Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ចូលរួម​សម្អាត​អនាម័យ បរិស្ថាន របស់​យើងទាំងអស់គ្នា​

spot_img

​​ភ្នំពេញ​៖ “​សូម​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួម​នឹង​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​សហការ​អនុវត្ត​លើ​ការងារ​គ្រប់​​គ្រង​សំណល់​រឹង​រាវ និង​សំរាម​ដែល​បាន​បង្កើតឡើង​នៅក្នុង​ទីតាំង​រោងចក្រ សហគ្រាស សិប្បកម្ម និង​ក្រុមហ៊ុន ភោជនីយដ្ឋាន អាជីវកម្ម សេវាកម្ម តាម​ទីផ្សារ បុរី​និង​តាម​លំនៅដ្ឋាន និង​នៅតាម​ទីធ្លា​សាធារណៈ​នានា​ដើម្បី​រក្សា​អនាម័យ​បរិស្ថាន​ឱ្យបាន​ស្អាត​ល្អ និង​ធ្វើឱ្យ​សុខុមាលភាព​សាធារណៈ​កាន់តែ​ល្អប្រសើរ ពលរដ្ឋ​មាន​សុខភាព​ល្អ លំនៅដ្ឋាន កន្លែង​ការងារ និង​ទីក្រុង សហគមន៍​របស់​យើង​មាន​សោភ័ណភាព​ស្អាត​”​។ នេះ​គឺជា​ការអំពាវនាវ​របស់លោក នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៨ នេះ ដោយ​លោក​បាន​លើកឡើង​ថា “​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ សំរាម​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ការកើនឡើង​ប្រមាណ ១០​ភាគរយ ក្នុង​មួយ​ឆ្នាំ ដោយសារ​កំណើន​ប្រជាជន ការផ្លាស់ប្តូរ​របៀប​នៃ​ការរស់នៅ និង​ការ​វេច​ខ្ចប់​ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ ហើយ​ការយល់ដឹង​ពី​ការញែក​សំរាម តាម​ប្រភេទ​សំរាម ស្របតាម​គោលការណ៍​បច្ចេកទេស នៅ​មាន​កម្រិត​នៅឡើយ​”​។​

​លោក​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា នៅក្នុង​ឆ្នាំ ២០១៧ កន្លងទៅនេះ តាម​ការប៉ាន់ប្រមាណ នៅ​ទូទាំង​ប្រទេស​កម្ពុជា បរិមាណ​សំរាម សំណល់​រឹង​ទីប្រជុំជន ដែល​បាន​បង្កើត គឺ​ប្រហែល​ជាង ៣,៦៥ លាន តោន ឬ​ប្រមាណ​ជាង ១​ម៉ឺន តោន​ក្នុង​មួយថ្ងៃ ដែល​នៅ​ក្នុង​នោះ នៅ​រាជធានី​ភ្នំពេញ មាន​ប្រមាណ​ជិត ៣ ពាន់ តោន​ក្នុង​មួយថ្ងៃ នៅ​ក្រុង​សៀម​រាម សំរាម​ដែល​​​ត្រូវបាន​បង្កើត​ឡើង​មាន ប្រមាណ​ជិត ៣៥០ ទៅ ៤០០ តោន នៅ​ក្នុង​មួយ​ថ្ងៃ និង​នៅ​ក្រុងព្រះសីហនុ មាន​ប្រមាណ​ពី ៦០០ ទៅ​៦៥០ តោន​នៅក្នុង​មួយថ្ងៃ​។ លោក​រដ្ឋលេខាធិការ​បា​ន​មានប្រសាសន៍ថា បច្ចុប្បន្ន​នេះ​ការគ្រប់គ្រង​សំរាម​សំណល់​​រឹង​​ទី​ប្រជុំ​ជន​នៅ​ទូទាំង​ប្រទេស មាន​ភាព​ល្អប្រសើរ​ជាង​មុន ប៉ុន្តែ​មិន​ទាន់​បាន​ឆ្លើយតប ទៅនឹង​ស្ថានភាព​ជាក់ស្តែង នៃ​បរិមាណ​សំណល់ ដែល​បាន​បង្កើតឡើង និង​មាន​កំណើន​ជា​រៀង​រាល់​ថ្ងៃនេះ​ទេ ជាពិសេស​ការប្រមូល ដឹកជញ្ជូន និង​ការ​ទុកដាក់​ចុងក្រោយ​។​

​តាម​ការគូសបញ្ជាក់រ​បស់​លោក​រដ្ឋលេខាធិកា​រ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​រូបនេះ បរិមាណ​សំណល់​រឹង​សំរាម ប្រហែល ៤១​ភាគរយ (១,៥ លាន តោន​/​ឆ្នាំ​) នៃ​បរិមាណ​សំណល់​សរុប ត្រូវ​បាន​ប្រមូល​យក​ទៅ​ដាក់​នៅ​ទីលាន និង​ប្រហែល ១១​ភាគរយ (៤០ ម៉ឺន តោន​/​ឆ្នាំ​) នៃ​បរិមាណ​សំណល់​សរុប ត្រូវ​បាន​ប្រមូល​ទិញ​សម្រាប់​ធ្វើ​ការកែច្នៃ ហើយ​បរិមាណ​សំណល់ ដែល​នៅសល់​ប្រមាណ​ជា ៤៨​ភាគរយ ត្រូវ​បាន​ដុត ឬ​បោះចោល​តាម​ទីសាធារណៈ និង​ប្រភព​ទឹក​នានា ក្នុងខណៈពេល​ដែល​ការសិក្សា​បង្ហាញថា សំណល់​រឹង​ដែល​អាច​កែច្នៃ​បាន​គ្រប់​ប្រភេទ​មាន​ប្រហែលជា​ពី ៧០-៨០​ភាគរយ នៃ​បរិមាណ​សំណល់​សរុប​។ ដោយឡែក នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​ធំៗ បរិមាណ​សំណល់​ប្រហែល​ពី ៧០​ភាគរយ ទៅ​៨០​ភាគរយ នៃ​បរិមាណ​សំណល់​សរុប ត្រូវ​ប្រមូល​ទៅ​ដាក់​នៅ​ទីលាន និង​សម្រាប់​ការកែច្នៃ​។​

​ជាមួយគ្នានេះ លោក នេត្រ ភ​ក្ត្រា បាន​ថ្លែងថា​៖ “​ការគ្រប់គ្រង​សំណល់​រឹង សំរាម​គឺជា​កាតព្វកិច្ច​​របស់​យើងទាំងអស់គ្នា​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ចាត់ទុក​ទីក្រុង​ទីប្រជុំជន និង​កន្លែង​ផ្សេងៗ​ទៀត​ដែល​បង ប្អូន​រស់នៅ កំពុង​ធ្វើការ និង​កំពុង​ធ្វើ​អាជីវកម្ម​ថា​ជា​ផ្ទះ​របស់​បងប្អូន​ដែល​ចាំបាច់​ត្រូវតែ​បោសសម្អាត​ជាប្រចាំ ដើម្បី​រក្សា​សោភ័ណភាព និង​លើកតម្កើង​សុខុមាលភាព​សាធារណៈ​”​។ លោក​បន្ថែមថា ការ​វេច​ខ្ចប់​និង​ទុកដាក់​សំរាម មិន​ត្រឹមត្រូវ បោះចោល​សំរាម​អនាធិបតេយ្យ​នៅតាម​ទីសាធារណៈ និង​តាម​បណ្តោយ​ផ្លូវ​នា នា​នឹង​នាំឱ្យ​មាន​ផលវិបាក​ជាច្រើន ដូចជា ការធ្វើ​ឱ្យ​ស្ទះ​ប្រព័ន្ធ​បង្ហូរ​ទឹកលូ​ដែល​បង្ក​ឱ្យ មាន​ជំនន់​ពេល​រដូវភ្លៀង ធ្វើឱ្យ​បាត់បង់​សោភ័ណភាព​ទីក្រុង និង​ទីប្រជុំជន ជា​ជម្រក​មេរោគ និង​បង្ក​ជាតិពុល​ថែមទៀត​ផង​។ នៅ​ចំពោះ មុខ​នៃ​ការកើនឡើង​នៃ​សំរាម​នេះ លោក​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន នេត្រ ភ​ក្ត្រា បាន​ស្នើសុំ​ឱ្យ​គ្រប់​ភាគី ទាំងអស់​ត្រូវ​រួម​សហការ​គ្នា សម្អាត​អនាម័យ​បរិស្ថាន និង​ធ្វើកា​រវេច​ខ្ចប់ និង​ញែក​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង មិន​ត្រូវ​មើលបំណាំ​គ្នា​នោះ​ទេ ព្រោះ​ប្រសិន​កម្ពុជា​ជា​ផ្ទះ​របស់​យើងទាំងអស់គ្នា ដែល​ត្រូវ​បោសសម្អាត និង ថែរក្សា​អនាម័យ​បរិស្ថាន​ឱ្យ​ល្អ និង​ធ្វើឱ្យ​បរិស្ថាន នៅ​កម្ពុជា​មាន​និរន្តរភាព ប្រកបដោយ​គុណភាព​។ លោក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​យកចិត្តទុកដាក់ សម្អាត​អនាម័យ​បរិស្ថាន​ជុំវិញ​ខ្លួន និង​សូម ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា​ទាំងអស់​។​

​ទន្ទឹមនឹងនេះ លោក​បាន​ឱ្យ ដឹងថា ក្រសួង​បរិស្ថាន​បន្ត និង​ពង្រឹង ការអនុវត្ត​លិខិតបទដ្ឋាន​នានា ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ដើម្បី​ពង្រឹង​ការទទួលខុសត្រូវ របស់​ក្រសួង​ស្ថាប័ន និង​អ្នកពាក់ព័ន្ធ​នានា ហើយ​ក្រសួង នឹង​តាមដាន​ក៏ដូចជា ពង្រឹង​ការអនុវត្ត​មុខងារ​គ្រប់គ្រង​សំរាម សំណល់​រឹង ទីប្រជុំជន ដែល​បាន​ប្រគល់​ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ក្រសួង​បរិស្ថាន​ក៏​ជំរុញ​និង​លើកទឹកចិត្ត ដល់​ការកែច្នៃ​សំរាម និង​សំណល់​ប្លា​ស្ទិកនៅ​ក្នុង​ស្រុក​។ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក នេត្រ ភ​ក្ត្រា បាន​ថ្លែងថា គុណភាព និង​និរន្តរភាព​បរិស្ថាន នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​ធានា គឺ​ចាំបាច់​ត្រូវ​មាន​ការចូលរួម ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ព្រោះ​បរិស្ថាន​គឺជា​បញ្ហា​របស់​យើងទាំងអស់គ្នា ហើយ​សំរាម គឺជា​ក្តី​កង្វល់​រួម​។ ហេតុដូច្នេះ​ហើយ​បានជា​ត្រូវ រួមគ្នា​ធ្វើ​អនាម័យ​បរិស្ថាន និ​
​ង​គ្រប់គ្រង​សំណល់​រឹង​សំរាម ដែល​យើងទាំងអស់គ្នា បង្កើត​ឱ្យ​បានល្អ​ត្រឹមត្រូវ​៕ ដោយ ៖ រចនា​

 

spot_img
×