ភ្នំពេញ៖ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២៦ នេះ បានសម្រេចចោទប្រកាន់ ជនល្មើស ប្រុស-ស្រី ចំនួន ១៩នាក់ ជាប់ពាក់ព័ន្ធនឹង ការកែច្នៃ គ្រឿងញៀន ប្រមាណ ២០ គីឡូក្រាម -បង្កើត ជាក្លិន រសជាតិផ្លែឈើ កែច្នៃជាដំណាប់ផ្លែឈើ ជាចាហួយ និងសូកូឡាជាដើម នៅ ក្នុងរាជធានីភ្នំពេញ។
លោកឆាយ ហុង ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យ នៃ ស្ថាប័នអយ្យការ បានថ្លែងឱ្យដឹងថា: ” ករណីនេះ ត្រូវបានតំណាងអយ្យការសម្រេចបើកការស៊ើបសួរលើក្រុមជនសង្ស័យខាងលើ ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម”។
សមត្ថកិច្ចនគរបាល បានឱ្យដឹងថា: កាលពីថ្ងៃទី ២០ ដល់ ២៧ ខែ កក្កដា ឆ្នាំ ២០២៦ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបជាបន្តបន្ទាប់នូវបទល្មើសគ្រឿងញៀន ដោយឃាត់ជនល្មើសសរុប១៩នាក់ ក្នុងនោះមានជនជាតិអង់គ្លេសម្នាក់ និង ព្រមទាំង វត្ថុគ្រឿងញៀន មួយ ចំនួនធំ។
សមត្ថកិច្ចនគរបាល បានបន្តថា: នៅក្នុងប្រតិបត្តិការ បង្ក្រាបនោះ,
កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានបង្រ្កាបបទល្មើសគ្រឿងញៀនក្នុងរាជធានីភ្នំពេញ បានចំនួន៥ករណី ដោយឃាត់ខ្លួនជនល្មើសចំនួន១៩នាក់ (ស្រី៣នាក់) ក្នុងនោះជនជាតិអង់គ្លេសម្នាក់ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន និងកេតាមីនទម្ងន់ប្រហែល ៧គីឡូក្រាម និងកញ្ឆា ក្រៀម ទម្ងន់ប្រហែលជាង ១០គីឡូក្រាម សរុបប្រហែល ២០គីឡូក្រាម ព្រមទាំងដាវ កាំបិតកែច្នៃមួយចំនួន។
សមត្ថកិច្ចនគរបាល បានបញ្ជាក់ថា ក្រុមជនល្មើសបានយកកញ្ឆាមកកែច្នៃបង្កើតក្លិន រសជាតិផ្លែឈើ កែច្នៃជាដំណាប់ផ្លែឈើ ជាចាហួយ និងសូកូឡាជាដើម។
ជាមួយគ្នានេះ សមត្ថកិច្ចនគរបាល ក៏បានបង្រ្កាបទីតាំងជួញដូរ ប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន និង លេងល្បែងស៊ីសងហ្គេម JOKER ដែលប្រមូលផ្តុំដោយជនទំនើង និងក្មេងទំនើង ជាច្រើននាក់ ផងដែរ៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN







