Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹក​ថ្ងៃ​ទី​៣ ខែ​តុលា​នេះ ពលរដ្ឋ​រងគ្រោះ​ដីធ្លី ១៣ ហគ​មន៍​ជា​ង ៣០០ នាក់ បាន​ប្រមូលគ្នា​នៅមុខ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់​៤​នាក់ ពី​ពន្ធនាគារ​

spot_img

ខេត្ត​ព្រះសីហនុ ៖ តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​ពី​ការរំលោភ ដីធ្លី ផ្ទះសម្បែង ស្រែ​ចម្ការ​ចំនួន ១៣​សហគមន៍ នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​បរិវេណ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ទាមទារ​អោយ​សាលា​ល​ដំបូង​ខេត្ត​នេះ ទម្លាក់ចោល​ការចោទប្រកាន់ និង ដោះលែង​សកម្មជន​ដីធ្លី សហគមន៍​អូរ​ខ្សាច់​ចំនួន​៤​នាក់ រស់នៅ​ភូមិ​៤ ឃុំ​អូ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​សាលាដំបូង​ខេត្ត​ព្រះសីហនុ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ដាក់​ពន្ធ​ធានា​គា​ខេត្ត​ព្រះសីហនុ អស់​រយ​:​ពេល​ជាង ៤​ខែ​កន្លង​មក​ហើយ​។​

​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចោទ​ពលរដ្ឋ​ទាំង​៤​នាក់​ពី​បទ «​ប្រើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត​» មាន​ដើម​បណ្តឺង ឈ្មោះ តាន់ តាត់ និង​ឈ្មោះ ឡុញ វណ្ណ​: ដែល​គេ​ស្គាល់​ថា ជា​បុគ្គល​មាន​ទ្រព្យសម្បត្តិ​ស្កុកស្តម្ភ និង​មាន​ងារ​ជា​ឧកញ៉ា រស់នៅ​ខេត្ត​ព្រះសីហនុ​។​

សេចក្តីប្រកាស​ព័ត៌មាន របស់​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង ១៣​សហគមន៍ បានឲ្យដឹងថា គម្រោង​ជួបជុំគ្នា នៅមុខ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ចាប់ផ្តើម​ពី​ម៉ោង ៨​ព្រឹក​តទៅ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក៏​បាន​គោរព​អញ្ជើញ​តំណាង​អង្គការ សមាគម និង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ មក​ចូលរួម​តាមដាន​ឃ្លាំមើល និង​យក​ព័ត៌មាន នៃ​ការជួបជុំ​គ្នា របស់​តំណាង​ពលរដ្ឋ​សហគមន៍​មាន​ទំនាស់​ដីធ្លី​ទាំង ១៣​សហគមន៍ នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដោយ​អនុគ្រោះ​។ ពួក​គេ​ចាត់ទុកថា វត្តមាន របស់​តំណាង​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ជាដើម ថា​ជា​ក្តី​សង្ឃឹម សម្រាប់​ប្រជាពលរដ្ឋ​រងគ្រោះ​ពី​ការរំលោភ​ដីធ្លី​ទាំង​អ​យុត្តិធ៌ម ពី​សំណាក់​អ្នកមាន​អំណាច​បុណ្យស័ក្តិ និង​អ្នក​មាន​ទ្រព្យធន​។​

​កាលពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​លើកយក​សំណុំរឿង​សកម្មជន​ទំនាស់​ដីធ្លី​នៅ​សហគមន៍​អូរ​ខ្សាច់​ចំនួន​៤​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​មក​បើកសវនាការ ប៉ុន្តែ​សវនាការ​នោះ​មិន​ទាន់​បាន​បញ្ចប់​ទេ ដោយ​លើក​ពេល​មក​បើក​សវនាការ​នៅ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៨​នេះ​ជា​បន្ត​ទៀត​។​

​ពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់​ទាំង​៤​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ជាង ៤​ខែ​មកនេះ រួមមាន ៖ លោកស្រី ឡុច ទូច តំណាង​សហគមន៍​អូរ​ខ្សាច់ លោក ញ៉ាញ់ ជាតិ លោក មែន ខេន និង​លោក កៅ ហេង​។ ប្រជាពលរដ្ឋ​ទាំង ៤​នាក់​នេះ ត្រូវ លោក ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​បញ្ជា​កម្លាំង​ក្រោម​ឱវាទ​ចុះ​ចាប់ខ្លួន​ពលរដ្ឋ​ដាក់​ខ្នោះ​ភ្លាមៗ​បញ្ជូនទៅ​ទីបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត ហើយ​ក្រោយមក​បាន បញ្ជូន​ទៅកាន់ សាលាដំបូង​ខេត្ត​ព្រះសីហនុ តាម​បណ្តឹង របស់​លោក​ឧកញ៉ា តាន់ តាត់ និង លោក ឡុញ វណ្ណៈ​។ ក្រោយ​មក​ពលរដ្ឋ​ទាំង ៤​នាក់​នេះ ត្រូវបាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចោទប្រកាន់ និង​សម្រច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ខេត្តព្រះសីហនុ​ជា​បណ្តោះអាសន្ន ដោយ​ចោទ​ពីបទ “​ជន​ប្រើ​អំពើហឹង្សា​លើ​អ្នកកាន់កាប់​អចលន​វត្ថុ​ដោយ​សុចរិត​” កាលពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​វិវាទ​ដីធ្លី​ខាងលើ​នេះ ប្តឹង​ដោយ លោក​ឧកញ៉ា តាន់ តាត់ និង​លោក ឡុញ វណ្ណ​: ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នក​មាន​លុយ​ដ៏​សម្បើម​នៅ​ខេត្ត​ព្រះសីហនុ​។​

