ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែនអនុញ្ញាតឱ្យ លោកជំទាវ ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា

រាជធានីភ្នំពេញ, នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ហ្វើ្លរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន នៅក្នុងពេលដែលលោកជំទាវធ្វើជាឯកអគ្គរដ្ឋទូតរបស់ហ្វីលីពីនប្រចាំនៅកម្ពុជា។ សម្ដេចតេជោបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះ លោកជំទាវឯកគ្គរដ្ឋទូតហ្វីលីពីន បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការីបានចូលជួប និងជម្រាបលានៅក្នុងឱកាសនេះ។ លោកជំទាវបានលើកឡើងថា ក្នុងអាណត្តិរបស់លោកជំទាវកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់នូវទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនកាន់តែរីកចម្រើន ហើយជាពិសេស គឺតាមរយៈការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ជាពិសេស ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនមកកាន់កម្ពុជា និងដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន ហើយកម្រិតនៃការផ្លាស់ប្ដូរទំនាក់ទំនងផ្នែកទស្សនកិច្ចនេះ បានកើតឡើងជាញឹកញាប់ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសទាំងពីរមានភាពរឹងមាំ។ បន្ថែមពីលើនេះ លោកជំទាវក៏បានលើកឡើងទៀត ដែលទាក់ទងទៅនឹងទំនាក់ទំនងនៅក្នុងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលកម្ពុជា និងហ្វីលីពីនកំពុងតែបោះជំហានទៅមុខជាមួយគ្នាក្នុងការពង្រីក នូវពាណិជ្ជកម្ម ទន្ទឹមនឹងការបង្កើននូវការពង្រីកនូវទំនាក់ទំនងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរកាន់តែមានភាពសកម្ម។លោកជំទាវបានលើកឡើងថា

ហ្វីលីពីនចាប់អារម្មណ៍ទៅលើផលិតផលកសិកម្មរបស់កម្ពុជា ហើយសង្ឃឹមថា ទំហំនៃការនាំចេញនឹងមានការកើនឡើងបន្តទៀត។

សម្ដេចតេជោបានពេញចិត្តចំពោះការលើកឡើងក្នុងការពង្រីកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាមួយនឹងទំនាក់ទំនងដ៏ល្អនៅក្នុងផ្នែកនយោបាយរវាងប្រទេសទាំងពីរ។ សម្ដេចចាត់ទុកថា សេដ្ឋកិច្ច ពាណិជ្ជកម្មនេះ ជាស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន បន្ថែមពីនេះ សម្ដេចសង្ឃឹមថា ផលិតផលកសិកម្ម និងការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន ជាពិសេស គឺអង្ករនឹងបន្តកើនឡើងជាបន្តទៀត។ សម្ដេចតេជោក៏បានជំរុញបន្ថែមទៀត ឱ្យមានការពង្រីកនូវជើងហោះហើរ រវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើង ក្នុងទិសដៅដើម្បីឲ្យប្រជាជននិងប្រជាជន រវាងប្រទេសទាំងពីរ កាន់តែមានភាពសកម្មក្នុងការពង្រីកនូវចំណងមិត្តភាពប្រជាជន និងប្រជាជន ជាពិសេសគឺតាមរយៈការទៅទស្សនាប្រទេសនីមួយៗទៅវិញទៅមក។ លោកជំទាវបានបញ្ជាក់ជម្រាបសម្ដេចតេជោថា ប្រទេសកម្ពុជាគឺជាគោលដៅដ៏ចាប់អារម្មណ៍មួយសម្រាប់ប្រជាជនហ្វីលីពីនក្នុងការមកទស្សនានៅក្នុងប្រទេសកម្ពុជា។

នៅក្នុងជំនួបនោះ សម្ដេចតេជោក៏បានលើកឡើងពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ដោយសម្ដេចបានពន្យល់ទៅកាន់លោកជំទាវអគ្គរដ្ឋទូតហ្វីលីពីន ដោយបញ្ជាក់នូវជំហរជាថ្មីជូនចំពោះលោកជំទាវថា កម្ពុជាគឺប្រកាន់យកនូវការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ និងផ្អែកទៅលើយន្តការដែលមានស្រាប់ដែលភាគីទាំងពីរបានព្រមព្រៀងគ្នានាពេលកន្លងមក។ លោកជំទាវក៏បានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោថា ក្នុងឋានៈហ្វីលីពីនជាប្រធានអាស៊ាន នឹងខិតខំប្រឹងប្រែងក្នុងការជួយជំរុញនូវការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរលោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីនដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី