Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​មនុស្ស​ប្រុស​ស្រី​៨​នាក់ ជួញដូរ​អាវុធ​២៥​ដើម​ចង់​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​

spot_img

​ភ្នំពេញ​ ៖ ​ជនសង្ស័យ​ទាំង​៨​នាក់ ត្រូវបាន​នគរបាល​ចាប់ខ្លួន​នៅ​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​ពោធិ៍សាត់ កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៨ កន្លងមកនេះ​។ ពួកគេ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ កាលពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ ហើយ​កាលពី​រសៀល​ថ្ងៃទី​១ តុលា តំណាង​អយ្យការ​បានសម្រេច​ចោទប្រកាន់​មនុស្ស​ទាំង​០៨​នាក់ ពី​បទ​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ សន្និធិ​អាវុធ និង​គ្រឿងផ្ទុះ​ដោយ​គ្មាន​ការអនុញ្ញាត ។​

​មនុស្ស​ចំនួន​៨​នាក់ (​ស្រី​ម្នាក់​) ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់ ប្រឆាំង​និង​រាជរដ្ឋាភិបាល​កម្ពុជា​ស្រប​ច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត​។ រីឯ​មេខ្លោង និង​បក្ខពួក​មួយចំនួន​ទៀត សមត្ថកិច្ច​កំពុងតែ​ស្វែងរក ចាប់ខ្លួន ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់​។​

​ប្រភព​ពី​មន្ត្រី​នគរបាល​បានឲ្យដឹងថា ក្នុងការ​ចាប់ខ្លួន​អ្នក​៨​នាក់​នេះ សមត្ថកិច្ច​ដកហូត​បា​ន​អាវុធ​អាកា​ស្វាយ​បត់​ចំនួន​២៨​ដើម ដោយ​ជនសង្ស័យ​កប់​លាក់ទុក​នៅក្នុង​ដី ស្ថិតនៅ​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ចំនួន​២៥​ដើម (​អាកា​ស្វាយ​បត់​)​។ នៅ​ភូមិ​តេជោ​ក្បាលដំរី ឃុំ​តេជោ​អភិវឌ្ឍន៍​ស្រុក​ឈូក ខេត្ត​កំពត រក​ឃើញ​កាំភ្លើង​ចំនួន​ពីរ​ដើម (​អាកា​មួយ​ដើម និង​អឹម​សី​មួយ​ដើម​) និង​នៅ​ភូមិ​បឹង​ស្មុគ ឃុំ​ស្វាយ​ស ស្រុក​ក្រគរ ខេត្ត​ពោធិសាត់ រក​ឃើញ​កាំភ្លើង​CKC​មួ​យ​ដើម ។ ក្រៅពី​កាំភ្លើង​មាន បង់​ចំនួន​ពីរ គ្រាប់​អាកា​ចំនួន​១៧​គ្រាប់ និង M16 ចំនួន​២០​គ្រាប់​។​

​តាម​ចម្លើយ​របស់​ជនសង្ស័យ បាន​សារភាព​ថា ក្រុម​ខ្លួន​ចង់​ងើប​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល និង​ស្វះស្វែង​ប្រភព​ហិរញ្ញវត្ថុ​។​

​លោក​ឧត្តមសេនីយ៍ អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ បានឲ្យដឹងថា បន្ទាប់​ពី​ឃាត់ខ្លួន​មនុស្ស​ទាំង​៨​នាក់ ត្រូវបាន​នគរបាល​ក​សាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ កាលពី​ថ្ងៃ​ទី​30​ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​លោក​លី សុ​ផា​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង កាលពី​រសៀល​ថ្ងៃ​ទី​១ តុលា​នេះ​ថា អយ្យការ​បានសម្រេច​ចោទប្រកាន់​មនុស្ស​ទាំង​៨​នាក់ ពី​បទ​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ សន្និធិ​អាវុធ និង​គ្រឿងផ្ទុះ​ដោយ​គ្មាន​ការអនុញ្ញាត និង​ពី​បទ​ចូលរួម​ក្នុង​ក្រុម​ជនប្រដាប់អាវុធ តាម​មាត្រា​៤៨៥ មាត្រា ៤៨៦ និង​មាត្រា​៤៨៨ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ហើយ​សំណុំរឿង​នេះ បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×