Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមប្រឹក្សា​ប្រតិភូ​ធុរកិច្ច​អាស៊ាន​- អាមេរិក​

spot_img

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២ ខែតុលា ឆ្នាំ​២០១៨ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Michael Walter Michalak ជា​នាយក​គ្រប់គ្រង​តំបន់ និង ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អាស៊ាន​-​អាមេរិក​។​

​លោក Michael Walter Michalak បាន​សម្តែង​នូវ​ក្តី​សប្បាយរីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ ជាមួយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៅពេលនេះ​។ លោក​បាន​ជម្រាបជូន​សម្តេច​តេជោ ថា​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន មាន​ទិសដៅ​ធ្វើយ៉ាងណា​លើកស្ទួយ ទំនាក់​​ទំនង​រយៈពេល​វែង​ខាង​វិស័យសេដ្ឋកិច្ច​ជាមួយ​កម្ពុជា​។ លោក Michael បានបញ្ជាក់​ថា ការបំពេញ​ភារកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ​គឺ​ដើម្បី​ពិភាក្សា​រក​នូវ​ចំណុចរួម ដើម្បី​ជា​ផលប្រយោជន៍​រួម ទាំង​អ្នកវិនិយោគ​កម្ពុជា អ្នកវិនិយោគ​អាស៊ាន និង​អាមេរិក ក៏ដូចជា ការអភិវឌ្ឍ​របស់​កម្ពុជា​ផង​ដែរ​។​

​លោក Michael ក៏​បាន​ជម្រាបជូន​សម្តេច​តេជោផង​ដែរថា កិច្ចពិភាក្សា​នេះ គឺ​ផ្តោត​ទៅលើ​បញ្ហា​សេដ្ឋកិច្ច បញ្ហា​ថាមពល ហេដ្ឋា​រចនាសម្ព័ន្ធ ការអភិវឌ្ឍ​ធនធានមនុស្ស វប្បធម៌ ក៏ដូចជា​វិស័យ​កសិកម្ម​ផងដែរ​។ ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា បាន​ចូលរួម​ក្នុង​ជំនួប​នេះ​ដែរ លោក William A. Heidt បាន​គោរព​ជម្រាបជូន សម្តេច​តេ​ជោថា នៅពេលនេះ គឺមាន​ក្រុមហ៊ុន​កសិកម្ម​សហរដ្ឋ​អាមេរិក​ប្រមាណ​៦​ទៅ​១០​ក្រុមហ៊ុន ដែល​បាន​មក និង​កំពុង​ពិភាក្សា​ស្វែងរក​ឱកាស​វិនិយោគ និង​កិច្ចសហប្រតិបត្តិការ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្វាគមន៍ និង​ជម្រាបជូន​ប្រតិភូ​ទាំងអស់​ថា បញ្ហា​កសិកម្ម គឺជា​បញ្ហា​គន្លឹះ ដែល​មិន​អាច​មើល​រំលង​បាន​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ គឺ​បណ្តាលឲ្យ​មាន​ទឹកជំនន់ និង​មាន​ភ្លៀង​ខុសរដូវ និង​បង្កើត​ជា​បញ្ហា​មិន​ត្រឹមតែ​នៅ​កម្ពុជា​ទេ គឺ​នៅ​ទូទាំង​តំបន់ និង​ពិភពលោក​ទាំងមូល​តែម្តង​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បន្តថា ពូជស្រូវ ពូជ​ដំណាំ ដែល​ធ្លាប់តែ​ត្រូវ​នឹង​កំដៅ ដែល​ធ្លាប់​មាន​កន្លងមក នៅពេលនេះ​គឺ​ត្រូវ​ចាំបាច់​ពិនិត្យឡើងវិញ ដោយសារ​ការកើនឡើង​នៃ​កំដៅ ដែល​បណ្តាល​មកពី​ការប្រែប្រួល​អាកាសធាតុ​។ ក្នុងន័យនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា សហរដ្ឋអាមេរិក ពិតជា​មាន​បច្ចេកទេស និង​សូម​ឲ្យ​អ្នកវិនិយោគ ពិនិត្យ​ពិចារណា​យក​បច្ចេកទេស​ទាំងនេះ មក​ប្រើប្រាស់​នៅ​កម្ពុជា ក៏ដូចជា​នៅ​ក្នុង​តំបន់​ផងដែរ​។ លើស​ពី​នោះ​ទៅ​ទៀត សម្តេច​តេជោ​​ក៏​បាន​ស្នើសុំ ឲ្យ​ក្រុមហ៊ុន​ពិនិត្យ​មើល​ទៅលើ ការវិនិយោគ​ទៅលើ​ការកែឆ្នៃ ផលិតផល​កសិកម្ម​កម្ពុជា ឲ្យទៅ​ជា​ផលិតផល​ពាក់​កណ្តាល​​​​ស​ម្រេច ឬក៏​ផលិតផល​សម្រេច​ដែល​អាច​បម្រើ​ទៅដល់​ទីផ្សារ ទាំង​ក្នុងស្រុក​ផង និង​ក្រៅ​ស្រុក​ផង​។ ជាមួយ​នោះ សម្តេច​​​តេជោ​នាយករដ្ឋមន្ត្រី បាន​ផ្តោត​សេចក្តីសង្ឃឹម​ថា សហរដ្ឋអាមេរិក នឹង​ចូលរួម​យ៉ាង​សំខាន់ ក្នុង​ការដោះស្រាយ​បញ្ហា​អាកាស​ធាតុ ពាក់ព័ន្ធ​នឹង​បញ្ហា​វិនិយោគ​ដទៃទៀត ដូចជា​បញ្ហា​សេដ្ឋកិច្ច ថាមពល ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍ​ធន​ធាន​មនុស្ស និង​វប្បធម៌​ជាដើម​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ប្រតិភូ​ទាំងអស់​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ ហើយ​ក្នុង​ករណី​មិន​អាច​ដោះស្រាយបាន សូម​លើក​បញ្ហា​ទាំងនោះ មក​ជូន​សម្តេច​តេជោ​តែម្តង​៕ ​ដោយ ​៖ ​កូឡាប​

spot_img
×