Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការគាំទ្រ និង​ការពង្រឹង​ការងារ​គ្រប់គ្រង​រដ្ឋបាលខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ បាន​រំលឹក​ដល់​មន្ត្រីរដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យ​បន្ថែម​សកម្មភាព​ពង្រឹង​ការងារ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ឲ្យ​បាន​ច្រើន​ថែមទៀត ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ និង​អ្នកវិនិយោគទុន​។​

​ទាក់ទិន​បញ្ហា​នេះ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ មានប្រសាសន៍​ក្នុង​បើក​កិច្ចប្រជុំ ការងារ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ខេត្ត​ព្រះសីហនុ ក្នុងនាម​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ លោក​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាលខេត្ត​ព្រះសីហនុ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ដែល​បាន​ខិតខំ​បំពេញការងារ​គ្រប់គ្រង​រដ្ឋបាលខេត្ត ក្នុងការ​ថែរក្សា​សន្តិសុខ​សាធារណៈ ជូន​ប្រជាពលរដ្ឋ​រស់នៅ និង​ប្រក​បរបរ​ផ្សេងៗ​មាន​ភាពងាយស្រួល​។​
​លោក សក់ សេដ្ឋា បន្តថា រាជរដ្ឋាភិបាល បានកំណត់​ប៉ូល​សេដ្ឋកិច្ច​ចំនួន ៣​រួមមាន​៖ ខេត្ត​ព្រះសីហនុ ក្រុងភ្នំពេញ និង​ខេត្តសៀមរាប ហើយ​ប៉ូល​សេដ្ឋកិច្ច​ទាំង​៣ បាន​សន្ទុះ​ឡើង​យ៉ាង​លឿន ជាពិសេស​ប៉ូល​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ គឺមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​ការហូរចូល​យ៉ាងគំហុក របស់​អ្នកវិនិយោគ​គិ​នប​រទេស ចូលមក​អភិវឌ្ឍ ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ មានការ​អភិវឌ្ឍ​រីកចម្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​លោក សក់ សេដ្ឋា ឲ្យ​ដឹង​ដូច្នេះ រួច​បាន​កោតសរសើរ​ពី​សកម្មភាព​ការងារ របស់​សមត្ថកិច្ច​ថា បាន​បំពេញការងារ​យ៉ាងសកម្ម​។​

​លោក​បន្តថា ខណៈ​ការអភិវឌ្ឍ​កំពុងមាន​សន្ទុះ​កើនឡើង​នា​ខេត្ត​ព្រះសីហនុ ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ក្រុមអធិការកិច្ច ដើម្បី​ចុះ​ពិនិត្យ​វាយតម្លៃ​អំពី​ផលប៉ះពាល់​ទាំង​វិជ្ជមាន និង​អវិជ្ជមាន ដែល​ចេញពី​ការអភិវឌ្ឍ​នៅទីនេះ​។​

​លោក សក់ សេដ្ឋា បានចាត់ទុក​ការអភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ ពិតជា​មាន​សារ​:​សំខាន់ និង​បាន​ជម្រុញ​ឲ្យ​សេដ្ឋកិច្ចជាតិ ទទួលបាន​ផលប្រយោជន៍​យ៉ាងសំខាន់​។​

​យ៉ាងណា​ក៏ដោយចុះ លោក សក់ សេដ្ឋា បាន​ទទួលស្គាល់ថា មូលដ្ឋាន​ខេត្ត​ព្រះសីហនុ នៅមាន​ចំណុច​ប្រឈម​មួយចំនួន ដែល​ជម្រុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​រួមគ្នា​ដោះស្រាយ​ប្រកបដោយ​ចិ​រ​ភាព និង​និរន្តរភាព​ផងដែរ​។​
​កន្លងមកនេះ ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ បាន​បង្កើត​ក្រុមការងារ​មួយ ដើម្បី​ជួយ​ដល​ការងារ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ក្នុង​ការពង្រឹង​ការវិវឌ្ឍ​រួមគ្នា ជាមួយ​រដ្ឋបាលខេត្ត​នេះ​។​

​លោក សក់ សេដ្ឋា បន្ថែមថា ដោយសារ​ការហូរចូល​នូវ​ជនបរទេស​យ៉ាងគំហុក ចូលមក​ខេត្ត​ព្រះសីហនុ នាំ​ឲ្យ​រដ្ឋបាល​នេះ មាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​ទាមទារ​មន្ត្រី​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​ទប់ស្កាត់ និង​ដោះស្រាយ​។​

​លោក​បន្តថា ដើម្បី​ឆ្លើយតប​ការកើនឡើង នូវ​វត្តមាន របស់​ជនបរទេស និង​អ្នកវិនិយោគទុន​បរទេស​ចូក​មក​ខេត្ត​ព្រះសីហនុ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទើប ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ក្រុមការងារ​ពិសេស ឲ្យ​ចុះមក​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​មួយចំនួន ប៉ុន្តែ​លោក​ថា ក្រុមការងារ របស់​ក្រសួង​ក្រសួងមហាផ្ទៃ ក៏​មិន​ធ្វើ​កិច្ចការងារ ឲ្យ​ហួស​លើ​សមត្ថកិច្ច ឬ​ជ្រៀត​ជ្រែកចូល​កិច្ចការងារ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​នោះទេ​។ ពោល គឺ​ការទទួលខុសត្រូវ របស់​រដ្ឋបាលខេត្ត ក្រុង​- ស្រុក​- ឃុំ​- សង្កាត់ ស្ថិតនៅ​ដដែល ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ប្រយោជន៍​ជាតិ​ទាំងមូល​។

​នាឱកាស​នោះដែរ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​ជំរាបជូន​សកម្មភាព​ទូទៅ របស់​ខេត្ត​នេះ ដែល​បាន​បង្កើត​អង្គភាព​ច្រកចេញចូល​តែមួយ និង​មាន​ក្រុមហ៊ុន​វិនិយោគ​ចំនួន​៣៣ វិនិយោគ​ទៅលើ​វិស័យ​ទេសចរណ៍​មាន ២៣​ក្រុមហ៊ុន បំរើសេវា​កម្ម​ទេសចរ​ណ៍ ៦​ក្រុមហ៊ុន វិស័យ​អចលនទ្រព្យ​៤​ក្រុមហ៊ុន និង​មាន​ក្រុមហ៊ុន​វិនិយោគ​តាម​កោះ ១៩​ក្រុមហ៊ុន​។​ ​ខេត្ត​ព្រះសីហនុ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​៤​។

​ចំពោះ​បញ្ហា​ប្រឈម របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​នាពេល​បច្ចុប្បន្ននេះ គឺ​បញ្ហា​មាន​អនាម័យ និង​បរិស្ថាន ស្របពេល កំណើន​ជនបរទេស បាន​ចូលមក​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​យ៉ាងគំហុក​នា​មូលដ្ឋាន​នេះ​។​

ទន្ទឹមគ្នានេះ លោក យន្ត មីន ក៏បាន​ទទួលស្គាល់ថា មាន​ឆកល្វែង លើ​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ ដែល​បង្កើត​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ជាដើម ប៉ុន្តែ​បញ្ហា​នេះ លោក​ថា រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ខិតខំ​ដោះស្រាយ ដោយ​យកចិត្តទុកដាក់​ជា​បន្ត​បន្ទាប់​មកនេះ​៕ ដែន សីមា​

spot_img
×