វិមានរដ្ឋសភា៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល នាវិមានរដ្ឋសភា សម្តេចបានបង្ហាញនូវការពេញចិត្ត និងមោទនភាពចំពោះលទ្ធផលល្អប្រសើរ កើតចេញពីការអនុវត្តកម្មវិធីកំណែទម្រង់យ៉ាងស្វាហាប់របស់រដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយសម្រេចបានសមិទ្ធផលធំៗជាច្រើន ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។ដំណើរការនៃការធ្វើកំណែទម្រង់នៅរដ្ឋសភា មិនមែនធ្វើឡើងដោយចៃដន្យនោះទេ ប៉ុន្តែផ្អែកលើការពិនិត្យសិក្សារកឫសគល់នៃបញ្ហា ដើម្បីស្វែងរកដំណោះស្រាយជាលក្ខណៈប្រព័ន្ធ។ យុទ្ធសាស្ត្រនេះរួមបញ្ចូលទាំងទិដ្ឋភាពគតិយុត្តិ នីតិវិធី ផ្នត់គំនិត របៀបរបបការងារ សមត្ថភាព សម្ភារបរិក្ខារ និងប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីកែលម្អលំហូរការងារ បង្កើនប្រសិទ្ធភាព និងគណនេយ្យភាព តាមរយៈការវិភាគមុខងារ និងបរិវត្តកម្មឌីជីថល ជាពិសេសចក្ខុវិស័យរយៈពេលវែង គឺការកសាងគ្រឹះឆ្ពោះទៅរក «សភាអេឡិចត្រូនិក» (e-Parliament) ដែលទាមទារប្រព័ន្ធអេកូឡូស៊ីពេញលេញ ទាំងជំនាញ នីតិវិធី ប្រព័ន្ធទិន្នន័យ និងសន្តិសុខសាយប័រ។សម្តេចប្រធានបានសង្កត់ធ្ងន់ថា ប្រព័ន្ធការងារដែលរឹងមាំ ប៉ុន្តែខ្វះមនុស្សមានសមត្ថភាព គឺមិនអាចដំណើរការទៅមុខបានឡើយ។ ក្នុងន័យនេះ រដ្ឋសភាបានធ្វើកំណែទម្រង់ផ្ទៃក្នុងរបស់ខ្លួន ដោយបានពង្រឹងទាំងស្ថាប័ន និងធនធានមនុស្សទន្ទឹមគ្នា ក្រោមអភិក្រម «ការរៀនសូត្រតាមរយៈការអនុវត្តជាក់ស្តែង» ដែលមន្ត្រីមិនត្រឹមតែទទួលចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកចំណេះដឹងនោះទៅអនុវត្តផ្ទាល់ ដោះស្រាយបញ្ហា និងរួមចំណែកដល់ការកែទម្រង់។ចំពោះការអនុវត្តជាក់ស្តែង ដំណើរការកំណែទម្រង់នេះត្រូវបានធ្វើឡើងក្នុងពីរកម្រិត គឺកម្រិតរដ្ឋសភា និងកម្រិតអគ្គលេខាធិការដ្ឋាន។ សម្រាប់កម្រិតរដ្ឋសភា ការងារដំបូងបង្អស់គឺការធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិគន្លឹះ រួមមាន បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ការកែសម្រួលសេចក្តីសម្រេចអំពីតួនាទីភារកិច្ចរបស់គណៈកម្មការ បែបបទការងារ និងនីតិវិធីនៃការចុះបេសកកម្មរបស់គណៈកម្មការនានា ដើម្បីធានាដំណើរការប្រព្រឹត្តទៅបានរលូន និងឆ្លើយតបទាន់ពេលទៅនឹងការផ្លាស់ប្តូរបរិបទសង្គម។ទន្ទឹមនឹងនេះ រដ្ឋសភាបាននិងកំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅក្នុងដំណើរការរបស់រដ្ឋសភា ដោយក្នុងនោះការប្រើប្រាស់ «ឯកសារទន់» ក្នុងប្រព័ន្ធកុំព្យូទ័រសម្រាប់ការពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ ហើយនាពេលអនាគត រដ្ឋសភាអាចនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកពេញលេញសម្រាប់ដំណើរកិច្ចប្រជុំ និង ការគ្រប់គ្រងគណនេយ្យទិន្នន័យផ្សេងៗទៀត។ក្រៅពីនេះ រដ្ឋសភាក៏បានធ្វើទំនើបកម្មស្នាក់ការតំណាងរាស្ត្រខេត្ត-ក្រុង ដើម្បីឱ្យមន្ត្រីនៅទីនោះដើរតួនាទីកាន់តែមានប្រសិទ្ធភាពក្នុងការផ្តល់សេវាគាំទ្រដល់តំណាងរាស្ត្រ ក្នុងការចុះជួបដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ថ្មីៗនេះ រដ្ឋសភាក៏បានបង្កើតស្ទូឌីយោ ដើម្បីផលិតកម្មវិធីថ្មីៗ ដូចជា កម្មវិធីមរតកចំណេះ និងកម្មវិធីការណែនាំពីរដ្ឋសភា ព្រមទាំងបំពាក់សម្ភារទំនើបៗសម្រាប់ការផ្សព្វផ្សាយច្បាប់ និងសកម្មភាពនានា។ រួមជាមួយគ្នានេះរដ្ឋសភាក៏បានផ្តល់ការបណ្តុះបណ្តាលបច្ចេកវិទ្យាសម្រាប់ការប្រើប្រាស់ប្រព័ន្ធសភាអេឡិចត្រូនិកការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងការរៀបចំបាឋកថា កិច្ចសន្ទនា ព្រមទាំងសិក្ខាសាលាលើប្រធានបទសំខាន់ៗរបស់គណៈកម្មការនានាជាប្រចាំ ដើម្បីជំរុញមុខងារតាមដានការអនុវត្តច្បាប់ និងលើកកម្ពស់តម្លាភាព។ដោយឡែក ចំពោះកម្រិតអគ្គលេខាធិការដ្ឋាន រដ្ឋសភាបានដាក់ចេញ និងកែសម្រួលសេចក្តីសម្រេចសំខាន់ៗមួយចំនួន ដើម្បីជំរុញដំណើរការកែទម្រង់ឱ្យប្រព្រឹត្តទៅដោយរលូន រួមមានការបង្កើតក្រុមការងារដឹកនាំសភាអេឡិចត្រូនិក ក្រុមការងារកែទម្រង់រដ្ឋបាលនិងហិរញ្ញវត្ថុ និងក្រុមការងារប្រឆាំងអំពើពុករលួយ។ ក្នុងពេលឆាប់ៗនេះ នឹងមានការកែសម្រួលសេចក្តីសម្រេចស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន ដើម្បីលុបបំបាត់ភាពជាន់គ្នា និងភាពយឺតយ៉ាវនៃរបៀបរបបការិយាធិបតេយ្យ។ ជាក់ស្តែង រចនាសម្ព័ន្ធអគ្គនាយកដ្ឋាននឹងត្រូវបង្រួមដោយកំណត់ឱ្យអគ្គនាយកដ្ឋាននីមួយៗមាន ៣ នាយកដ្ឋាន និងក្នុង ១ នាយកដ្ឋានមាន ៣ ការិយាល័យ ដែលការកែសម្រួលនេះនឹងធ្វើឱ្យការិយាល័យចំនួន ៧ ក្នុងចំណោម ៦០ ការិយាល័យ ត្រូវបានលុបចោល ឬបញ្ចូលគ្នា ព្រមទាំងមានការរួមបញ្ចូលគ្នារវាងអគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផងដែរ។ទន្ទឹមនឹងនេះ រដ្ឋសភាក៏នឹងបង្កើត «អង្គភាពស្រាវជ្រាវ និងបណ្តុះបណ្តាលកិច្ចការសភា» តាមរយៈការបញ្ចូលគ្នានៃនាយកដ្ឋានមានស្រាប់ ដើម្បីដើរតួនាទីស្នូលក្នុងការបណ្តុះបណ្តាលមន្ត្រី និងជំនួយការតំណាងរាស្ត្រ ព្រមទាំងផលិតឯកសារស្រាវជ្រាវច្បាប់និងការវិភាគគោលនយោបាយនានា សម្រាប់ជាមូលដ្ឋានជូនថ្នាក់ដឹកនាំ និងតំណាងរាស្ត្រទាំងអស់បំពេញការងារ។ បន្ថែមលើនេះ អគ្គលេខាធិការដ្ឋានបានវិនិយោគធនធានយ៉ាងច្រើនលើការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីជាប្រចាំ ទាំងវគ្គខ្លី និងការបញ្ជូនទៅសិក្សាយកសញ្ញាបត្រជាន់ខ្ពស់នៅបរទេស