Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លឹប​អ្នកកាសែត​កម្ពុជា និង សមាគម​អ្នកកាសែត​វៀតណាម ពង្រឹង​សហប្រតិបត្តិការ​រវាង​អ្នកកាសែត​នៃ​ប្រទេស​ទាំង​ពីរ​

spot_img

​វៀតណាម ​៖ ​ក្លឹប​អ្នកកាសែត​កម្ពុជា (CCJ) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ យោគយល់ មួយ​ជាមួយ​សមាគម​អ្នកកាសែត​វៀត​ណាម (VJA) នៅ​ថ្ងៃ​ពុធ​ទី​៤​ខែ​តុលា​នេះ នៅក្នុង​ទីក្រុង​ហាណូយ ស្តី​ពី​ការពង្រឹង​សហប្រតិបត្តិការ​រវាង​អ្នកកាសែត​នៃ​ប្រទេស​ទាំង​ពីរ​។​

​ប្រតិភូ​ក្លឹប​អ្នកកាសែត​កម្ពុជា​កំពុង​បំពេញ​ទស្សនកិច្ច​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៦​ខែតុលា នៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ដើម្បី​ពិភាក្សា​អំពី​ការពង្រឹង កិច្ចសហប្រតិបត្តិការ រវាង​អ្នកកាសែត​នៃ​ប្រទេស​ជិតខាង​ទាំង​ពីរ​។ នៅ​ថ្ងៃ​ទី​៤​ខែ​តុលា​នេះ លោក ពុយ គា ដែល​ជា​អគ្គលេខាធិការ​នៃ​ក្លឹប​អ្នកកាសែត​កម្ពុជា ហើយ​កំពុង​ដឹកនាំ​ប្រតិភូ​អ្នកកាសែត​កម្ពុជា នៅក្នុង​ទីក្រុង​ហាណូយ​នោះ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តីពី​សហប្រតិបត្តិការ នៃ​សមាគម​អ្នកកាសែត​ទាំងពីរ ជាមួយ​លោក Ho QUANG LOI អនុប្រធាន​ប្រចាំការ​នៃ​សមាគម​អ្នកកាសែត​វៀតណាម​។​

ប្រធាន​ប្រតិភូ​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ពុយ គា បាន​មានប្រសាសន៍​នៅមុខ​សម​ភាគី​ថា អ្នកកាសែត​កម្ពុជា និង​អ្នកកាសែត​វៀតណាម មួយចំនួន​ធ្លាប់បាន​ស្គាល់​គ្នា​ជា​លក្ខណៈ​បុគ្គ​លហើយ​។ ប៉ុន្តែ​លោក​បន្តថា បន្ទាប់​ពី​ការចុះហត្ថលេខា​ផ្តើម​កិច្ច​សហ​ប្រតិបត្តិការ​នេះ​ទៅ ការទំនាក់ទំនង​គ្នា​រវាង​អ្នកកាសែត​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវបាន​ដំឡើង​ដល់​ថ្នាក់​ស្ថាប័ន ដែល​នឹង​ពង្រីក​ថែម​ទៀត​នៃ​សាមគ្គីភាព និង​កិច្ចសហការ​រវាង​អ្នកកាសែត​ទាំងពីរ​ប្រទេស​។​

លោក ពុយ គា បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖«​មិន​ត្រឹមតែ​ក្នុង​ក្របខណ្ឌ​នៃ​អាជីព​សារព័ត៌មាន​នោះ​ទេ ចាប់ពី​ពេលនេះ​ទៅ​សមាគម​អ្នកកាសែត​ទាំង​ពីរ​ប្រទេស នឹង​លើក​ទឹកចិត្ត​ឲ្យមាន​ការសរសេរ​អត្ថបទ​ដែល ជំរុញ​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​»​។​

តាមរយៈ​ការចុះហត្ថលេខា លើ​កិច្ចសហប្រតិបត្តិការ​នេះ សមាគម​អ្នកកាសែត​វៀតណាម គឺជា​ដៃគូ​ទី​ពីរ​នៅក្នុង​អាស៊ាន​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា បន្ទាប់​ពី​ក្លឹប​អ្នកកាសែត​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ សមាគម​អ្នកកាសែត​ថៃ​កាលពី​ឆ្នាំ​២០១១​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ទាំង​ក្លិប​អ្នកកាសែត​កម្ពុជា សមាគម​អ្នកកាសែត​វៀតណាម និង​សមាគម​អ្នកកាសែត​ថៃ សុទ្ធតែ​ជា​សមាជិក​នៃ​សហព័ន្ធ​អ្នកកាសែត​អាស៊ាន (Confederation of Asean Journalists)​។​

ប្រតិភូ​ក្លឹប​អ្នកកាសែត​កម្ពុជា ដែល​កំពុង​ទស្សនកិច្ច​នៅក្នុង​ប្រទេស​វៀតណាម​រួមមាន លោក ពុយ គា ជា​អគ្គលេខាធិការ លោក ខៀវ កូ​ឡា ជា​សមាជិក​គណៈកម្មកា​រនា​យក លោក គី សុខ​លីម ជា​ទីប្រឹក្សា លោក សំ ប៊ុន​ណាត និង​លោក ប៊ិន ប៊ុន​ណា ជា​សមាជិក​សកម្ម​៕​ ដោយ​៖​កូឡាប​

spot_img
×