ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលបង្វិលសំណុំរឿង «យ៉ង ប៉ាក» មកជំនុំជម្រះឡើងវិញ ជុំវិញសំណងជំងឺចិត្ត ៦០០លានរៀល ជូនលោកទេសរដ្ឋមន្ត្រីលោក ព្រាប កុល !!

ភ្នំពេញ៖ សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ ភ្នំពេញ កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានបើកសវនាការលើបណ្តឹងសារទុក្ខរបស់ជនជាប់ចោទឈ្មោះ យ៉ង ប៉ាក ដែលជំទាស់នឹងការបង្គាប់ឱ្យបង់សំណងជំងឺចិត្តចំនួន ៦០០លានរៀល (ប្រមាណ ១៥ម៉ឺនដុល្លារអាមេរិក) ជូនលោក ព្រាប កុល ដែលជាភាគីរដ្ឋប្បវេណីក្នុងសំណុំរឿង។

សំណុំរឿងនេះ ត្រូវបានតុលាការកំពូលបង្វិលមកសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីជំនុំជម្រះឡើងវិញជាពិសេសលើចំណុចពាក់ព័ន្ធនឹងសំណងជំងឺចិត្ត បន្ទាប់ពីជនជាប់ចោទ បានបន្តប្តឹងសារទុក្ខទៅតុលាការកំពូល។

សវនាការនេះ ដឹកនាំដោយលោក កូវ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង មានចៅក្រមប្រឹក្សាចំនួន៤ រូបទៀតចូលរួម។

តាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ឈ្មោះ យ៉ង ប៉ាក ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១ឆ្នាំ និងបង្គាប់ឱ្យបង់សំណងជំងឺចិត្តចំនួន ៦០០លានរៀល ជូនលោក ព្រាប កុល ជាភាគីរដ្ឋប្បវេណី។

ជនជាប់ចោទត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ញុះញង់ឱ្យមានការរើសអើង និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។

ក្រោយសាលាដំបូងចេញសេចក្តីសម្រេច ជនជាប់ចោទ ឈ្មោះ យ៉ង ប៉ាក បានប្តឹងទៅសាលាឧទ្ធរណ៍ ភ្នំពេញ ប៉ុន្តែសាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការ។

បន្ទាប់មក លោកបានបន្តប្តឹងសារទុក្ខទៅតុលាការកំពូល ដែលក្រោយមកតុលាការកំពូលបានបង្វិលសំណុំរឿងនេះ មកសាលាឧទ្ធរណ៍វិញ ដើម្បីពិនិត្យ និងជំនុំជម្រះឡើងវិញលើចំណុចពាក់ព័ន្ធនឹងសំណងជំងឺចិត្ត។

នៅក្នុងសវនាការ លោក យ៉ង ប៉ាក ដែលជាជនពិការជើងខាងឆ្វេង និងប្រើឈើច្រត់ បានស្នើសុំឱ្យក្រុមប្រឹក្សាជំនុំជម្រះពិចារណាអំពីស្ថានភាពជីវភាពរបស់លោក។

លោកបានអះអាងថា លោកបានអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១ឆ្នាំរួចរាល់ហើយ ប៉ុន្តែបច្ចុប្បន្នលោកគ្មានការងារធ្វើ និងមិនមានលទ្ធភាពបង់ប្រាក់ចំនួន៦០០លានរៀលនោះទេ។

លោកបានបញ្ជាក់ថា ប្រពន្ធរបស់លោកធ្វើការជាកម្មការិនីរោងចក្រ។

លោក យ៉ង ប៉ាក បានស្នើសុំឱ្យ ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ
មេត្តាពិចារណា និង កាត់បន្ថយសំណងជំងឺចិត្តមកនៅត្រឹម ១០លានរៀល (ប្រមាណ ២,៥០០ដុល្លារអាមេរិក)។

ទោះជាយ៉ាងណា មេធាវីការពារក្តីឱ្យលោក ព្រាប កុល បានជំទាស់នឹងសំណើរបស់ជនជាប់ចោទ ដោយស្នើឱ្យក្រុមប្រឹក្សាជំនុំជម្រះតម្កល់សេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោមទុកជាបានការ ដដែល។

មេធាវីបានលើកឡើងថា ការសរសេរ និងការចោទប្រកាន់របស់ជនជាប់ចោទដោយគ្មានភស្តុតាងគាំទ្រគ្រប់គ្រាន់ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពស្អាតស្អំរបស់កូនក្តីរបស់លោក ហើយលោកមិនអាចទទួលយកការចោទប្រកាន់បែបនេះបានឡើយ។

សាលាឧទ្ធរណ៍ ភ្នំពេញ នឹងប្រកាសសាលដីកា លើសំណុំរឿងនេះ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN