ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ច្រានចោលទាំងស្រុងនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតនយោបាយពីសំណាក់ក្រុមសកម្មជនបក្សប្រឆាំងមួយចំនួន ដែលថា «រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តែបើរឿងរកយុត្តិធម៌ឱ្យជនរងគ្រោះវិញ មិនដែលបានយុត្តិធម៌សូម្បីម្នាក់»

ឯកឧត្ដម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងថា ក្នុងនាមជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ខ្ញុំសូមច្រានចោលទាំងស្រុងនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតនយោបាយពីសំណាក់ក្រុមសកម្មជនបក្សប្រឆាំងមួយចំនួន ដែលថា «រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តែបើរឿងរកយុត្តិធម៌ឱ្យជនរងគ្រោះវិញ មិនដែលបានយុត្តិធម៌សូម្បីម្នាក់»។ ការចោទប្រកាន់បែបនេះ គឺជាការញុះញង់ដល់កិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ក្រសួងយុត្តិធម៌ ក៏ដូចជាស្ថាប័នអយ្យការ និងស្ថាប័នតុលាការ ដែលបាន និងកំពុងបំពេញការងារយ៉ាងសកម្មដើម្បីការពារសិទ្ធិ សេរីភាព និងផលប្រយោជន៍ស្របច្បាប់ជូនប្រជាពលរដ្ឋរងគ្រោះ ពិសេសដាក់ចេញនូវយុទ្ធនាការចំនួន ២ គឺ ទី១-យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងទី២-យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ក្នុងន័យនេះ គណៈបញ្ជាការដឹកនាំយុទ្ធនាការទាំងពីរ បានជំរុញការដោះស្រាយការកកស្ទះសំណុំរឿង និងភាពមិនប្រក្រតីនិងតាមតុលាការ និងដើម្បីបង្កើនល្បឿន និងភាពត្រឹមត្រូវនៃការកាត់ក្តី ប្រកបដោយតម្លាភាពជូនប្រជាពលរដ្ឋ។

តាមរយៈសង្គមអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាកថា ខ្ញុំសូមជម្រាបជូនសាធារណជនថា បើមើលលើច្បាប់ស្តីពីការរៀបចំតុលាការ និងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា មិនមានចែងអំពីតួនាទីរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាអ្នកកាត់ក្តីឡើយ ហើយរដ្ឋមន្ត្រីយុត្តិធម៌មិនមានសិទ្ធិអំណាចក្នុងការជ្រៀតជ្រែកចូលក្នុងសំណុំរឿងក្តីណាមួយរបស់តុលាការឡើយ លើកលែងតែការធ្វើបណ្តឹងបរិហារទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ទរណ៍ ឬព្រះរាជអាជ្ញាអមសាលាដំបូង អំពីបទល្មើសដែលខ្លួនបានដឹង អាចធ្វើអធិបញ្ជតាមការណែនាំជាលាយលក្ខណ៍អក្សរដែលត្រូវដាក់បញ្ចូលទៅក្នុងសំណុំរឿង ឲ្យអគ្គព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ ឬធ្វើសេចក្តីសន្និដ្ឋានយ៉ាងណាតាមការដែលរដ្ឋមន្ត្រីយល់ឃើញថាជាការគួរ ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មិនអាចធ្វើអធិបញ្ជាដល់អគ្គព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញា ឲ្យធ្វើការតម្កល់ទុកឥតចាត់ការនូវរឿងក្ដីព្រហ្មទណ្ឌណាមួយបានឡើយ ។ តួនាទីរបស់រដ្ឋមន្ត្រី គឺការដឹកនាំ និងគ្រប់គ្រងលើក្រសួងយុត្តិធម៌ ដើម្បីធានាថាប្រព័ន្ធយុត្តិធម៌ ដំណើរការដោយរលូន យុត្តិធម៌ និងមានតម្លាភាព។ ដូច្នេះ ការទម្លាក់កំហុសមកលើឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជុំវិញបញ្ហានៃការសម្រេចសេចក្តីជំនួសតុលាការ ឬថារកយុត្តិធម៌ឱ្យជនរងគ្រោះមិនដែលបានសូម្បីម្នាក់ គឺជាការបង្ហាញនូវទស្សនៈអគតិ ល្ងង់ខ្លៅ និងមានចេតនាទុច្ចរិតក្នុងការបំភ័ន្តសាធារណមតិប៉ុណ្ណោះ»
ជាក់ស្តែង ក្នុងស្មារតីនៃការអនុវត្តកំណែទម្រង់ស៊ីជម្រៅលើវិស័យយុត្តិធម៌ ក្រសួង និងស្ថាប័នតុលាការបានដោះស្រាយសំណុំរឿងជាច្រើនរាប់មិនអស់ និងបានផ្តល់ភាពយុត្តិធម៌ជូនជនរងគ្រោះរាប់ម៉ឺននាក់ តាមរយៈការរៀបចំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការរាជធានី-ខេត្ត ដែលបានជួយឲ្យប្រជាពលរដ្ឋរងគ្រោះទទួលបានសំណង និងយុត្តិធម៌លឿនជាងមុន។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការជួយសម្របសម្រួលផ្តល់ភាពងាយស្រួល និងយុត្តិធម៌ជូនគូភាគីដោយសន្តិវិធី។ ការយកចិត្តទុកដាក់ខ្ពស់លើបណ្តឹងរបស់ប្រជាពលរដ្ឋត្រូវបានដាក់ទៅគណៈបញ្ជាការដឹកនាំយុទ្ធនាការទាំងពីរ ដើម្បីបញ្ជូនបន្តទៅកាន់ស្ថាប័នមានសមត្ថកិច្ចពិនិត្យ និងចាត់ការតាមផ្លូវច្បាប់។»
អភិក្រម “ ម៉ឹងម៉ាត់ និងត្រឹមត្រូវតាមច្បាប់” និង “ស្អាតស្អំ” ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់លើមន្ត្រីអនុវត្តច្បាប់ ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពនៃការអនុវត្តច្បាប់ប្រកបដោយការទទួលខុសត្រូវពីសំណាក់ស្ថាប័នអនុវត្តច្បាប់ទៅកាន់សាធារណជន និងដើម្បីការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
ជាក់ស្តែងគ្រាន់តែ ៦ខែដើមឆ្នាំ២០២៦នេះ ករណីស្នើសុំជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការមានចំនួន ៣២០ ករណីស្មើនឹង ៤១,០៨% ហើយតុលាការបានដោះស្រាយចប់សព្វគ្រប់បាន ១០០%។ ពាក្យបណ្ដឹងស្នើសុំឱ្យមានការត្រួតពិនិត្យអំពីភាពមិនប្រក្រតីមានចំនួន ៤៥៩ ករណីស្មើនឹង ៥៨,៩២%។ ទន្ទឹមនេះ, ពាក្យបណ្តឹងដែលនៅសល់មិនទាន់ចាត់ការពីឆ្នាំ២០២៥ មានចំនួន ២២០ ករណី។ ប៉ុន្តែ ពាក្យបណ្តឹងចំនួន ៨ ករណី ត្រូវបានម្ចាស់បណ្ដឹងដកពាក្យបណ្តឹងវិញ។ ដូច្នេះ ពាក្យបណ្តឹង ដែលត្រូវចាត់ការសរុបមានចំនួន ៦៧១ ករណី។
ក្នុងចំណោមពាក្យបណ្តឹងសរុបដែលទទួលបាននេះ, គណៈកម្មការដឹកនាំអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ចាត់ការរួចបានចំនួន៣៤៣ ករណី ស្មើនឹង ៥១,១២%។
ក្នុងចំណោមពាក្យបណ្តឹងដែលបានចាត់ការរួច ត្រូវបានរកឃើញថា “ពុំមានភាពមិនប្រក្រតី” ចំនួន ៣២៣ ករណី ស្មើនឹង ៩៤,១៧% ក្នុងនោះតុលាការបានសម្រេចដោយមានសំអាងហេតុត្រឹមត្រូវ និងច្បាស់លាស់មាន ចំនួន ១៣៤ ករណី ស្មើនឹង ៣៩,០៧%, សំណុំរឿងដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ហើយម្ចាស់បណ្ដឹងគ្រាន់តែបារម្ភថាអាចមានភាពមិនប្រក្រតីមានចំនួន១៨៣ ករណ៏ ស្មើនឹង ៥៣,៣៥% និងបានបញ្ជូនទៅធ្វើការសម្រុះសម្រួលគ្នាមានចំនួន ៦ ករណី ស្មើនឹង ១,៧៥%។
មានតម្រុយសង្ស័យថា “អាចមានភាពមិនប្រក្រតី” ចំនួន ២០ករណី ស្មើនឹង ៥,៨៣% ក្នុងនោះបានចាត់ឱ្យមានការចុះធ្វើអធិការកិច្ចចំនួន ១៦ ករណី ស្មើនឹង ៤,៦៦%, ស្នើសុំឱ្យមានការជំនុំជម្រះសាជាថ្មីចំនួន ៣ ករណី ស្មើនឹង ០,៨៧% និង ផ្ទេរសមត្ថកិច្ចចំនួន ១ ករណី ស្មើនឹង ០,២៩%។ ក្នុងចំណោមករណីដែលបានចុះអធិការកិច្ចទាំង ១៦ ករណី, មាន ១៤ ករណី ដែលពាក់ព័ន្ធនឹងចៅក្រមចំនួន ២៦ រូប
និងព្រះរាជអាជ្ញាចំនួន ៧ រូប ត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យ ស្រាវជ្រាវ និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។
ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការ, លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានធ្វើការសម្របសម្រួលផ្តល់មេធាវីស្ម័គ្រចិត្ត ដែលជាទីប្រឹក្សាក្រសួងយុត្តិធម៌ចំនួន ៣៥ រូប ដើម្បីជួយការពារក្តីដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋដែលបានដាក់ពាក្យស្នើសុំមកយុទ្ធនាការ។ ក្រសួងយុត្តិធម៌ បានសហការជិតស្និទ្ធជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងគណៈមេធាវី ដើម្បីផ្តល់សេវាផ្លូវច្បាប់ និងតំណាងដោយឥតគិតថ្លៃ ជូនដល់ជនក្រីក្រ និងជនរងគ្រោះដែលខ្វះខាតលទ្ធភាព។
ទន្ទឹមនេះ ការបញ្ជ្រាបយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏ត្រូវបានបង្កើត នោះគឺ «អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» ដែលជាជំហានយុទ្ធសាស្ត្រមួយក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋ (ជាពិសេសប្រជាពលរដ្ឋមានប្រាក់ចំណូលទាប) ឱ្យទទួលបានយុត្តិធម៌លឿន រហ័ស និងមិនអស់ថវិកា។
ក្រសួងយុត្តិធម៌បាននិងកំពុងធ្វើបច្ចុប្បន្នភាព និងកំណែទម្រង់ច្បាប់ ដោយកំពុងពិនិត្យ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តទាំងឡាយណាដែលនៅមានចន្លោះប្រហោង ដើម្បីធានាទោសប្បញ្ញត្តិមានភាពសមស្រប និងគ្មានការយោគយល់ចំពោះបទល្មើសធ្ងន់ធ្ងរ។
ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ខ្ញុំសូមអំពាវនាវដល់សាធារណជន កុំឱ្យជឿជាក់លើការញុះញង់ ឬការយកបញ្ហាប្រព័ន្ធយុត្តិធម៌មកធ្វើជាអាជីវកម្មនយោបាយ ហើយត្រូវចេះរកព័ត៌មានដែលនាំការពិតទៅសង្គម។ ប្រសិនបើក្រុមអ្នកចោទប្រកាន់ទាំងនោះ មានភស្តុតាងច្បាស់លាស់ថា មានអំពើអយុត្តិធម៌ ឬការរំលោភបំពានច្បាប់ណាមួយ សូមយកភស្តុតាងនោះមកដាក់ជូន គណៈបញ្ជាការដឹកនាំយុទ្ធនាការទាំងពីរ របស់ក្រសួងយុត្តិធម៌ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ មិនមែនគ្រាន់តែនិយាយដោយល្ងិតល្ងង់ ចោទប្រកាន់តាមខ្យល់ តាមបណ្តាញសង្គមក្នុងគោលបំណងទុច្ចរិតនោះឡើយ ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី