នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញជូនប្រធាន និងតំណាងនៃបេសកកម្មការទូត និងអង្គការ អន្តរជាតិចំនួន៤២ នៅរាជធានីភ្នំពេញ អំពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយផ្តោតជា ពិសេសទៅលើបញ្ហាការពង្រឹងការកាន់កាប់របស់កងកម្លាំងថៃនៅតំបន់ហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃបាន ទាមទារដោយឯកតោភាគី។ ឯកឧត្តម អ៊ុត សុត្ថា រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានចូលរួមធ្វើបទបង្ហាញអំពីខ្សែបន្ទាត់ព្រំដែនដែលត្រូវបានទទួលស្គាល់ជាខ្សែព្រំដែនអន្តរជាតិ ដែលបាន កំណត់ និងខណ្ឌសីមាព្រំដែនតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ និងបានប្រៀប ធៀបជាមួយខ្សែបន្ទាត់ព្រំដែនដែលបង្ហាញលើផែនទីដែលថគូសដោយឯកតោភាគី។
លោកជំទាវ អ៊ាត សោភា បានរំលឹកអំពីវិធានការកាត់បន្ថយភាពតានតឹងដែលបានឯកភាពគ្នា ដែល ចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ លោកជំទាវបានគូសបញ្ជាក់ថា វិធានការដ៏សំខាន់បំផុតមួយដែលបានឯកភាព គា្នដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹង ស្តារទំនុកចិត្ត និងសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេស ទាំងពីរ គឺការបន្តដំណើរការឡើងវិញនៃការងារវាស់វែង និងខណ្ឌសីមាព្រំដែន របស់គណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់ ដោយផ្តល់អាទិភាពជាបន្ទាន់ដល់តំបន់ដែលប្រជាពលរដ្ឋរស់នៅ។ ការបន្តការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងអនុញ្ញាតឱ្យប្រជាជនរាប់ម៉ឺននាក់ ដែលនៅសេសសល់អាចត្រឡប់ទៅកាន់លំនៅដ្ឋាន និងបន្តជីវភាពរស់នៅធម្មតារបស់ពួកគាត់វិញ ដូចដែលបានឯកភាពគ្នា។
ប៉ុន្តែ ចាប់តាំងពីរដ្ឋាភិបាលថ្មីរបស់ថៃបង្កើតឡើងតាំងពីដើមឆ្នាំនេះមកមិនមានការបង្ហាញណាមួយ
បញ្ជាក់ថា ថៃបានអនុវត្តវិធានការដើម្បីបំពេញការប្ដេជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងឈប់បាញ់នោះទព្រមទាំងបានបន្តធ្វើសកម្មភាពខុសច្បាប់នៅតំបន់ដែលខ្លួនកាន់កាប់ឥតឈប់ឈរ។
លោកជំទាវបានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការគាំទ
ដល់ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជាចំពោះម៉ាឡេស៊ី និងហ្វីលីពីន ដែលបានដឹកនាំ AOT ក្នុងនាមជាប្រធានអាស៊ានមុន និងប្រធានបច្ចុប្បន្ន។
លោកជំទាវ
បានអះអាងជាថ្មីនូវការប្ដេជ្ញាចិត្តឥតងាកររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រជាមួយថៃ តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ លោកជំទាវ បានសម្តែងនូវទំនុកចិត្តថា ការបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ និងកិច្ចពិភាក្សា ប្រកបដោយស្ថាបនា នឹងរួមចំណែកដល់ដំណោះស្រាយដ៏យុត្តិធម៌ យូរអង្វែង និងផ្តល់ផលប្រយោជន៍ទៅវិញ ទៅមក ដើម្បីជំរុញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី







