ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលចាប់ខ្លួនជនសង្ស័យដែលចាក់ចាក់សម្លាប់ប្រពន្ធ ខ្លួនឯង នៅស្រុកត្រាំកក់

ខេត្តតាកែវ÷ កម្លាំងនគរបាលស្រុកពារាំង បានសហការជាមួយកម្លាំងនគរបាលខេត្តតាកែវ និងកម្លាំងនគរបាលទូទាំងខេត្តព្រៃវែង ចាប់ខ្លួនជនសង្ស័យជាប្តីដែលចាក់ចាក់សម្លាប់ប្រពន្ធ ខ្លួនឯង នៅស្រុកត្រាំកក់ បានហេីយ។​ ករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៦ ស្ថិតនៅភូមិដកវ៉ាន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។ ដោយបុរសជាប្តី បានប្រើកាំបិតចាក់ប្រពន្ធរបស់ខ្លួនប្រមាណចំនួន ០៥កាំបិត បណ្តាលឱ្យស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម ។

ជនរងគ្រោះ ឈ្មោះ និល ចាន់សុភា ភេទស្រី អាយុ ៥០ឆ្នាំ ខណៈជនសង្ស័យជាប្តី ឈ្មោះ ជុំ ផូ អាយុ៤៨ឆ្នាំ ។ ក្រោយធ្វើសកម្មភាព ជនសង្ស័យបានជិះម៉ូតូ Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ តាកែវ 1V-4858 រត់គេចខ្លួន។

ក្រោមការដឹកនាំរបស់ លោក វរសេនីយ៍ទោ ស៊ុ សីហា អធិការនគរបាលស្រុកពារាំង កម្លាំងនគរបាលស្រុកពារាំង បានសហការជាមួយកម្លាំងនគរបាលខេត្តតាកែវ និងកម្លាំងនគរបាលទូទាំងខេត្តព្រៃវែង ដោយបានរាយកម្លាំងតាមគោលដៅ និងគ្រប់ច្រកល្ហក ដើម្បីស្វែងរកជនសង្ស័យ។

តាមរយៈកិច្ចសហការរវាងកម្លាំងសមត្ថកិច្ច និងការស្រាវជ្រាវយ៉ាងសកម្ម ជនសង្ស័យត្រូវបានសមត្ថកិច្ច តាមរកឃើញ និងចាប់ខ្លួនបាននៅក្នុងខេត្តព្រៃវែង ហើយបាននាំខ្លួនមកកាន់សមត្ថកិច្ច ដើម្បីបន្តនីតិវិធីច្បាប់។
ចំពោះ មូលហេតុដែលនាំឱ្យកើតមានអំពើហិង្សារហូតឈានដល់ការសម្លាប់ប្រពន្ធ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តបន្ថែម ដើម្បីកំណត់មូលហេតុពិតប្រាកដ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិដោយ៖សុទ្ធលី