នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជំនួបសម្តែងការគួរសម របស់ ឯកឧត្តម Moctar LAM រដ្ឋមន្ត្រីទទួលបន្ទុកអគ្គលេខាធិការដ្ឋានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋអ៊ីស្លាម ម៉ូរីតានី ក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣-១៥ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តម Moctar LAM បានអបអរសាទរដល់កម្ពុជា ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនី លើកទី២០។ ឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុកអគ្គលេខាធិការដ្ឋាន បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី និងក្នុងក្របខណ្ឌពហុភាគី ពិសេសក្នុងចំណោមបណ្ដ ប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចការងារ របស់គណៈប្រតិភូម៉ូរីតានី មកកាន់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ កម្ពុជាប្តេជ្ញាចិត្តមិនត្រឹមតែលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ អប់រំ ទេសចរណ៍ និងវប្បធម៌ នៅក្នុងតំបន់ ប្រើប្រាស់ភាសាបារាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកសក្តានុពលលើវិស័យទាំងនេះទៅកាន់ពិភពលោកផងដែរ។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរមតិយោបល់គ្នាលើវិស័យដែលមានសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគី ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអំពីបញ្ហាតំបន់-អន្តរជាតិដែលជាការព្រួយបារម្ភរួម ដោយ បានផ្ដោតសំខាន់លើភាពចាំបាច់ក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់ និងការគោរពច្បាប់ អន្តរជាតិ ការដោះស្រាយដោយសន្តិវិធី និងការអភិវឌ្ឍប្រកបដោយចីរភាព៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី




