Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករ​កាន់តែ​មាន​ការយល់ដឹង​ច្រើន​អំពី​សុវត្ថិភាព​ចំណីអាហារ​

spot_img

​តាកែវ​៖ មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តតាកែវ បាន​ធ្វើ​ការអះអាង​ថា អាជីវករ​កាន់តែ​មាន​ការយល់ដឹង​ច្រើន ពី​សុវត្ថិភាព​ចំណីអាហារ ពោល​គឺ​ពួកគាត់​ដាក់​លក់​ទំនិញ និង​ចំណី​អាហារ​ដែល​មានគុណ​ភាពល្អ ពិសេស​គឺ​មិន​ដាក់​សារធាតុ​គីមី ដែល​នាំឲ្យ​ប៉ះពាល់​សុខភាពដ​ល់​អ្នកប្រើប្រាស់ ។​

ថ្លែង​នៅក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​ទំនិញ​ជា​ច្រើន​មុខ និង​ធ្វើ​ត្តេ​ស៍​បឋម​ទៅលើ​ចំណី​អាហារ​ដែល​ដាក់តាំង​លក់​នៅ​ក្នុង​ផ្សារ​សំរោង​យ៉ោង នា​ព្រឹក​ថ្ងៃទី ០៣ តុលា ២០១៨​នេះ លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បានឲ្យដឹងថា ការយល់ដឹង​កាន់តែ​ច្រើន និង​កាន់តែ​ទូលំទូលាយ​ពី​សំណាក់​បងប្អូន​អាជីវករ​ក្នុង​ការលក់ដូរ​ចំណី​អាហារ​ដែល​ល្អ​ស្អាត មិន​មាន​សារធាតុ​គីមី​នេះ គឺជា​ការចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការលើកកម្ពស់​សុខ​មាល​ភាព​សាធារណៈ ពិសេស​សុខភាព​របស់​ប្រជាពលរដ្ឋ ដែលជា​អ្នក​ទិញ​ទំនិញ និង​ចំណីអាហារ​ទាំងនោះ​មក​ទ​ទួល​ទាន​អាហារ មិន​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគាត់ ។​

លោក ប៉ោ លាង​គង់ បន្ថែមថា ប្រការ​ដែល​អាជីវករ​មាន​ការយល់​ដឹង​កាន់តែច្រើន​ពី​សុវត្ថិភាព​ចំណីអាហារ​បែបនេះ គឺ​ដោយ​មាន​ការចុះ​អប់រំ​ណែនាំ​ពី​មន្ត្រី​ជំនាញ​កាំកុងត្រូល ពី​ផលប៉ះពាល់​សុខភាព ដែល​បណ្តាល​មកពី​ការដាក់​សារធាតុ​គីមី​លើ​ចំណីអាហារ​នេះ ពិសេស​គឺ​ការ​ភ្ញាក់​រំលឹក​ពី​សំណាក់​អាជីវករ​និង​ប្រជាពលរដ្ឋ​ពួកគាត់​មាន​ការយល់ដឹង និង​ចេះ​មើល​ទំនិញ​ណា​ដែល​មាន​គុណភាព មាន​កាលបរិច្ឆេទ​ប្រើប្រាស់​ត្រឹមត្រូវ ។​

លោក​ប្រធាន​សាខា​រូបនេះ បន្តទៀតថា ប្រភេទ​ទំនិញ​ដែល​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​រកឃើញថា​មាន​សារធាតុ​គីមី​ហាមឃាត់​នោះ គឺ​ភាគច្រើន​ទៅលើ ស​សៃ​គុយទាវ​បាញ់​កា​ញ់ ប្រហុក​សាច់​ត្រី​ផ្ទក់ បង្អែម​លត​ជាដើម ក៏ប៉ុន្តែ​ចំណីអាហារ​ទាំងនេះ គឺ​ពុំ​មាន​សារធាតុ​គីមី​តទៅ​ទៀត​ឡើយ ដោយសារ​តែ​អាជីវករ មានការ​យល់ដឹង​ច្រើន និង​នាំគ្នា​ឈប់​ផលិត​ចំណី​អាហារ​ដែល​ដាក់​សារធាតុ​គីមី លក់​នៅលើ​ទីផ្សារ ។​

បើ​តាម​លោក ប៉ោ លាង​គង់ បើទោះបីជា​មាន​ការយល់​ដឹង​កាន់តែច្រើន​អំពី​សុវត្ថិភាព​ចំណីអាហារ ពី​សំណាក់​ក្រុមអាជីវករ​យ៉ាងណាក៏ដោយ ក៏​មន្ត្រី​ជំនាញ​កាំកុងត្រូល នៅតែ​បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ និង​ចំណីអាហារ​នៅតាម​ទីផ្សារ​នានា​ក្នុង​ខេត្ត​តាកែវ​នេះ​ដដែល គឺ​ចុះ​ពិនិត្យឲ្យ​ដូច​ភ្លៀងរលឹម ដើម្បី​ធានាបាន​នូវ​ទីផ្សារ​មួយ​ដែល​មាន​តែ​ទំនិញ​ល្អ អនាម័យ​ត្រឹមត្រូវ និង​មិន​មាន​សារធាតុ​គីមី​ដាក់​លើ​ចំណីអាហារ ៕ ​តាកែវ​

 

spot_img
×