Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ​វិស័យ​ឯកជន បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច ប្រទេសជាតិ​យើង ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​

spot_img

​ភ្នំពេញ​ ៖ លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ បាន​ចាត់ទុកថា នេះ​ជា​វេទិកា​មួយ ដែល​វិស័យ​ឯកជន​អាច​បន្ត​សិក្សា ស្វែងយល់​អំពី​វឌ្ឍនភាព​នានា នៅក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការចូលរួមចំណែក ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​កាន់តែ​ទូលំទូលាយ​។

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា សំណេះសំណាល រវាង​តំណាង​រាជរដ្ឋាភិបាល ជាមួយ​វិស័យ​ឯកជន​លើ​ប្រធានបទ “​ការអភិវឌ្ឍ​ថ្មីៗ ជុំវិញ​ការអនុវត្ត​កាតព្វកិច្ច ក្រោម​ច្បាប់ ស្តីពី​ការងារ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​” រៀបចំ​ដោយ​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) នៅ​សណ្ឋាគារ តារា​អ៊ែរ​ផ​ត ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៨​។​

​លោក អ៊ិត សំហេង បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​រៀបចំ​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង ដើម្បី​ផ្តល់​ឱកាស​ដល់​គ្រប់​សហគ្រាស គ្រឹះស្ថាន ទាំងអស់​ដែល​ស្ថិតនៅ​ក្រោម​បទ​ប្បញ្ញ​តិ្តច្បាប់​ស្តីពី​ការងារ ឱ្យ​យល់​កាន់តែច្បាស់​អំពី​ការវិវឌ្ឍ​នានា​នៅក្នុង​វិស័យ​ការងារ ជាពិសេស​ត្រៀមខ្លួន​ក្នុង​ការអនុវត្ត​កាត​ព្វ​របស់​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​។ ជាមួយគ្នានេះដែរ លោក​ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ​ដោយ​ស្មោះ​ចំពោះ​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា ក៏ដូចជា​សមាជិក​របស់ CAMFEBA ទាំងអស់​ដែល​តែងតែបាន​យកចិត្តទុកដាក់​សិក្សា​ស្វែងយល់ និង​ចូលរួម​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​បទ​ប្បញ្ញ​តិ្ត​ពាក់ព័ន្ធ​នឹង​វិស័យ​ការងា​រនា​ពេលកន្លងមក​។ សកម្មភាព​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​កម្ម​ករ​និយោជិត​នៅ​កម្ពុជា ដែល​ជា​សក្ខីភាព​នៃ​ការចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ផងដែរ​។​

