ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺគ្រុនឈាមហក់ឡើងជាង៣០០នាក់នៅកោះសូទិនអាជ្ញាធរណែនាំឲ្យគ្រូពេទ្យព្យាបាលជំងឺតាមបច្ចេកទេសសុខាភិបាល

ខេត្តកំពង់ចាម៖ ក្នុងរដូវវស្សានៅតាមភូមិឋានមួយចំនួនមានព្រៃដុះទ្រុបទ្រុល
ដែលបង្ករឲ្យមានជម្រកមុខខ្លាកូនចៅប្រជាពលរដ្ឋបណ្ដាលឲ្យកើតមានជំងឺគ្រុនឈាម។ដោយមើលឃើញនៅកត្តានេះត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជំងឺគ្រុនឈាម និងការផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ដោយធ្វើឡើងនៅថ្ងៃទី៨សីហា ឆ្នាំ២០២៦។ស្របពេលដែលស្ថានភាពជំងឺនេះបានកើនឡើងចំនួន៣៣២នាក់ ក្រោមការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យផងដែរ។

តាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ជំងឺគ្រុនឈាមបានផ្ទុះឡើងខ្លាំងចាប់ពីចុងខែមិថុនា ឆ្នាំ២០២៦ ហើយគិតមកដល់ពេលនេះ មានអ្នកជំងឺសរុបចំនួន ៣៣២នាក់។ ក្នុងចំណោមនេះ មានអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៥៨នាក់ អ្នកជំងឺថ្មីចំនួន ១៨នាក់ អ្នកជំងឺបានជាសះស្បើយចំនួន ២៤៨នាក់ និងមានអ្នកជំងឺចំនួន ១៧នាក់ ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់អ្នកជំងឺ ព្រមទាំងបានណែនាំដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ ដោយអនុវត្តតាមគោលការណ៍បច្ចេកទេស និងវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្ទីរសុខាភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ឱ្យបន្តពង្រឹងការងារបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម តាមរយៈការផ្សព្វផ្សាយអប់រំសុខភាព និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការលុបបំបាត់ជម្រកមូសខ្លា ជាពិសេសការកម្ចាត់ទឹកដក់នៅជុំវិញលំនៅឋាន និងរក្សាអនាម័យបរិស្ថានឱ្យបានជាប្រចាំ។

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម។ ក្នុងករណីមានរោគសញ្ញាសង្ស័យ គួរប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីទទួលបានការពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា៕រក្សាសិទ្ធិដោយ៖(ភ្នំប្រុសភ្នំស្រី)