Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​កំពង់ស្ពឺ មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍ និង​ទៅ​ទទួល​ថ្នាំ​ព្យាបាល នៅតាម​មណ្ឌល​សុខភាព ចំនួន​១៨៨៩​នាក់​

spot_img

កំពង់ស្ពឺ​៖​សម្តេច​កិតិ្ដ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ថ្លែងបន្តថា ចំនួន​អ្នក​ឆ្លង​ជំងឺ​អេដស៍​ថ្មីៗ​នេះ ទូទាំង​ប្រទេស ចំនួន​៥០០០​នាក់ ស្លាប់​ជាង ២០០០​នាក់ ដោយឡែក​សម្រាប់​ខេត្ត​កំពង់ស្ពឺ អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ទៅ​ទទួល​ថ្នាំ​ព្យាបាល នៅតាម​មណ្ឌល​សុខភាព ចំនួន​១៨៨៩​នាក់ ហើយ​នៅ​ថ្ងៃនេះ បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៩២២​គ្រួសារ បាន​មក​ទទួល​អំណោយ​ជា​ស្បៀង និង​សម្ភារ​: និង​ថវិកា​មួយចំនួន​។​

​នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ និង​ផ្តល់​អំណោយ ជូន​ដល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា និង​ជនពិការ ចំនួន ១.២៨៨​គ្រួសារ មក​ពី​ក្រុង​១ និង​ស្រុក​ទាំង​៧ នៃ​ខេត្ត​កំពង់ស្ពឺ ដែល​ប្រព្រឹត្ត​ទៅ​នៅ​មណ្ឌលកីឡា​ខេត្ត​កំពង់ស្ពឺ ស្ថិតក្នុង​ភូមិ​ត្រស់​សាលា សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។​

​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ថ្លែង​អំពាវនាវ ដល់​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ទាំង​ចូលរួម​លុប​បំបាត់​ជំងឺ​អេដស៍ ឲ្យបាន​១០០% ក្នុង​ឆ្នាំ​២០២៥ ទោះ​ពេលនេះ​អត្រា​អ្នក​ឆ្លង និង​ផ្ទុក​ជំងឺអេដស៍ មាន​ការធ្លាក់ចុះ គួរ​ឲ្យ​សម្គាល់​ក៏ដោយ​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ថ្លែង​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទៀតថា សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង ជៀសវាង​ឱ្យ​បាន​ដាច់ខាត នូវ​ការ​ដែល​នាំឱ្យ​ឆ្លង​មេរោគ​អេដស៍ ដល់​ខ្លួន ឬ​បន្ត​ចម្លង​ទៅ​អ្នកដទៃ និង​ក្រុមគ្រួសារ ពិសេស​ស្វាមី​កុំ​ដើរ​លេង​ក្រៅ នាំ​ជំងឺអេដស៍​នេះ មក​ឲ្យ​ប្រពន្ធ​ឲ្យ​សោះ​។ បងប្អូន​យើង​ត្រូវ​ដឹង​ថា អេដស៍ នឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​គ្រួសារ របស់​បងប្អូន​ធ្លាក់ចុះ លើសពីនេះ ពេល​យើង​ជា​ឪពុក​ម្តាយ ស្លាប់​ដោយ​ជំងឺ​អេដស៍​ទៅ កូន​នឹង​កំព្រា រងារ​គ្មាន​ទីពឹង ហើយ​បើ​ពឹង​ជីដូន នឹង​មាន​ផល​លំបាក ដោយ​ជីដូន​ចាស់ មិន​អាច​រក​ថវិកា​គ្រប់គ្រង ដល់​ចៅ​បាន​នោះ​ទេ​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​បាន​ក្រើនរម្លឹក ដល់​អ្នក​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍ សូម​ទៅ​ពិនិត្យ​សុខភាព និង លេបថ្នាំ​ពន្យា​ជីវិត ឱ្យ​បាន​ទៀត​ទាត់ ទៅតាម​ការកំណត់​របស់​គ្រូពេទ្យ​។ ហើយក៏​បាន​ដាស់តឿន ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​យុវជន សូម​កុំ​ប៉ះពាល់​នូវ គ្រឿងញៀន​ឱ្យ​សោះ ដែលជា​មូលហេតុ​នាំ​បង្កឱ្យមាន អំពើហិង្សា​ក្នុង​គ្រួសារ និង​ធ្វើឱ្យ​បាត់បង់ កិត្តិយស​គ្រួសារ នៅក្នុង​សង្គម​។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ពលរដ្ឋ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់បន្ថយ​នូវ​អត្រា​ស្លាប់ និង​ពិការភាព ដោយសារ​គ្រោះថ្នាក់ ចរាច​រណ៍ ដែល​នេះ​នៅតែ​ជា​បញ្ហា​ប្រឈម របស់​យើងទាំងអស់គ្នា​។​

