ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅខេត្តសៀមរាប ប្រទេសកម្ពុជា

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៦ខែសីហានេះ បានចេញផ្សាយព័ត៌មានឲ្យដឹងថា កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបាននាំអ្នកជំនាញឯកទេសរបស់មន្ត្រីអនុវត្តច្បាប់អាមេរិកមកដោយផ្ទាល់ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ការក្លែងបន្លំឯកសារ និងឧក្រិដ្ឋកម្មឆ្លងដែន។
នៅថ្ងៃទី២៨–៣០ខែកក្កដា សេវាសន្តិសុខការទូត នៃក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មក្រៅប្រទេស ប្រចាំស្ថានទូតអាមេរិកនៅភ្នំពេញ បានបណ្តុះបណ្តាលមន្ត្រីនគរបាលកម្ពុជា ចំនួន ៨០នាក់ មន្ត្រីអន្តោប្រវេសន៍ ចំនួន ៥០នាក់ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ ចំនួន ៤០នាក់ នៅខេត្តសៀមរាប ដើម្បីពង្រឹងសមត្ថភាពក្នុងការស្គាល់ និងប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។
នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប មន្ត្រីបានទទួលការបណ្តុះបណ្តាលជាក់ស្តែងអំពីការកំណត់អត្តសញ្ញាណករណីជួញដូរមនុស្ស បច្ចេកទេសសម្ភាសន៍ជនសង្ស័យ និងជនរងគ្រោះ ការរកឃើញអ្នកក្លែងបន្លំអត្តសញ្ញាណ ការការពារសុវត្ថិភាពរបស់មន្ត្រី និងការឆ្លើយតបចំពោះការគំរាមកំហែងដែលពាក់ព័ន្ធនឹងកាំបិត និងអាវុធផ្សេងៗ។
ដោយឡែក វគ្គបណ្តុះបណ្តាលនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានផ្តល់ចំណេះដឹងដល់មន្ត្រីអន្តោប្រវេសន៍ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ អំពីការសម្គាល់សញ្ញាបង្ហាញនៃអំពើជួញដូរមនុស្ស ការរកឃើញអ្នកក្លែងបន្លំអត្តសញ្ញាណ ការផ្ទៀងផ្ទាត់លក្ខណៈសុវត្ថិភាពនៃឯកសារ និងការទប់ស្កាត់ការក្លែងបន្លំ។
សហរដ្ឋអាមេរិកកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយកម្ពុជា ក្នុងការអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ពង្រឹងសន្តិសុខព្រំដែន និងសម្រេចបានលទ្ធផលជាក់ស្តែង។ តាមរយៈការបំពាក់បំប៉នជំនាញដល់មន្ត្រីជួរមុខរបស់កម្ពុជា ក្នុងការរកឃើញការក្លែងបន្លំ រំខានដល់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន និងការពារបុគ្គលដែលងាយរងគ្រោះ កិច្ចសហប្រតិបត្តិការនេះរួមចំណែកធ្វើឱ្យទាំងកម្ពុជា និងសហរដ្ឋអាមេរិកកាន់តែមានសុវត្ថិភាព។ រក្សាសិទ្ធិដោយ៖សុទ្ធលី