ភ្នំពេញ: សាលាឧទ្ធរណ៍ ភ្នំពេញ កាលពី ព្រឹក ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៦ បានប្រកាសសាលដីកា ដោយ សម្រេច តម្កល់ទណ្ឌកម្ម ជនជាប់ចោទចិន ចំនួន ៣នាក់ ជាប់ទោស ក្នុង ម្នាក់ៗ ពី ៥ ទៅ ១០ ឆ្នាំ ដដែល ជាប់ពាក់ព័ន្ធនឹង ករណីជួញដូរ, ចែកចាយ និង សម្រួលឱ្យប្រើប្រាស់គ្រឿងញៀន នៅក្នុង ក្លិបរាត្រីមួយ កន្លែង ស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពី ឆ្នាំ ២០២៥។
លោកចៅក្រម អ៊ិន វ៉ាន់វិបុល ជា ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឱ្យដឹងថា: ជនជាប់ចោទ ទាំង៣នាក់នេះ មានឈ្មោះ ទី១- ឈ្មោះ Law Chun Wang ភេទ ប្រុស, ទី២- ឈ្មោះ Long Yuan Cia, ភេទប្រុស និង ទី៣- ឈ្មោះ Sun Hai Hu ភេទប្រុស។
នៅក្នុងចំណោមពួកគេទាំង៣នាក់ ជនជាប់ចោទ ឈ្មោះ Law Chun Wang ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ សម្រេចផ្តន្ទាទោស ដាក់គុក កំណត់ ១០ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ២០ លានរៀល ដាក់ចូលក្នុង ថវិកាជាតិ ពីបទ: ជួញដូរ និង រក្សាទុក ដោយខុសច្បាប់ នូវ សារធាតុញៀន និង សម្រួលឱ្យប្រើប្រាស់គ្រឿងញៀន។
ចំណែកឯ ឈ្មោះ Long Yuan Cia និង ឈ្មោះ Sun Hai Hu ត្រូវបាន តុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ម្នាក់ៗ កំណត់ ៥ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ១០ លានរៀល ក្នុងម្នាក់ៗ ពីបទ: សមគំនិត ក្នុងអំពើជួញដូរ និង រក្សាទុក ដោយខុសច្បាប់ នូវ សារធាតុញៀន និង សម្រួលឱ្យ ប្រើប្រាស់គ្រឿងញៀន។ តែពួកបានប្តឹងឧទ្ធរណ៍។
ពួកគេ ត្រូវបាន សមត្ថកិច្ចនគរបាលបង្ក្រាប និង ធ្វើការឃាត់ខ្លួន នៅក្នុង ក្លិបដែលពួកគេ ត្រូវបានជួលឱ្យ ធ្វើការ ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅខែ មេសា ឆ្នាំ ២០២៥។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបាន ថ្នាំញៀន ប្រភេទ អ៊ិចស្ដាស៊ី, ខេតាម៉ីន និង កូកាអ៊ីន ទម្ងន់សរុប ប្រមាណ ៩៥០ ក្រាម ព្រមទាំង វត្ថុតាង ពាក់ព័ន្ធ មួយចំនួនផ្សេងទៀត ពីពួកគេ៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN


