នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ វិមានរដ្ឋសភា បានរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពជាសកលលើកទី៩ រយៈពេល ៣ថ្ងៃ ដែលសភាកម្ពុជាសហការជាមួយអង្គការសុខភាពពិភពលោក (WHO) និងធ្វើជាម្ចាស់ផ្ទះ ត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ នៅវិមានរដ្ឋសភា ជាមួយនឹងការឯកភាពជាឯកច្ឆន្ទអនុម័តនូវ សេចក្តីប្រកាសទីក្រុងភ្នំពេញ។
សេចក្តីប្រកាសនេះ មានគោលដៅប្រែក្លាយកិច្ចពិភាក្សា និងការផ្លាស់ប្តូរទស្សនទាននានាឱ្យទៅជាសកម្មភាពជាក់ស្តែង ដើម្បីលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់។
ពិធីបិទជាផ្លូវការ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថា ការគ្របដណ្តប់សុខភាពជាសកល (UHC) គឺជាទំនួលខុសត្រូវរួមក្នុងការធានានូវសិទ្ធិ សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌សង្គម ហើយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិនៅឆ្នាំ២០៣០។
នៅក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ អង្គវេទិកាបានពិភាក្សា និងពិនិត្យស៊ីជម្រៅលើប្រធានបទគន្លឹះសំខាន់ៗជាច្រើន រួមមាន ការសិក្សា និងវាយតម្លៃលើសម្ពាធ ព្រមទាំងហានិភ័យដែលកើតចេញពីការប្រែប្រួលអាកាសធាតុមកលើប្រព័ន្ធសុខាភិបាល និងការផ្តល់សេវាថែទាំសុខភាព ព្រមទាំងការពិចារណាហ្មត់ចត់លើ ការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយផ្អែកលើគោលការណ៍សុវត្ថិភាព ឯកជនភាព ក្រមសីលធម៌ សមភាព និងជំនឿទុកចិត្តពីសាធារណជន។ បន្ថែមលើកិច្ចពិភាក្សា គណៈប្រតិភូសភាអន្តរជាតិមកពី ១៦ ប្រទេស (រួមទាំងកម្ពុជា) ក៏បានអញ្ជើញចុះទស្សនកិច្ចសិក្សាផ្ទាល់នៅមណ្ឌលសុខភាពអង្គភ្នំតូច និងមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃីល ក្នុងខេត្តកំពត ដើម្បីភ្ជាប់កិច្ចពិភាក្សាទៅនឹងទិដ្ឋភាពជាក់ស្តែងនៃការផ្តល់សេវាសុខាភិបាលនៅថ្នាក់មូលដ្ឋាន។
លទ្ធផលទស្សនកិច្ចបានឆ្លុះបញ្ចាំងថា ការគ្របដណ្តប់សុខភាពជាសកល ត្រូវតែអនុវត្តជាក់ស្តែងនៅតាមមណ្ឌលសុខភាព និងសហគមន៍ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកជំងឺប្រកបដោយក្តីមេត្តាធម៌ គ្មានការរើសអើង និងគ្មានឧបសគ្គផ្នែកហិរញ្ញវត្ថុ ស្របតាមទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសង្កត់ធ្ងន់ថា «សេចក្តីប្រកាសទីក្រុងភ្នំពេញ» គឺជាសញ្ញាដាស់តឿនឱ្យមានសកម្មភាពជាក់ស្តែង ស្របតាមប្រសាសន៍ដឹកនាំរបស់ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដែលបានលើកឡើងថា «សកម្មភាព គឺឮខ្លាំងជាងសម្ដី ។ ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនេះទៅជាលទ្ធផលជាក់ស្តែង ឯកឧត្តមបានរំលេចថា តំណាងសភាត្រូវប្រើប្រាស់យន្តការគន្លឹះចំនួន ៤ រួមមាន ការបង្កើតច្បាប់ និងបទដ្ឋានការពារសុខភាព ការធានាបែងចែកថវិកា និងចីរភាពហិរញ្ញប្បទានសម្រាប់ការថែទាំសុខភាពបឋម ការបំពេញតួនាទីតាមដានត្រួតពិនិត្យលើស្ថាប័នប្រតិបត្តិ និងការបំពេញតួនាទីជាតំណាងដោយនាំសំឡេង ព្រមទាំងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមងាយរងគ្រោះ ចូលទៅក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត។
ជាទីបញ្ចប់ ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា ក៏បានអំពាវនាវឱ្យតំណាងសភាទាំងអស់ នាំយកស្មារតីនៃ «សេចក្តីប្រកាសទីក្រុងភ្នំពេញ» បញ្ចូលទៅក្នុងច្បាប់ថវិកាជាតិ ក្នុងគោលដៅកសាងប្រព័ន្ធសុខា ភិបាលមួយដែលមានសមភាព ភាពធន់ និងបរិយាបន្ន ក្រោមទិសស្លោក «សុខភាពជាបញ្ហារបស់យើងទាំងអស់គ្នា ហើយយើងទាំងអស់គ្នាត្រូវធ្វើសកម្មភាពរួមគ្នាដើម្បីសុខភាព»។រក្សាសិទ្ធិដោយ៖សុទ្ធលី












