកវិញនោះទេ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន សូមមេត្តាពិនិត្យ ពិចារណាអោយបានហ្មត់ចត់ មុនសម្រេចចិត្តក្នុងការវេរលុយ ជាពិសេសសូមពិនិត្យថាតើគណនីធនាគាររបស់ លោក-អ្នកមានបញ្ហាទេ ប្រសិនបើគណនីធនាគាររបស់លោក-អ្នកមានបញ្ហាត្រូវទៅធនាគារដើម្បីដោះស្រាយបញ្ហាគណនីធនាគាររបស់លោក-អ្នកផ្ទាល់ ជៀសវាងទទួលនូវហានិភ័យនានានៅពេលក្រោយ។ រក្សាសិទ្ធិដោយ ៖សុទ្ធលី


