ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ៖ គុនខ្មែរ ត្រូវការកម្លាំងរួម មិនត្រូវការការបំពុលពីខាងក្នុងទេ!

លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ កាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០២៦ បានថ្លែងសារក្នុងបណ្តាញផ្លូវការថា ក្នុងរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញថា មានអេដមីនផេកមួយចំនួន តែងតែបញ្ចេញព័ត៌មាន និងមតិយោបល់ក្នុងទិសដៅរិះគន់ បន្ទោស ឬបង្អាប់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយមិនបានស្វែងយល់ការពិត ឬមានចេតនាមិនល្អណាមួយនៅពីក្រោយ។
ការរិះគន់ដោយស្ថាបនា គឺជារឿងល្អ និងជាផ្នែកមួយនៃការអភិវឌ្ឍ។ ប៉ុន្តែ ការរិះគន់ដែលមានតែការបន្ទោស បង្អាប់ បំភ្លៃ ឬបង្កើតទស្សនៈអវិជ្ជមានជាប្រចាំ ដោយមិនបានចូលរួមរកដំណោះស្រាយ វាមិនបានជួយអ្វីដល់គុនខ្មែរឡើយ។

ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ សូមសួរដោយស្មោះត្រង់ថា៖ក្នុងពេលដែលសហព័ន្ធ ម្ចាស់ឧបត្ថម្ភ ស្ថានីយ៍ទូរទស្សន៍ និងថ្នាក់ដឹកនាំប្រទេស កំពុងខិតខំប្រឹងប្រែង ដើម្បីអភិរក្ស អភិវឌ្ឍលើកស្ទួយគុនខ្មែរ និងនាំកីឡាករខ្មែរឡើងប្រកួតលើឆាកអន្តរជាតិ តើហេតុអ្វីបានជាមានអ្នកខ្លះ បែរជាចំណាយពេលតាមរិះគន់ និងបង្អាប់គុនខ្មែររបស់ខ្លួនឯងជាប្រចាំទៅវិញ?
យើងមិនដែលឃើញការចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗ អំពីការរីកចម្រើនរបស់គុនខ្មែរ ដើម្បីឱ្យបរទេសស្គាល់ និងគាំទ្រកីឡាករខ្មែរ ឱ្យបានច្រើនពីបុគ្គលទាំងនោះទេ។ ផ្ទុយទៅវិញ ពេលមានបញ្ហាតូចមួយ កំហុសមួយ ឬព័ត៌មានមិនទាន់ពេញលេញណាមួយ គឺប្រញាប់ចេញមុខមកផ្សព្វផ្សាយ មកចែករំលែកយ៉ាងទូលំទូលាយដោយគ្មានមូលដ្ឋាន។
បើស្រឡាញ់គុនខ្មែរ តើយើងគួរជួយលើកស្ទួយ ឬជួយទាញគុនខ្មែរឱ្យធ្លាក់?

លោកប្រធានបានបន្តទៀតថា ថ្ងៃនេះមានការវែកញែកករណីរឿងកីឡាករ ចាន់ ប៊ុនហឿន រងរបួសសរសៃពួរ។ ករណីនេះ ខ្ញុំចង់បញ្ជាក់ថា មកដល់ពេលនេះ សហព័ន្ធបានយកចិត្តទុកដាក់ ចាត់ចែងរ៉ាប់រងលើករណីកីឡាករ ចាន់ ប៊ុនហឿន ដោយកីឡាករមិនបានចំណាយថវិកាផ្ទាល់ខ្លួនលើថ្លៃព្យាបាលឡើយ។ សហព័ន្ធនឹងបន្តតាមដាន បើក្នុងករណីមានការចាំបាច់ ធ្វើការវះកាត់ ក៏សហព័ន្ធនឹងបន្តរ៉ាប់រងដូចករណីដ៏ទៃទៀតដែរ។
សូមជប្រាបថា កន្លងមកនេះ សហព័ន្ធមិនដែលមើលរំលងសុខទុក្ខរបស់កីឡាករ និងកីឡាការិនីរូបណាឡើយ។
នៅពេលកីឡាករ ឬកីឡាការិនីរងរបួស ក្នុងពេលហ្វឹកហាត់ ឬក្នុងការប្រកួត សហព័ន្ធតែងតែយកចិត្តទុកដាក់ និងចាត់ចែងអន្តរាគមន៍ឱ្យទទួលបានការព្យាបាលទាន់ពេលវេលា ព្រមទាំងចូលរួមរ៉ាប់រងថ្លៃព្យាបាល និងតាមដានការថែទាំជាបន្តបន្ទាប់ តាមករណីជាក់ស្តែង។
មានករណីជាច្រើនដែលសហព័ន្ធបានចំណាយធនធានយ៉ាងច្រើន ដើម្បីជួយសង្គ្រោះ និងព្យាបាលកីឡាករ កីឡាការិនីដែលរងរបួសធ្ងន់ៗ ដូចជា៖

  • កីឡាការិនី ជា សុណា នៅខេត្តសៀមរាប — សហព័ន្ធបានចំណាយថវិកាជិត ១០,០០០ ដុល្លារអាមេរិក សម្រាប់ការព្យាបាល និងការថែទាំ រហូតអាចរក្សាជើងបាន មិនចាំបាច់ឈានដល់ការកាត់ជើង។
  • កីឡាករ អ៊ូច ធារិទ្ធ — បានទទួលការវះកាត់ពាក់ព័ន្ធនឹងបញ្ហាឈាមកកក្នុងខួរក្បាល ហើយសហព័ន្ធបានចូលរួមចាត់ចែង និងទទួលបន្ទុកក្នុងការព្យាបាល។
  • កីឡាករ សោម ពិសិទ្ធិ — បានទទួលការវះកាត់ព្យាបាលរបួសស្មា និងទទួលបានការយកចិត្តទុកដាក់ពីសហព័ន្ធ។
    ក្រៅពីនេះ នៅមាន កីឡាករ និងកីឡាការិនីរាប់សិបនាក់ទៀត ដែលធ្លាប់ទទួលបានការជួយសង្គ្រោះ និងការព្យាបាលតាមរយ:សហព័ន្ធក្នុងពេលមានរបួស។
    នេះគឺជាការងារដែលមិនសូវមានអ្នកយកមកនិយាយទេ ព្រោះសហព័ន្ធមិនបានធ្វើការដើម្បីយកការសរសើរ (យកមុខ) នោះទេ។ យើងធ្វើ ព្រោះកីឡាករ និងកីឡាការិនីគឺជាធនធានមនុស្សដ៏សំខាន់របស់គុនខ្មែរ។
    គុនខ្មែរ មិនមែនជារបស់សហព័ន្ធម្នាក់ឯងទេ។
    គុនខ្មែរ មិនមែនជារបស់កីឡាករម្នាក់ឯងទេ។
    គុនខ្មែរ គឺជាមរតក និងជាមោទកភាពរបស់ជាតិខ្មែរ។
    ដូច្នេះ អ្នកដែលស្រឡាញ់គុនខ្មែរ គួរតែចូលរួម ផ្សព្វផ្សាយចំណុចល្អ ជួយរកដំណោះស្រាយ និងផ្តល់ការរិះគន់ប្រកបដោយស្ថាបនា ដើម្បីឱ្យគុនខ្មែរកាន់តែរឹងមាំ ទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិ។
    យើងមិនខ្លាចការរិះគន់ទេ។
    យើងខ្លាចតែការរិះគន់ដែលធ្វើឱ្យខ្មែរបែកបាក់ និងធ្វើឱ្យបរទេសមើលគុនខ្មែរក្នុងរូបភាពអវិជ្ជមាន។
    ថ្ងៃនេះ អ្នកខ្លះអាចមិនពេញចិត្តចំពោះសហព័ន្ធ។ អាចមិនពេញចិត្តចំពោះកម្មវិធី ឬការសម្រេចចិត្តមួយចំនួន។ នោះជាសិទ្ធិរបស់ម្នាក់ៗ។
    ប៉ុន្តែសូមកុំភ្លេចថា៖
    ការរីកចម្រើនរបស់គុនខ្មែរ គឺជាមោទកភាពរបស់ប្រជាជនខ្មែរទាំងអស់គ្នា។
    ចូរយើងបញ្ឈប់ការទាញគ្នាចុះ ហើយចាប់ដៃគ្នាទាញ «គុនខ្មែរ» ឱ្យឡើង!
    គុនខ្មែរ — មោទនភាពជាតិខ្មែរ
    រួមគ្នាការពារ អភិវឌ្ឍ និងផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ពិភពលោក។រក្សាសិទ្ធដោយ៖សុទ្ធលី