រួមទាំងការបង្ហាត់បង្ហាញពីរបៀបប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ដើម្បីធានាបាននូវសមត្ថភាពពិតប្រាកដ រដ្ឋសភាបានប្រឡងជ្រើសរើសមន្ត្រីជំនាញយ៉ាងតឹងរ៉ឹងលើជំនាញចាំបាច់ ដូចជា សារព័ត៌មាន ពិធីការ ការស្រាវជ្រាវវិភាគគោលនយោបាយ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ជាក់ស្តែង យុទ្ធសាស្ត្រនេះបានធ្វើឱ្យនាយកដ្ឋានព័ត៌មាន ប្រែក្លាយពី «កន្លែងរង់ចាំព័ត៌មាន» ទៅជា «កន្លែងផលិតព័ត៌មានដ៏សម្បូរបែប ច្នៃប្រឌិត និងទាន់ហេតុការណ៍»។ ជាមួយគ្នានេះ ការតែងតាំងមន្ត្រីត្រូវបានធ្វើឡើងតាមគោលការណ៍គុណាធិបតេយ្យ ផ្អែកលើសមត្ថភាព វិន័យ និងស្នាដៃ ដោយចៀសវាងដាច់ខាតនូវការស៊ីសំណូកសូកប៉ាន់ និងការតែងតាំងមន្ត្រីជាទីប្រឹក្សា ឬជំនួយការរបស់ថ្នាក់ដឹកនាំដោយគ្មានឋានៈស្មើ។ក្នុងទិដ្ឋភាពការគ្រប់គ្រងវិញ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបំពាក់ឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធគ្រប់គ្រងឌីជីថលលើមុខងារសំខាន់ៗជាច្រើន ដូចជា វត្តមានមន្ត្រី លំហូរឯកសារ បៀវត្ស ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការឈប់សម្រាក និងសមិទ្ធកម្មការងារ ព្រមទាំងបានបង្កើតកម្មវិធីទូរស័ព្ទដៃរបស់រដ្ឋសភា និងធ្វើបច្ចុប្បន្នភាពគេហទំព័រ ដើម្បីកាត់បន្ថយការិយាធិបតេយ្យ និងពន្លឿនល្បឿនការងារ។ ចំណែកឯការគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវបានធ្វើឡើងយ៉ាងច្បាស់លាស់មានតម្លាភាព គណនេយ្យភាព និងស័ក្តិសិទ្ធិភាព ស្របតាមគោលនយោបាយកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ដំណើរការកំណែទម្រង់អគ្គលេខាធិការដ្ឋានរដ្ឋសភា គឺប្រព្រឹត្តទៅដោយភាពមុតស្រួចបំផុត ដែលរហូតមកដល់ពេលនេះ ចំនួនមន្ត្រីបានធ្លាក់ចុះជិត ២០០នាក់ តាមរយៈការចូលនិវត្តន៍ លាឈប់ ឬលុបឈ្មោះចេញពីក្របខណ្ឌ។ រដ្ឋសភាក៏បានបង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីត្រួតពិនិត្យកំហុស និងដាក់ទណ្ឌកម្មខាងវិន័យយ៉ាងម៉ឺងម៉ាត់ ចាប់តាំងពីការស្តីបន្ទោស រហូតដល់ការបណ្តេញចេញពីក្របខណ្ឌការងាររដ្ឋបាល ដើម្បីធានាបាននូវក្រមសីលធម៌ និងគុណភាពការងារខ្ពស់បំផុត។សូមបញ្ជាក់ដែរថា មាគ៌ានៃការកែទម្រង់របស់រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គឺផ្អែកលើស្មារតីនៃការកែលម្អជាប្រចាំ ដើម្បីកសាងស្ថាប័នមួយដែលមានវិជ្ជាជីវៈ ក្រមសីលធម៌ គុណាធិបតេយ្យ ប្រសិទ្ធភាព និងនវានុវត្តន៍ ព្រមទាំងបង្កើតឱ្យមានថ្នាក់ដឹកនាំដែលនាំមកនូវការផ្លាស់ប្តូរឈានទៅមុខជាមួយចក្ខុវិស័យរួម និងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ បម្រើឧត្តមប្រយោជន៍ជាតិជានិរន្តរ៍៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី



