Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​សម្ពោធ​ជា​ផ្លូវការ​ច្រកទ្វារព្រំដែន​ទ្វេភាគី​បុស​មន​-​ហ្វឿក​តឹន

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​លោក ផាម វ៉ាន់​តឹន អនុ​លេខា​បក្ស និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​តៃនិញ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​សុក្រ ១១​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​សហការ​រៀបចំ​ពិធី​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​ច្រកទ្វារ​ព្រំដែន​ទ្វេភាគី​បុស​មន​-​ហ្វឿក​តឹន ខាង​ផ្នែក​កម្ពុជា​ស្ថិតនៅ​ភូមិ​វាល ឃុំ​បុស​មន ស្រុក​រំដួល ស្វាយរៀង និង​ខាង​ផ្នែក​វៀតណាម ស្ថិតនៅ​ភូមិ​ថាញ់​តៃ ឃុំ​ថាញ់​ឡុង ស្រុកចូ​វ​ថាញ់ ខេត្ត​តៃនិញ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​សម្រេច​ដំឡើង​កម្រិត​ពី​ច្រកទ្វារ​តំបន់​ព្រំដែន ទៅ​ជា​ច្រកទ្វារ​ព្រំដែន​ទ្វេភាគី កាលពីពេល​កន្លង​ទៅ ។

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​លោក​បណ្ឌិត គឹម ធា សមាជិក​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក អ៊ឹម ហេន អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ លោក ង្វៀន យី​ចៀន អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​កិច្ចការ​ព្រំដែន​វៀតណាម លោក ង្វៀន វ៉ាន់​ណា​ម មេបញ្ជាការរង​យោធភូមិភាគ​ទី​៧ កងទ័ព​ប្រជាជន​វៀតណាម ឯកឧត្ដម ង្វៀន មិញ​តឹន អនុ​លេខា​ប្រចាំការ​គណៈ​កម្មាធិកា​របក្ស​ខេត្ត​តៃនិញ ព្រមទាំង​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ តំណាង​កងកម្លាំង មន្ទីរ​-​អង្គភាព អាជ្ញាធរ​ជាប់​ព្រំដែន សមត្ថកិច្ច​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន និង​បងប្អូន​អាជីវករ ពាណិជ្ជករ នៃ​ខេត្ត​ទាំង​ពីរ​យ៉ាង​ច្រើន​កុះករ ។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​សម្ដែង​នូវ​ការអបអរសាទរ​យ៉ាង​ក្រៃលែង ចំពោះ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​ច្រកទ្វា​ព្រំដែន​ទ្វេភាគី​របស់​ខេត្ត​ទាំង​ពីរ​នៅ​ថ្ងៃនេះ ហើយ​លោក​អភិបាលខេត្ត ក៏ដូចជា​លោក​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​តៃនិញ ក៏​បាន​បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ដូច​គ្នា​ថា ក្រោយ​ពី​ដំណើរការ​ជា​ច្រកទ្វារ​ព្រំដែន​ទ្វេភាគី ច្រកទ្វារ​ព្រំដែន​នេះ នឹង​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុង​ការរួមចំណែក​បង្កើន​ទំហំ​ពាណិជ្ជកម្ម ការវិនិយោគ និង​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន ព្រមទាំង​ជួយ​សម្រួល​ដល់​ការផ្លាស់ប្តូរ​ទំនិញ​កសិផល​រវាង​ប្រជាពលរដ្ឋ និង​អាជីវករ ពាណិជ្ជការ​តាម​តំបន់​ព្រំដែន ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ និង​លើកស្ទួយ​ដល់​ការអភិវឌ្ឍ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ខេត្ត​ទាំង​ពីរ​ឲ្យបាន​កាន់តែ​ប្រសើរ និង​មាន​ទំហំ​ធំ​ជាង​មុន ។​

​ជាមួយនេះ លោក​ម៉ែន វិបុល ក៏​បាន​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន អង្គភាព និង​កងកម្លាំង​មាន​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ច្រកទ្វារ​ព្រំដែន​ទាំង​ពីរ ត្រូវ​បន្ត​សហការ​គ្នា​ឲ្យបាន​កាន់តែ​ល្អប្រសើរ ក្នុង​ការគ្រប់គ្រង​ការចេញចូល​ឆ្លងកាត់​ព្រំដែន ព្រមទាំង​ខិតខំ​សម្របសម្រួល និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ និង​កសិផល​ផ្សេងៗ​របស់​អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងសងខាង រួមគ្នា​ដោះស្រាយ​បញ្ហា​នានា ដែល​កើតឡើង​តាម​ព្រំដែន​ឲ្យបាន​ទាន់​ពេលវេលា និង​ដោយ​សន្តិវិធី ឈរ​លើ​ស្មារតី​មិត្តភាព​ជា​ប្រពៃណី និង​ភាព​ជា​បងប្អូន សំដៅ​រួមគ្នា​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រឹងមាំ គង់វង្ស យូរអង្វែង៕​ វ៉ៃកូ​

spot_img
×