​សមិទ្ធផល​ជាច្រើន មិន​អាច​សម្រេច​បាន​នោះ​ទេ ប្រសិនបើ​មិន​មាន​កិច្ចសហការ​ជា​វិជ្ជមាន និង​ការចូលរួម​ពី​វិស័យ​ឯកជន អង្គការ​វិជ្ជាជីវៈ និង​ដៃគូ​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា​។ ដូចនេះ លោក​រដ្ឋមន្ត្រី​បាន​ស្នើសុំ​ការ​បន្ត​សហការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​បន្ត​សម្រេចបាន​នូវ​៖ ១-​ការលើកកម្ពស់​លក្ខខណ្ឌ​ការងារ​ឱ្យ​កាន់តែ​ល្អប្រសើរ តាមរយៈ​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ ច្បាប់​ស្តី​ពី​សហជីព និង​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អ​ប្បរមា ក៏ដូចជា​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​។ ២-​ការពង្រឹង​ប្រព័ន្ធ​និង​យន្តការ​អធិការ​កិច្ចការងារ​តែ​មួយ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​តម្លាភាព​។ ៣-​ការពង្រឹង​សុខដុម​នីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ លើកកម្ពស់​ការយល់ដឹង​អំពី​សិទ្ធិ និង​កាតព្វកិច្ច​ស្របច្បាប់​របស់​កម្មករ​និយោជិត និង​និយោជក ព្រមទាំង​បង្កើន​ប្រសិទ្ធភាព​វិធានការ​ការពារ ទប់ស្កាត់​កូដកម្ម បាតុកម្ម និង​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​និង​ស្រប​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ដោយ​ទប់ស្កាត់​ឱ្យបាន​ដាច់ខាត​នូវ​ការរំខាន​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ការប្រើ​អំពើហិង្សា​ដែល​បណ្តាល​ឱ្យ​បាត់បង់​ផលប្រយោជន៍​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​រួមទាំង​សង្គមជាតិ​។ ៤-​ការពង្រឹង​ពង្រីក​សេរីភាព​សហជីព អង្គការ​វិជ្ជាជីវៈ និង​ទប់ស្កាត់​ការរើសអើង​ចំពោះ សហជីព ទប់ស្កាត់​ការអនុវត្ត​សកម្មភាព​ខុសច្បាប់​របស់​សហជីព ដែល​មិន​បម្រើ​ផលប្រយោជន៍​រួម និង​ពិតប្រាកដ​របស់​កម្មក​រ​និយោជិត​។ ៥-​ការពង្រឹង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ការពារ​សុខភាព និង​សុវត្ថិភាព​ការងារ ជាពិសេស យកចិត្តទុកដាក់​លើ​បរិស្ថាន អនាម័យ អាហារូបត្ថម្ភ សេវា​ការពារ​ពិនិត្យ​សុខភាព និង​ការទប់ស្កាត់​ជំងឺឆ្លង សុវត្ថិភាព​អគ្គីភ័យ និង​សំណង់ ព្រមទាំង​ទប់ស្កាត់​ការ​ធ្វើការ​បន្ថែម​ម៉ោង​លើស​ច្បាប់​កំណត់ គ្រោះថ្នាក់​ការងារ និង​គ្រោះថ្នាក់​ក្នុង​ការដឹកជញ្ជូន​កម្ម​ករ​និយោជិត ដោយ​អនុវត្ត​នូវ​ទិស​ស្លោក “​ថ្ងៃនេះ ថ្ងៃ​ស្អែក កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​” និង​ជំរុញ​យុទ្ធនាការ​គ្រោះថ្នាក់​ការងារ​កម្រិត​សូន្យ​។ ៦-​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា ដោយ​ប្រើប្រាស់​តាម​យន្តការ​ដែល​បាន​ឯកភាព និង​កំណត់​នៅក្នុង​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​។ ៧-​ការពង្រឹង​ប្រសិទ្ធភាព​នៃ​យន្តការ​គ្រប់គ្រង​ពលករ​បរទេស​នៅ​កម្ពុជា និង​ផ្តល់​សេវា​គាំពារ និង​ការពារ​សិទ្ធិ​ពលករ​កម្ពុជា​នៅ​បរទេស ព្រមទាំង​ទប់ស្កាត់​ការធ្វើ ចំណាក​ស្រុក​ដោយ​ខុសច្បាប់​ទាំង​ប្រថុយប្រថាន​ដោយ​ចាត់​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​ជន​ជា​មេខ្យល់ ដែល​ប្រើ​ឧបាយកល​អូសទាញ ឬ​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​។ ៨-​ការអនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ​ទិសដៅ​អាទិភាព​ក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស តាមរយៈ​ការ លើក​កម្ពស់​វិស័យ​អប់រំ និង​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ ដោះស្រាយ​ឱ្យបាន​ល្អ​នូវ​តម្រូវការ​នៃ​ទីផ្សារការងារ​ក្នុងប្រទេស​។ ៩-​ការអនុវត្ត​របប​សន្តិសុខ​សង្គម​សម្រាប់​កម្មករ​និយោជិត​ទូទៅ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា ទន្ទឹមនឹងនេះ វា​ក៏​ជា​ឱកាស​មួយ ដែល​វិស័យ​ឯកជន​អាច​ជួប​ប្រាស្រ័យ ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​តំណាង​រាជរដ្ឋាភិបាល ក្នុង​ការស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានា នាពេល​បច្ចុប្បន្ន ក៏ដូចជា​បញ្ហា​ផលប្រយោជន៍​រួម​ទាំងអស់​គ្នា​។​

លោក​រដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​សមាជិក​សមាជិកា​នៃ​អង្គពិធី​ទាំងមូល មេត្តា​ចូលរួម​សិក្សា​ស្វែងយល់ និង​ជជែក​ពិភាក្សា​ឱ្យបាន​ផុសផុល ក្នុងការ​ចែករំលែក​នូវ​ចំណេះដឹង និង​បទពិសោធន៍​ល្អៗ ដើម្បី​រួមគ្នា​ស្វែងរក​ដំណោះស្រាយ ក្នុង​ការធានា​បាន​លក្ខ​ខ​ណ្ឌ​ការងារ​ល្អប្រសើរ ភាពសុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ បរិយាកាស​វិនិយោគ​ប្រកបដោយ​ភាព​ទាក់ទាញ ក៏ដូចជា​ការចូលរួម​បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច ប្រទេសជាតិ​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​ប្រកបដោយ​ចីរភាព​៕ ​ដោយ​៖​កូឡាប​

spot_img
×