​នៅក្នុង​ឱកាស​សំណេះសំណាល​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ពាំនាំ​ព្រះរាជ​បណ្តាំ​សួរសុខទុក្ខ ក្តី​នឹករលឹក អាណិត ស្រឡាញ់ ប្រកបដោយ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​បំផុត​ពី សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះ​ប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ និង​បាន​នាំ​មក​ជូន​នូវ​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា រួម​មាន​ស្បៀង សម្ភារៈ និង​ថវិកា​មួយចំនួន ដែល​ទទួលបាន​ពី​សទ្ធា​ជ្រះថ្លា​របស់​សប្បុរសជន​ជាតិ និង​អន្តរជាតិ​។​

​ស្ថិត​ក្នុង​បរិយាកាស​ដ៏​ប្រសើរ​ថ្លៃថ្លា និង​ដើម្បី​ចូលរួម​ក្នុង​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១ ធ្នូ ក្រោម​ប្រធានបទ “​ឆាប់​ធ្វើតេស្ត​ឈាម ឆាប់​ព្យាបាល ឆ្ពោះ​ទៅ​បញ្ចប់​អេដស៍​” នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បាន​អំពាវនាវ និង​ផ្តល់​អនុសាសន៍​សំខាន់ ៧​ចំណុច​រួមមាន​៖១/ សូម​ស្វែងយល់​ពី​មេរោគ​អេដស៍ និង​ការពារ​ខ្លួន​កុំឱ្យ​ឆ្លង​ជាដាច់ខាត​។​២/ ឆាប់​ធ្វើតេស្ត​ឈាម ឆាប់​ព្យាបាល ឆ្ពោះ​ទៅ​បញ្ចប់​អេដស៍​។​៣/ ចំពោះ​អ្នក​ផ្ទុក​មេរោគ​អេដស៍ ត្រូវ​ទៅ​ទទួល និង​លេប​ឱសថ​ប្រឆាំង​មេរោគ (ARV) ឱ្យបាន​ទៀងទាត់​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​។​៤/ មិន​ត្រូវ​មាក់ងាយ និង​រើសអើង​ជាមួយ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​អ្នក​ជំងឺអេដស៍ ជាដាច់ខាត​ហើយ​ត្រូវ​បង្កើត​បរិយាកាស​គាំទ្រ​ដល់​ក្រុម​ប្រឈម​ខ្ពស់​នៅ​គ្រប់​ទីកន្លែង ដើម្បី​ទទួលបាន​សេវា​សុខភាព សេវា​គាំពារ​សង្គម និង​ការការពារ​ផ្លូវច្បាប់​។​៥/ ចំពោះ​ក្មួយៗ​ជា​យុវជន យុវនារី ទោះជា​នៅ​ទី​ណាក៏ដោយ គឺ​អ្នក​ត្រូវ​ចេះ​ជួយ​អប់រំ​មិត្តភក្តិ​ឱ្យ​ចេះ​ការពារ​ខ្លួន​ដូចគ្នា​។​៦/ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់ និង​ជា​ពិសេស ឆាប់​ធ្វើតេស្ត​ឈាម ដើម្បី​ទទួល​សេវា​ការពារ​ការចម្លង​មេរោគ​អេដស៍​ទៅ​ទារក និង​ជំរុញ​លើកទឹកចិត្ត​ដៃគូ​មក​ពិនិត្យ និង​ទទួល​សេវា​ព្យាបាល​ទាំងអស់គ្នា​។​៧/ សូម​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​គ្រប់ពេលវេលា ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់ និង​ពិការភាព​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​

​គ្រួសារ​នីមួយៗ​ទទួលបាន ៖ អង្ករ ៣០​គីឡូក្រាម មី ១​កេស ត្រីខ ១០​កំប៉ុង សារុង​១ ក្រមា​១ មុង​១ និង​ភួយ​១​។ ដោយឡែក ក្រណាត់ស ១​ដុំ និង​ថវិកា ១០.០០០​រៀល ជា​អំណោយ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×