Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ធ្វើការ​កែសម្រួល​ស្ពានបេតុង អម​ជាមួយ​ស្ពាន​បាឡេ​ឆ្លង​ទន្លេសាប​ឫស្សីកែវ ដើម្បី​បញ្ជៀ​ស​ឲ្យបាន​នូវ​ការកកស្ទះ​ចរាចរ​

spot_img

​ភ្នំពេញ ​៖ អាជ្ញាធរ​រាជធានី នឹង​ធ្វើ​ការកែសម្រួល​ស្ពានបេតុង អម​ជាមួយ​ស្ពាន​បា​ឡេ ឆ្លងកាត់​ទន្លេសាប​ខណ្ឌ​ឫស្សីកែវ ដើម្បី​បញ្ជៀ​ស​ឲ្យបាន​នូវ​ការកកស្ទះ​ចរាចរ ខណៈ​ដែល​ស្ពាន​បាឡេ​ឆ្លងកាត់​ទន្លេសាប​នេះ បាន​និង​កំពុង​ប្រឈម និង​ការកកស្ទះ​ចរាចរ​រាល់ថ្ងៃ​។​

​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរ ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ឫស្សីកែវ និង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ឆ្លងកាត់​ទន្លេសាប​ឆ្កោះទៅ​តំបន់​អភិវឌ្ឍ​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា នា​រសៀល​ថ្ងៃ​ពុធ ទី​៣ ខែតុលា ឆ្នាំ​២០១៨​នេះ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​អង្គប្រជុំ​ពិភាក្សា លើ​សំណើ​សុំ​ធ្វើការ​កែសម្រួល ប្លង់​ស្ពានបេតុង​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប ស្ថិតនៅ​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​មន្ត្រី​ជំនាញ ក្រុមហ៊ុន​OCIC បានឲ្យដឹងថា ក្រោយ​ពី​បើក​អោយធ្វើ​ចរាចរ​លើ​ស្ពាន​បា​ឡេ ឆ្លងកាត់​ទន្លេសាប​ខណ្ឌ​ឫស្សីកែវ ឃើញថា ចរាចរ​នៅ​លើ​ស្ពាន​ការកកស្ទះ​ចរាចរ​រាល់ថ្ងៃ ។ ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ​ទើប ក្រុមហ៊ុន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​សិក្សា​កែសម្រួល​ឡើងវិញ ពោល​គឺ​នឹង​ស្ថាបនា គិតគូរ​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ ដូច​ការសាងសង់​ស្ពាន​អាកាស​ស្ទឹង​មានជ័យ ដូច្នេះ​ដែរ​។​

​ចំពោះ​ការកែសម្រួល​ស្ពានបេតុង អម​ជាមួយ​ស្ពាន​បាឡេ​ឆ្លង​ទន្លេសាប​ឫស្សីកែវ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ឯកភាព​ទាំងស្រុង​ហើយ ប៉ុន្តែ លោក​អភិបាល បាន​ជម្រុញ​ឲ្យ​ក្រុមហ៊ុន និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ធ្វើការ​សិក្សា​បន្ថែម ចំពោះ​ផលប៉ះពាល់ ក្រោយពី​មាន​ការឯកភាព​ហើយ​នោះ ការដ្ឋាន​សាងសង់​ស្ពាន លើ​ការសម្រួល​ថ្មី​នេះ នឹង​ចាប់ផ្តើម​តែម្តង​។​

​គួរ​រំលឹក​ផងដែរ​ថា សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧​កន្លងមកនេះ បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ ស្ពានបេតុង​មួយ​ខ្សែ ស្រប​ជាមួយ​ស្ពាន​បាឡេ​នេះ​។​

​ចំពោះ ស្ពាន​បេតុង​ដែល​គ្រោង​ស្ថាបនា នៅ​អម​ជាមួយ​ស្ពាន​បាឡេ​នេះ មាន​ប្រវែង​៩២២​ម៉ែត្រ ទទឹង​២០,៥​ម៉ែត្រ​។ ចិញ្ចើម​ស្ពាន​សម្រាប់​ថ្មើរជើង មាន​ទទឹង​១,២៥​ម៉ែត្រ​សងខាង​, កម្ពស់​សសរស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប ធៀប​នឹង​កម្រាល​ស្ពាន​៣៤​ម៉ែត្រ សសរ​សម្រាប់​ព្យួរ​ខ្សែកាប មាន​សសរ​ចំនួន​៤, គន្លង​ខ្សែ​យានយន្ត​ទទឹង​៣,៧៥​ម៉ែត្រ​, គន្លង​ធ្វើចរាចរ​២​ខ្សែ​ទៅ​២​ខ្សែ​មក​, កម្ពស់​នាវាចរ​ក្រោម​ស្ពាន​អតិបរមា នៅ​រដូវវស្សា​១០,៥​ម៉ែត្រ​, កម្ពស់​នាវាចរ​ក្រោម​ស្ពាន​អ​ប្បរមា នៅ​រដូវប្រាំង​២០,៥​ម៉ែត្រ បំពាក់​បង្គោល​ភ្លើង​បំភ្លឺ និង​ដាក់​ស្លាក​សញ្ញា​ចរាចរ​ផងដែរ​។​

​ស្ពាន​នេះ មាន​តួនាទី​សំខាន់​ក្នុង​ការរួមចំណែក​រំដោះ​ចរាចរ​លើ​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៥ ក៏​ដូចជា​ច្រក​ចេញចូល​រាជធានី​ភ្នំពេញ និង​ជា​សមិទ្ធផល​ថ្មី​មួយទៀត ជា​ចំណងដៃ​សម្រាប់​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​ដែល​បាន​ឆ្លងកាត់​ស្ពាន ក៏​ដូច​បង្កើន​សរសៃឈាម​សេដ្ឋកិច្ច ត​ភ្ជាប់​ពី​បណ្តា​ខេត្ត មក​រាជធានី​ភ្នំពេញ និង​ពី​រាជធានី​ភ្នំពេញ ទៅ​តាម​បណ្តា​ខេត្ត ៕ ​ដោយ ​៖ ​កូឡាប​

spot_img
×