Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការវិនិយោគ​របស់​ក្រុមហ៊ុន អាមេរិក​នៅ​កម្ពុជា ចំនួន​៥២​គម្រោង មាន​ទឹកប្រាក់​ប្រមាណ​១.១​ប៊ី​លាន​ដុល្លារ​

spot_img

​ភ្នំពេញ ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានបញ្ជាក់​ថា គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០១៨ ការវិនិយោគ​របស់​ក្រុមហ៊ុន សហរដ្ឋអាមេរិក​នៅ​កម្ពុជា មាន​ចំនួន​៥២​គម្រោង ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​១.១​ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ការវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​មាន​ប្រមាណ ២៧៤​លាន​ដុល្លារ​អាមេរិក​។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (The Council for the Development of Cambodia) បានប្រកាសថា នា​រសៀល​ថ្ងៃ​ពុធ ទី​៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ ជាមួយ​ប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន ដឹកនាំ​ដោយ​លោក ម៉ៃ​ឃើ​ល មី​ខា​ឡិក (Michael Michalak) អនុប្រធាន​ក្រុមប្រឹក្សា និង​ជា​នាយក​គ្រប់គ្រង​ថ្នាក់​តំបន់ ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​ឯកជន​ធំៗ របស់​សហរដ្ឋអាមេរិក សរុប ប្រមាណ ៣០​នាក់​។​

​ជា​កិច្ច​ចាប់ផ្តើម លោក​សុខ ចិន្តា​សោភា បាន​សម្ដែង​នូវ​សេចក្តីសោមនស្ស​រីករាយ និង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​របស់​គណៈប្រតិភូ​នា​ឱកាស​នេះ ដែល​មាន​គោលបំណង​ជំរុញ​ទំនាក់ទំនង​អាជីវកម្ម រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​សហរដ្ឋអាមេរិក ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត ក៏ដូចជា​ស្វែង​យល់​បន្ថែម​ពី​កាលានុវត្តភាព សក្ដានុពល​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​។ លោក​រដ្ឋមន្ត្រី​ប្រតិភូ បាន​ជម្រាប​ជូន​គណៈប្រតិភូ ពី​គោលនយោបាយ​គាំទ្រ​នានា ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​យ៉ាង​ប៉ិនប្រសប់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ដាក់ចេញ​ក្នុង​ទិសដៅ​លើកទឹកចិត្ត និង​ពង្រឹង​នូវ​ទំនុកចិត្ត​របស់​អ្នកវិនិយោគ​គ្រប់​រូប ក្នុងការ​ធ្វើ​ប្រតិបត្តិការ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា រួមបញ្ចូល​ទាំង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ដែល​មាន​ចក្ខុវិស័យ​ក្នុង​ការជំរុញ កែប្រែ និង​ធ្វើ​ទំនើបកម្ម​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា ពី​ឧស្សាហកម្ម​អតិពលកម្ម ឈាន​ទៅ​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ​ត្រឹម​ឆ្នាំ​២០២៥​។​

​លោក ម៉ៃ​ឃើ​ល មី​ខា​ឡិក បាន​ថ្លែងអំណរគុណ​ចំពោះ​បដិសណ្ឋារកិច្ច​ស្វាគមន៍​របស់​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា ហើយ​បាន​ទទួល​ស្គាល់ និង​សម្តែង​នូវ​ការអបអរសាទរ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការដឹក នាំ​ប្រទេស​ឱ្យមាន​ការរីកចម្រើន លូតលាស់​យ៉ាង​ឆាប់​រហ័ស​។ លោក​ក៏​បាន​ជម្រាប​ជូន​អង្គប្រជុំ ពី​សាវតារ​របស់​ក្រុមប្រឹក្សា​ធុរកិច្ច សហរដ្ឋអាមេរិក​-​អាស៊ាន ថា​ជា​ស្ថាប័ន​ពិគ្រោះ​យោបល់ ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន​សាជីវកម្ម របស់​សហរដ្ឋអាមេរិក ដែល​មាន​ប្រតិបត្តិការ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​បាន​ដើរ​តួនាទី​ចម្បង ក្នុង​ការលើកកម្ពស់​ទំ​នាក់​ទំនង​ធុរកិច្ច និង​វិនិយោគ ដោយ​បាន​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក រវាង​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​នៅ​ភូមិភាគ​អាស៊ីអាគ្នេយ៍​។ បច្ចុប្បន្ន ក្រុមប្រឹក្សា​មាន ការិយាល័យ​ចំនួន ៦ នៅក្នុង​បណ្តា​ទីក្រុង​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន រួមមាន​ទីក្រុង​បាងកក ហាណូយ ហ្សា​ការតា គូ​ឡា​ឡាំ​ពួ ម៉ានីល និង​សិង្ហ​បុរី​។ លោក​ប្រធាន​គណៈប្រតិភូ បាន​បន្ថែមថា តាម​រយៈ​កិច្ចពិភាក្សា​នា​ថ្ងៃនេះ លោក​សង្ឃឹមថា កិច្ចសហប្រតិបត្តិការ​ល្អ រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​សហរដ្ឋអាមេរិក នឹង​ឈាន​ទៅ​មុខ​មួយកម្រិត​ទៀត ជាក់​ជាមិនខាន​។​

​គួររំលឹកថា យោង​តាម​ការកត់ត្រារ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០១៨ ការវិនិយោគ​របស់​ក្រុមហ៊ុន សហរដ្ឋអាមេរិក នៅ​កម្ពុជា មាន​ចំនួន ៥២​គម្រោង ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ ១,១​ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ការវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​មាន​ប្រមាណ ២៧៤​លាន​ដុល្លារ​អាមេរិក​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×