​ទាក់ទិន​បញ្ហា​នេះ លោក ញ៉ឹល ភាព ដែល​អះអាង​ជា​តំណាង​ឲ្យ​សហគមន៍ព​ល​រដ្ឋ​រង​គ្រោះ​ដីធ្លី​ចំនួន ១៣​សហគមន៍ នា​ខេត្ត​ព្រះ​​សីហនុ អះអាងថា នីតិវិធី​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​បាន​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ៤​នាក់ ដាក់​ពន្ធនាគារ​ថា​ជា​រឿង​អយុត្តិធម៌ និង​ធ្វើ​ការងារ​គ្មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​។​

លោក ញ៉ឹល ភាព ចាត់ទុកថា ការឃុំ​ខ្លួន​ទៅ​លើ​ប្រជាពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់ ជាពិសេស លោកស្រី ឡុច ទូច របស់​តុលាការ គឺ​មិន​បាន​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​។​

​លោក​បន្តថា បើ​ផ្អែក​ទៅ​តាម​ឯកសារ​ផ្លូវច្បាប់ គឺ​បុគ្គល តាន់ តាត់ និង ឡុញ វណ្ណៈ ដែល​ជា​ដើមបណ្តឹង បាន​ប្តឹង​ចោទ លោកស្រី ឡុច ទូច និង​ពលរដ្ឋ​៣​នាក់​ទៀត ពី​បទ​ប្រើ​ប្រើ​ហិង្សា​ទៅលើ​អ្នក​កាន់កាប់​អចលនវត្ថុ គឺ​មិន​ត្រឹមត្រូវ​ទេ​។​

លោក ញ៉ឹល ភាព ស្នើ​ឲ្យ​មន្ត្រី​សាលាដំបូង​ខេត្ត​ព្រះសីហនុ ពិចារណា​សម្រេ​ចក្តី លើ​សំណុំរឿង​ដីធ្លី​ខាងលើ​នេះ ឲ្យមាន​យុត្តិធ៌ម ស្រប​តាម​មាន​វិជ្ជាជីវៈ របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ​។​

​កាលពីដើម​ខែ​ឧសភា ឆ្នាំ​២០១៨ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ គឺ លោក ហេង ប៊ុន​ទី បាន​បញ្ជា​ឲ្យកម្លាំង​ក្រោម​ឱវាទ របស់​ខ្លួន​ចុះ​ចាប់​ពលរដ្ឋ​ខាងលើ​ដាក់​ខ្នោះ​ភ្លាមៗ ទៅ​តាម​ពាក្យបណ្តឹង របស់​លោក​ឧកញ៉ា តាន់ តាត់ និង លោក ឡុញ វណ្ណៈ នៅ​ពេល​​ពលរដ្ឋ​ទាំង​នោះ កំពុង​ត្រួសត្រាយ​សំអាត​ស្មៅ និង​កាប់ឆ្ការ​ព្រៃ​នៅលើ​ដី​មាន​ជម្លោះ​នោះ​។​

​ក្រោយមក​សាលាដំបូង​ខេត្ត​ព្រះសីហនុ ក៏បាន​ចោទប្រកាន់​ពលរដ្ឋ​ចំនួន ៤​នាក់​ពី​បទ “​ប្រើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត​” តាម​ដើមបណ្តឹង​ឈ្មោះ តាន់ តាត់ ដែល​មាន​ងារ​ជា​ឧកញ៉ា និង​ឈ្មោះ ឡុញ វណ្ណៈ ដែល​គេ​ស្គាល់​ថា ជា​អ្នក​មាន​ទ្រព្យធន​ដ៏​សម្បើម និង​ជា​ឈ្មួញ​រកស៊ី​ដីធ្លី​ដ៏​ល្បីល្បាញ​នៅ​ខេត្ត​ព្រះសីហនុ​៕ ដែន សីមា​

spot_img
×