ខេត្តព្រះសីហនុ៖ យោងតាម សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ បានឱ្យដឹងថា:
ក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦ នេះ បានប្រកាសសាលក្រម សំណុំរឿងព្រហ្មទណ្ឌ
(លេខ ២៧៦/២១ ក្រ៥ ‘ឋ”) ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៦ និង បានសម្រេច ផ្តន្ទាទោសជនជាប់ចោទចិនម្នាក់ ដាក់គុក អស់មួយជីវិត និង ពិន័យជា ប្រាក់ ចំនួន ៤០.០០០.០០០ រៀល ពីបទ: ផលិតរក្សាទុកជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុច ភូមិ៣ សង្កាត់លេខ១, ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពី អំឡុងដើមខែវិច្ឆិកា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្តន្ទាទោស តាមមាត្រា៣៩ កថាខណ្ឌទី៥, មាត្រា៤៧ កថាខណ្ឌទី៤, មាត្រា៤០ កថាខណ្ឌទី៧, មាត្រា៤៨ កថាខណ្ឌទី៦, មាត្រា៤៥ និងមាត្រា៥៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ ក៏បាន សម្រេច ផ្តន្ទាទោស ជនជាប់ចោទ០២នាក់ ផ្សេង ទៀត (ម្នាក់ជនជាតិចិន និង ម្នាក់ទៀត ជាជនជាតិភូមា ឬ មីយ៉ាន់ម៉ា) ដែលបានចូលរួមសមគំនិតក្នុងអំពើផលិត រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនខាងលើនេះ ដាក់គុក ក្នុងម្នាក់ៗកំណត់ រយៈពេល ២០ឆ្នាំនិងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤០.០០០.០០០ រៀល ផងដែរ។
តុលាការ ក៏បានហាមឃាត់ជនជាប់ចោទ ទាំង០៣ រូប ចំពោះការចូល និងស្នាក់នៅក្នុងដែនដីនៃព្រះរាជាណាចក្រ កម្ពុជា ស្ថាពរ បន្ទាប់ពីអនុវត្តទោសក្នុងពន្ធនាគារចប់។
ដោយឡែក ចំពោះ វត្ថុចាប់យកដែលជាគ្រឿងញៀន ត្រូវបានរឹបអូសដើម្បីបំផ្លាញចោល៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




