ខេត្តស្ទឹងត្រែង៖ ចៅក្រមស៊ើបសួរ នៃ តុលាការខេត្តស្ទឹងត្រែង នៅថ្ងៃ ទី ០៧ ខែ កក្កដា ឆ្នាំ ២០២៦ នេះ បានសម្រេច បញ្ជូនខ្លួន បុរស នេសាទត្រីម្នាក់ ទៅ ឃុំជាបណ្តោះអាសន្ន នៅ ក្នុងពន្ធនាគារ ខេត្ត ដើម្បីរកចាំ សវនាការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង ករណី ការរក្សាទុក គ្រឿងញៀន ចំនួន ០៣គីឡូក្រាម ដែលបានលួច ពី ទូក របស់ក្រុមឧក្រិដ្ឋជន គ្រឿងញៀន មួយក្រុម ដែលបន្សល់ទុក នៅលើទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង ក្នុងប្រតិបត្តិការបង្ក្រាប របស់ អាជ្ញាធរមានសមត្ថកិច្ចចម្រុះ។
យោងតាម ដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន របស់លោកចៅក្រមស៊ើបសួរ, ជាប់ចោទរូបនេះ មានឈ្មោះ ឡេង ណាត ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរប្រជានេសាទ មានទីលំនៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ជនត្រូវចោទ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: ជួញដូរ រក្សាទុក និង ដឹកជញ្ជូន ដោយខុសច្បាប់ នូវ សារធាតុញៀន តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង ប្រឈមនឹងការ ជាប់ពន្ធនាគារ អស់ មួយ ជីវិត ប្រសិនបើ តុលាការ រកឃើញ ពិរុទ្ធភាព។
ជនជាប់ចោទ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ជំនាញ ចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលនីតិវិធី អំពីអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។
ក្រោយការឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថ រឹបអូសបាន គ្រឿងញៀន ប្រភេទ មេតំហ្វេតាម៉ីន ចំនួន ០៣ កញ្ចប់ មានទម្ងន់ ប្រមាណ ០៣ គីឡូក្រាម ពីគាត់។
យោងតាមចម្លើយសារភាពរបស់ ជនជាប់ចោទ, គ្រឿងញៀន ចំនួន ៣ កញ្ចប់នោះ គឺជនជាប់ចោទ បានលួចយក ពី ទូករបស់ក្រុមឧក្រិដ្ឋជន មួយគ្រឿង ដែលបានផ្លុងចោល នៅលើទឹកទន្លេមេគង្គ ស្ថិតនៅក្នុង ចំណុច កន្ទុយកោះហឹប ឃុំអូរស្វាយ ខណៈ កម្លាំងសមត្ថកិច្ចចម្រុះ កំពុងធ្វើប្រតិបត្តិការបង្ក្រាប។
គួរបញ្ជាក់ថា: កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយមន្ត្រីមន្ទីរបរិស្ថាន បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដ៏ធំមួយ នៅចំណុចកន្ទុយកោះហឹប ឃុំអូស្វាយ។
នៅក្នុងការបង្ក្រាបនោះ ទូកដឹកគ្រឿងញៀនចំនួន ០២ការ៉ុងរបស់ក្រុមជនសង្ស័យ បានបើកទៅបុកជាមួយទូកអ្នកនេសាទ បណ្តាលឱ្យជនល្មើសភ័យស្លន់ស្លោរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកទូក និងកញ្ចប់វត្ថុតាង គ្រឿងញៀន នៅនឹងកន្លែងកើតហេតុ។
នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចចម្រុះ រឹបអូសយក គ្រឿងញៀនចំនួន ៣៧ កញ្ចប់ធំ មាន ទម្ងន់សរុប ៣៧,៧១១.៧ ក្រាម ឬជិត ៣៨ គីឡូក្រាម ។
បន្ទាប់ពីដកហូតបានគ្រឿងញៀន
៣ កញ្ចប់ធំ បន្ថែមទៀត ពី ជនជាប់ចោទ ឈ្មោះ ឡេង ណាត ធ្វើឱ្យចំនួនគ្រឿងញៀនសរុបក្នុងកិច្ចប្រតិបត្តិការនោះ កើនឡើងដល់ ៤០ កញ្ចប់ធំ មាន ទម្ងន់ប្រហាក់ប្រហែល ៤០ គីឡូក្រាម ៕





