Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​អង់គ្លេស ផ្តល់​អាហារ​រូបករណ៍​ថែមទៀត ដល់​និស្សិត​កម្ពុជា ដើម្បី​គាំទ្រ​ការធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​

spot_img

​ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​មន្ត្រីការទូត​អង់គ្លេស ពិនិត្យ​លទ្ធភាព​ផ្តល់ អាហារ​រូបករណ៍​ថែម​ទៀត ដល់​និស្សិត​កម្ពុជា ពិសេស​ផ្នែក​វិទ្យាសាស្ត្រ​, បច្ចេកវិទ្យា​, វិស្វកម្ម​, និង​គណិតវិទ្យា (S.T.E.M) ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការកសាង​សមត្ថភាព​របស់​កម្ពុជា សម្រាប់​គាំទ្រ​ការធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​ការធ្វើដំណើរ​ឆ្ពោះទៅ​កាន់​សេដ្ឋកិច្ច​ឌីជីថល នាពេល​អនាគត​។​

​លោក​រដ្ឋមន្ត្រី បាន​លើក​សំណើ​នេះ​ឡើង នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក អែ​ដ វៃ​ហ្ស៊ី (Edward Vaizey) ប្រមុខ​ពាណិជ្ជកម្ម​របស់​ចក្រភព​អង់គ្លេស និង​លោកស្រី ធី​ណា រ៉េ​ដស (Tina Redshaw) ឯកអគ្គរាជទូត​ថ្មី​របស់​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានលើកឡើង​អំពី​សារសំខាន់ នៃ​ការកសាង​ធនធានមនុស្ស ដើម្បី​បម្រើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ព្រមទាំង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦ នៃ​រដ្ឋសភា ក្នុង​ការបន្ត​កំណែ ទម្រង់គ្រប់​វិស័យ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​ទើប​ត្រូវបាន​អនុម័ត​កាល​ពី​ថ្មីៗ​នេះ ដើម្បី​ធានា​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ និង​ចីរភាព​។​

​លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​បេសកជន​ទាំងពីរ អំពី​ស្ថិរភាព​នយោបាយ​, វឌ្ឍនភាព​នៃ​កំណើន​សេដ្ឋកិច្ច​, ផលិតផល​នាំចេញ​សំខាន់ៗ​របស់​កម្ពុជា​, អត្ថប្រយោជន៍​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​កិច្ច​ប្រឹងប្រែង​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការលើកកម្ពស់​បរិយាកា​សធុរកិច្ច និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។ លើសពីនេះ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ សមាគម​បាល់ទាត់​អង់គ្លេស (FA) ដែល​បាន​ប្រើប្រាស់​ឯកសណ្ឋាន​ម៉ាក Marks & Spencer ផលិត​នៅ​កម្ពុជា សម្រាប់​ក្រុម​កីឡាករ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍ World Cup ឆ្នាំ 2018 នា​ពេលកន្លងមក​។​

​ជា​ការឆ្លើយតប​លោក អែ​ដ វៃ​ហ្ស៊ី (Edward Vaizey) បេសកជន​ពាណិជ្ជកម្ម​របស់​ចក្រភព​អង់គ្លេស និង​លោកស្រី​ធី​ណា រ៉េ​ដស (Tina Redshaw) ឯកអគ្គរាជទូត​ថ្មី​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា បាន​សន្យា​នឹង​ខិតខំ​ស្វែងរក​អាហារូបករណ៍​បន្ថែមទៀត សម្រាប់​និស្សិត​កម្ពុជា ដើម្បី​ចូលរួម​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស សំដៅ​ជំរុញ​ការធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​ការបោះ​ជំហាន​ឆ្ពោះទៅ​កាន់​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា​។​

​ទន្ទឹម​គ្នា​នោះ​ដែរ មន្ត្រីការទូត​ទាំងពីរ បាន​កោតសរសើរ​អំពី​វឌ្ឍនភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ថិរភាព​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ព្រមទាំង​កិច្ចសហការ​ល្អ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា នា​ពេលកន្លងមក ដែល​បាន​ជំរុញ​ឱ្យ​កម្ពុជា ក្លាយ​ជា​គោលដៅ​វិនិយោគ​ថ្មី​នៅក្នុង​តំបន់​។ បេសកជន​ទាំងពីរ បាន​បន្ថែមទៀតថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​សំណង់​អង់គ្លេស​ជា​ច្រើន កំពុង​ស្វែងរក​ឱកាស​ចូល​មក​ទីផ្សារ​កម្ពុជា ដើម្បី​នាំ​យក​បច្ចេកវិទ្យា​ទំនើបៗ និង​ជំនាញ​ផ្នែក​ស្ថាបត្យកម្ម​ថ្មីៗ សម្រាប់​បម្រើ​ការអភិវឌ្ឍ​វិស័យ​សំណង់ ដែល​កំពុង​មាន​ការលូតលាស់​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×