ភ្នំពេញ: សាលាឧទ្ធរណ៍ ភ្នំពេញ កាលពីព្រឹកថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២៦នេះ បានប្រកាសសាលដីកា ដោយសម្រេច តម្កល់ ទណ្ឌកម្ម របស់បុរសជាប់ចោទចិនម្នាក់ ដាក់គុក កំណត់ ២២ ឆ្នាំ ដដែល ជាប់ពាក់ព័ន្ធ ការស៊ីឈ្នួល ដឹកជញ្ជូនគ្រឿងញៀន ពី រាជធានីភ្នំពេញ ទៅខេត្តស្វាយរៀង ប្រព្រឹត្ត កាលពី អំឡុងឆ្នាំ ២០២៤។
ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ទរណ៍ ភ្នំពេញ លោកចៅក្រម ប៉ុល សំអឿន បានថ្លែងឱ្យដឹងនៅក្នុងអង្គសវនាការថា: ជនជាប់ចោទ រូបនេះ មានឈ្មោះ ឈិន ចុង ភេទប្រុស អាយុ ៤៣ ឆ្នាំ មានមុខរបរ មុនចាប់ខ្លួន: ជាមេការសំណង់ ធ្វើការជាមួយ ក្រុមហ៊ុនសំណង់ចិន មួយកន្លែង នៅក្នុងរាជធានីភ្នំពេញ។
លោកចៅក្រម បានថ្លែងថា: នៅក្នុងសំណុំរឿងក្តីនេះ, ពិរុទ្ធជន ឈ្មោះ ឈិន ចុង ត្រូវបាន សាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២៥ បានកាត់ទោស ដាក់គុក កំណត់ ២២ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ៤០ លានរៀល (ប្រមាណម៉ឺនដុល្លារអាមេរិក) ដាក់ថវិកាជាតិ។
ជនជាប់ចោទ ត្រូវបានជាប់ចោទ ពីបទ: រក្សាទុក និង ដឹកជញ្ជូន ដោយខុសច្បាប់ នូវ សារធាតុញៀន តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន ប្រព្រឹត្ត នៅក្នុង ឆ្នាំ ២០២៤។
ជនជាប់ចោទ ត្រូវបានបាប់ខ្លួន ដោយសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០២៤ បន្ទាប់ពី គាត់បានដឹកជញ្ជូន គ្រឿងញៀន ពីរាជធានី ភ្នំពេញ មកកាន់ ខេត្តស្វាយរៀង។
ក្រោយការឃាត់ខ្លួន, សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានគ្រឿងញៀន ប្រភេទ MDMA ចំនួន ៤៩ កញ្ចប់ និង ថ្នាំញៀន ប្រភេទផ្សេងៗ ទៀត ចំនួន ១៨ មុខ ព្រមទាំងនវត្ថុតាង ពាក់ព័ន្ធ មួយចំនួនធំទៀត។
សូមបញ្ជាក់ថា: នាពេលសវនាការ, ឈ្មោះ ឈិន ចុង បានឆ្លើយ បដិសេធចំពោះការចោទប្រកាន់ ប៉ុន្ដែ គាត់ ទទួលស្គាល់ថា: ថ្នាំញៀន ដែលសមត្ថកិច្ចនគរបាល បានដកហូតពីខ្លួន នោះ គឺ ជារបស់ បុរសជនជាតិ តៃវ៉ាន់ម្នាក់ ដែលបានជួលខ្លួន ដឹក ក្នុង តម្លៃ ៣០០ ដុល្លារអាមេរិក ពី រាជធានីភ្នំពេញ ទៅ ក្រុងបាវិត។
ឈិន ចុង និយាយថា: មុនការឃាត់ខ្លួន គាត់ធ្លាប់ត្រូវបានជួល ដោយ បុរសតៃវ៉ាន់ ដែលបច្ចុប្បន្ន រត់គេចខ្លួននោះ បានចំនួន ២ដង ដោយលើកទីមួយ គាត់ទទួលបាន កម្រៃ ២០០ ដុល្លារអាមេរិក។
ឈ្មោះ ឈិន ចុង និយាយថា: តែ នៅពេលនោះ គាត់មិនបានដឹងថា: ទំនិញដែលខ្លួន បានដឹកនោះ គឺជា គ្រឿងញៀននោះទេ ហើយថា: ខ្លួនបានដឹងវា គឺ នៅពេល ដែលគាត់ត្រូវចាប់ឃាត់ខ្លួន ហើយ សមត្ថកិច្ចនគរបាល បានបើក បង្ហាញ គ្រឿងញៀនទាំងនោះ អោយខ្លួនមើល ។ ទើបភ្ញាក់ខ្លួន??៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN


