សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សមិទ្ធផលថ្មីៗដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួមមាន ទីលានតេជោ ធិបតី និងវេទិកានាគជ័យ, សួនបវរធិបតី, សួនសុវណ្ណភូមិ និងសួនស្វាគមន៍រូបម្នាស់ទឹកឃ្មុំ។
ខេត្តស្ទឹងត្រែងបាននិងកំពុងបន្តបោះជំហានយ៉ាងសកម្ម ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានស្តែងចេញតាមរយៈសមិទ្ធផលជាក់ស្តែងលើគ្រប់វិស័យ រាប់ចាប់ពីការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋ ការគ្រប់គ្រងដីធ្លី ការទាក់ទាញវិនិយោគ ការពង្រឹងសេវាសាធារណៈ រហូតដល់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សកម្មភាព និងសមិទ្ធផលទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមរបស់ខេត្តឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ព្រមទាំងបង្កើតបាននូវមូលដ្ឋានកាន់តែរឹងមាំ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
អនុសាសន៍របស់សម្តេចធិបតី
១. រដ្ឋបាលខេត្តទាំងបួននៅភូមិភាគឦសាន ត្រូវបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការរក្សាទំនាក់ទំនងល្អ
និងទំនុកចិត្តជាមួយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសជិតខាង, ព្រមទាំង ប្រឹងប្រែងពង្រឹងសន្តិសុខមូលដ្ឋាន, សណ្ដាប់ធ្នាប់សាធារណៈ, សុវត្ថិភាពសង្គម, ស្រប តាមស្មារតីនៃ “គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ។
២. រដ្ឋបាលខេត្តទាំងបួននៅភូមិភាគឦសាន ត្រូវបន្តខិតខំកែលម្អការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ តាមរយៈការពង្រឹងសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំ របស់មន្ត្រី តាមទិសស្លោក “មន្ត្រីជាអ្នកបម្រើរាស្ត្រ, មិនមែនជាចៅហ្វាយរាស្ត្រទេ”; លើក កម្ពស់ការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយខេត្ត, ការិយាល័យច្រក- ចេញចូលតែមួយក្រុង ស្រុក, និង យន្តការច្រកចេញចូលតែមួយឃុំ សង្កាត់; និង គ្រប់គ្រង គ្រោះមហន្តរាយ តាមរយៈ ការពង្រឹងកិច្ចសហការជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះ- មហន្តរាយខេត្ត ក្នុងការត្រៀមធ្វើអន្តរាគមន៍ឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ ដែលអាច កើតមានឡើង ជាពិសេស ក្នុងរដូវវស្សានេះ ។
៣. ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងការផ្តល់កិច្ចសហការជិតស្និទ្ធដល់ក្រុមការងារជំរុញការ វិនិយោគក្នុងភូមិភាគឦសាន ដើម្បីជំរុញការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុង ខេត្តទាំងបួននៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៥-២០២៨” ប្រកបដោយ ប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យភាព។
អនុសាសន៍របស់សម្ដេចធិបតី
៤. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវសហការគ្នាជិតស្និទ្ធជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា រៀបចំកម្មវិធីអប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ បង្កើតជំនាញ, បង្កើនជំនាញ និង ផ្លាស់ប្តូរជំនាញ ដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងបួននៅ ភូមិភាគឦសាន សំដៅអភិវឌ្ឍមូលធនមនុស្ស ជាពិសេស ក្នុងវិស័យកសិ-ឧស្សាហកម្ម, ទេសចរណ៍ និង សេវាកម្មគាំទ្រផលិតកម្ម ដែលមានជំនាញបច្ចេកទេសពិតប្រាកដ និង សីលធម៌វិជ្ជាជីវៈខ្ពស់ ដែលអាចឆ្លើយតបនឹងសេចក្ដីត្រូវការរបស់វិនិយោគិន ទាំងបច្ចុប្បន្ន និង អនាគត ។
៥. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋបាលខេត្តទាំងបួននៅភូមិភាគឦសាន ត្រូវសហការជិតស្និទ្ធជាមួយ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីសិក្សាស្រាវជ្រាវ និងកំណត់ផលិតផលកសិ-ឧស្សាហកម្ម សក្តានុពលរបស់ខេត្តទាំងបួននៅភូមិភាគឦសាន សំដៅសិក្សាដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការចាំបាច់នានា សម្រាប់ជំរុញការអភិវឌ្ឍឧស្សាហកម្មសក្តានុពល ទាំងនោះ ឱ្យបានឆាប់រហ័ស ៕រក្សាសិទ្ធដោយ៖សុទ្ធលី











