សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញសារលិខិតក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនៃការប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និង លើកទី២២ នៅកម្ពុជា នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយឥតឧបមា សូមចូលរួមអបអរសាទរជាមួយបងប្អូនជនជាតិ ដើមភាគតិចនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាជាតិលើសកលលោក ក្រោមប្រធានបទ «ការលើក តម្កើងតួនាទីឆ្មប ជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព» ដែលផ្តោតសំខាន់ លើការការពារ និងថែរក្សាចំណេះដឹងប្រពៃណី ដោយផ្សារភ្ជាប់ជាមួយនឹងវិស័យសុខាភិបាលបែបទំនើប ក្នុងការ
រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពនៅតាមសហគមន៍ជនជាតិដើមភាគតិច។
អនុលោមតាមសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ កម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការលើកកម្ពស់សិទ្ធិ និងជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍប្រកបដោយបរិយាបន្ន។ ចាប់តាំងពីឆ្នាំ២០០៥មក រាជរដ្ឋាភិបាលបានចាត់ទុកទិវានេះ ជាវេទិកា ដ៏វិសេសវិសាលក្នុងការបង្កើនសាមគ្គីភាពជាតិ និងឆ្លុះបញ្ចាំងពីចក្ខុវិស័យយូរអង្វែងក្នុងការធានានូវសុខដុមនីយកម្ម សង្គម។ ទោះបីជាយើងមានប្រពៃណី និងជំនឿផ្សេងៗគ្នាក៏ដោយ ប៉ុន្ដែពួកយើងមានគោលដៅតែមួយ គឺកសាង មាតុភូមិកម្ពុជាឱ្យបានរុងរឿង និងស៊ីវិល័យ។
ក្រោមម្លប់សុខសន្តិភាព និងការបង្រួបបង្រួមជាតិ ព្រះរាជាណាចក្រកម្ពុជាបានប្រែក្លាយពីប្រទេសក្រីក្រ មកជាប្រទេសមានការអភិវឌ្ឍតាមមាគ៌ាលទ្ធិប្រជាធិបតេយ្យ និងបានធ្វើសមាហរណកម្មចូលទៅក្នុងតំបន់ និង អន្តរជាតិគួរជាទីមោទនៈ។ កម្ពុជាបានធ្វើការអភិវឌ្ឍលើគ្រប់វិស័យ សំដៅឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ កម្ពុជានៅឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដោយមានយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាត្រីវិស័យ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការងារអភិរក្សនិងអភិវឌ្ឍន៍ជនជាតិ ដើមភាគតិច តាមរយៈការជំរុញឱ្យពួកគាត់ទទួលបានឱកាសស្មើៗគ្នា ក្នុងការវិវត្តនៃសង្គមទំនើបដោយផ្ដល់តម្ល ខ្ពស់បំផុតដល់ភាពសម្បូរបែបនៃវប្បធម៌ និងអត្តសញ្ញាណជាតិ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវការកោតសរសើរ ចំពោះបងប្អូនជនជាតិដើមភាគតិចទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់ ដែលធ្វើឱ្យកម្ពុជាប្រៀប ដូចជា «សួនផ្កាចម្រុះពណ៌» ដ៏ស្រស់ត្រកាល និងរស់រវើក។ លើសពីនេះ បងប្អូនជនជាតិដើមភាគតិច ក៏បានបង្ហាញ នូវស្មារតីស្នេហាជាតិ តាមរយៈការចូលរួមចំណែកក្នុងការការពារបូរណភាពទឹកដី និងការថែរក្សាធនធានធម្មជាតិ ដែលជាសម្បត្តិមហាសាលរបស់ជាតិយើង ក្នុងនាមជាពលរដ្ឋកម្ពុជា។ ដូចនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូន ជនជាតិដើមភាគតិចទាំងអស់ បន្តរក្សានូវស្មារតីមោះមុតនេះ ដើម្បីរួមចំណែកកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ឆ្ពោះទៅរកសង្គមជាតិមួយដែលមានសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងកិត្យានុភាព ក្រោមដំបូលនៃ «ខ្មែរតែមួយ»។ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនជនជាតិដើមភាគតិច និងបងប្អូនជនរួមជាតិ!
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោត- សរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង សា្ថប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ក្នុងការ ជំរុញការងារអភិរក្សនិងអភិវឌ្ឍន៍ជនជាតិដើមភាគតិចនាពេលកន្លងមក។
ដើម្បីបន្តលើកកម្ពស់ឧត្តមប្រយោជន៍របស់បងប្អូនជនជាតិដើមភាគតិច ឱ្យកាន់តែមានប្រសិទ្ធភាព និង ចីរភាព ខ្ញុំសូមផ្តល់នូវអនុសាសន៍មួយចំនួនដូចតទៅ៖
ទី១- ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តអនុវត្តច្បាប់ បទដ្ឋានគតិយុត្ត និងគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិចឱ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវសមភាព និងសមធម៌។
ទី២- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការកំណត់អត្តសញ្ញាណ និងពន្លឿនការចុះបញ្ជីដីសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិច ដើម្បីរក្សាបាននូវវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ឱ្យបានគង់វង្ស ព្រមទាំង ធានាភាពជាម្ចាស់ក្នុងដំណើរការអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាបន្ន។
ទី៣-ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវជំរុញ និងលើកទឹកចិត្តជនជាតិដើមភាគតិចឱ្យទទួលបានការបណ្ដុះបណ្ដាល ជំនាញឆ្មបតាមបែបវេជ្ជសាស្ត្រទំនើបស្របតាមគោលការណ៍សុខាភិបាល ដើម្បីការពារជីវិត និងលើកកម្ពស់
សុខុមាលភាពសហគមន៍ជនជាតិដើមភាគតិច។
ទី៤- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាន តាមរយៈការអភិរក្សនិងអភិវឌ្ឍន៍ជនជាតិដើមភាគតិច ដើម្បីបង្កើនមុខរបរ បង្កើនប្រាក់ចំណូល និង លើកកម្ពស់វិស័យទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិនៅក្នុងសហគមន៍ជនជាតិដើមភាគតិច។
ទី៥- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំមជ្ឈមណ្ឌល ពិព័រណ៍សហគមន៍ជនជាតិដើមភាគតិច ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ និងការអភិរក្សយូរអង្វែង សម្រាប់សាធារណជន។
ទី៦- ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវរួមគ្នាជំរុញការផ្ដល់ឱកាសដល់យុវជនជនជាតិដើមភាគតិច ក្នុងការទទួលបានការអប់រំ ចំណេះដឹងទូទៅ ជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនសមត្ថភាពក្នុងការចូលរួមអភិវឌ្ឍសហគមន៍ និងសង្គមជាតិ។
ទី៧- គ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន ត្រូវបង្កើនការផលិត និងផ្សព្វផ្សាយអំពីសក្តានុពល និង គុណតម្លៃនៃជនជាតិដើមភាគតិច ដើម្បីឱ្យសាធារណជន និងអន្តរជាតិ បានជ្រួតជ្រាបកាន់តែស៊ីជម្រៅ និងរួមគ្នា អភិរក្សវប្បធម៌ និងប្រពៃណីដ៏សម្បូរបែប។
ទី៨- ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សូមបន្តផ្ដល់ការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកប
ដោយចីរភាព។
ទី៩- ក្រសួង ស្ថាប័នពាក់ព័ន្ធ បងប្អូនជនរួមជាតិ និងបងប្អូនជនជាតិដើមភាគតិច ត្រូវបន្តការពារ ថែរក្សា ធនធានធម្មជាតិ និងការដាំដុះបន្ថែមនូវរុក្ខជាតិដែលជាប្រភពការផលិតឱសថបុរាណ ដើម្បីធានាការប្រើប្រាស់ ប្រកបដោយនិរន្តរភាព។
ទី១០- បងប្អូនជនរួមជាតិ និងបងប្អូនជនជាតិដើមភាគតិចទាំងអស់ ត្រូវបន្តថែរក្សាសាមគ្គីភាពផ្ទៃក្នុង ឱ្យកាន់តែរឹងមាំ និងផ្ទេរជំនាញវិជ្ជាជីវៈដូនតា និងចំណេះដឹងប្រពៃណីដ៏ល្អផូរផង់ដល់កូនចៅជំនាន់ក្រោយ។រក្សាសិទ្ធិដោយ៖សុទ្ធលី








