រាជធានីភ្នំពេញ៖ អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់ និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។
អនុសាសន៍របស់សម្តេចធិបតី៖
១. ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តលើកកម្ពស់ការអប់រំឌីជីថល ក្នុងបរិការណ៍ នៃបដិវត្ត ឧស្សាហកម្ម ៤.០ តាមរយៈ ការកែលម្អវេទិកាឌីជីថល និង បង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល, ការផលិតវីដេអូបង្រៀនមុខវិជ្ជាគោល និង សម្រាប់ថ្នាក់ប្រឡង, ការបញ្ចូលបច្ចេកវិទ្យាឌីជីថល ទៅក្នុងការរៀន និងការបង្រៀន, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមសាលារៀន, និង ការបង្កើតកម្មវិធីអប់រំឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និង ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ, បរិវត្តកម្មបច្ចេកវិទ្យា, និងការផ្លាស់ប្តូរនិម្មាបនកម្មសកល ។
២. ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស ឱ្យ ឆ្លើយតបកាន់តែប្រសើរ ទៅនឹងការកើនឡើងនៃការប្រកួតប្រជែងក្នុងទីផ្សារការងារ ព្រមទាំង ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ជាពិសេស ក្នុងបរិការណ៍ នៃការប្រកួតប្រជែងលើគ្រប់ទិដ្ឋភាព, ទាំង ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម, ក៏ដូចជា ការរីកលូតលាស់យ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា, ការអភិវឌ្ឍវិស័យសង្គមសេដ្ឋកិច្ច ដែលលម្អៀងទៅរកការប្រើប្រាស់បច្ចេកវិទ្យា និង ការផ្លាស់ប្តូរនិម្មាបនកម្មសកល ក្នុងគោលបំណងចម្បងបង្កើនភាពធន់ និង កសាងសង្គម សេដ្ឋកិច្ចឌីជីថលរឹងមាំ ។
៣. ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកដល់ការ កសាងពលរដ្ឋឌីជីថល និង បង្កើនសមត្ថភាពសិស្សនិស្សិតលើវិស័យឌីជីថល សំដៅបង្កើន ប្រសិទ្ធភាពនៃការបង្រៀន និងការរៀនតាមប្រព័ន្ធឌីជីថល ព្រមទាំងលើកកម្ពស់ដល់ស្វ័យសិក្សា របស់សិស្សនិស្សិត ។ ដោយត្រូវសហការជាមួយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ធ្វើការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៅតាមសាលារៀន សម្រាប់ជំរុញការបណ្តុះបណ្តាលតាម ប្រព័ន្ធអនឡាញ សំដៅសម្រេចបានការអប់រំប្រកបដោយនិរន្តរភាព និង បរិយាបន្ន ព្រមទាំង លើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវ និង ការរៀនមួយជីវិតសម្រាប់ទាំងអស់គ្នា ។
៤. ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តលើកកម្ពស់គុណភាពអប់រំ ដោយចាប់ផ្តើមពីការលើក កម្ពស់គុណភាពគ្រូ គុណភាពនាយកសាលា ដោយផ្តោតលើវិធីសាស្ត្របង្រៀន កម្មវិធីបង្រៀន និង សម្ភារបរិក្ខារ ឱ្យបានសមស្របនឹងចក្ខុវិស័យនៃការអប់រំសតវត្សទី២១ ។ ទន្ទឹមនេះ, ក្រសួង ត្រូវបន្តខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និង បរិស្ថាន ជាពិសេស ការរៀបចំឱ្យមានបណ្ណាល័យ ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និង ឯកសារគ្រប់គ្រាន់សម្រាប់ការសិក្សារៀនសូត្រ និង ការស្រាវជ្រាវ នៅតាមគ្រឹះស្ថានសិក្សា, ទាំងរដ្ឋ និង ឯកជន ។
ជាមួយគ្នានេះ, ថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្ត្រាចារ្យ និង បុគ្គលិកសិក្សា ត្រូវបន្តដើរ តួនាទីនាំមុខ ជាទីប្រឹក្សា, ជាអ្នកតម្រង់ទិស, ជាអ្នកស្រាវជ្រាវ, និង ជានវានុវត្តជន ដែលត្រូវ ប្រឹងប្រែងអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ, ទាំងផ្នែក ចំណេះដឹង ចំណេះធ្វើ វិធីសាស្ត្របង្រៀន និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្រៀន និងផ្សារភ្ជាប់ ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី














