Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​កូរ៉េខាងត្បូង​ផ្តន្ទាទោស​អតីត​ប្រធានាធិបតី Lee Myung-bak ឲ្យ​ជាប់គុក ១៥​ឆ្នាំ​ ​ ​

spot_img

នៅ​ថ្ងៃ​សុក្រ​ម្សិលមេញ​នេះ តុលាការ​នៅ​ទីក្រុង​សេ​អ៊ូ​ល បានប្រកាស​ផ្តន្ទាទោស​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​លី ម្យុ​ង​បាក់ ឲ្យ​ជាប់ពន្ធនាគារ​១៥​ឆ្នាំ និង​បង់ប្រាក់​ពិន័យ ១៣​ពាន់​លាន​វ៉ុ​ន ស្មើនឹង​១១​លាន​ដុល្លារ​។

អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Lee Myung-Bak (​លី ម្យុ​ង​បាក់​) នៅក្នុង​សវនាការ​នៅ​សេ​អ៊ូ​ល ថ្ងៃទី​២៣​ខែឧសភា ២០១៨ ។

​លោក​លី ម្យុ​ង​បាក់ ដែល​រង​បទចោទប្រកាន់​ចំនួន ១៦​ករណី ពី​រដ្ឋអាជ្ញារ​កូរ៉េខាងត្បូង កាលពី​ខែមេសា​កន្លងទៅ ត្រូវបាន​ចៅក្រម​តុលាការក្រុង​សេ​អ៊ូ​ល​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ក្នុង​បទចោទប្រកាន់​ពីរ គឺ​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​និង​កេង​បន្លំ​លុយ​រដ្ឋ​។ ​

​តាម​សេចក្តីប្រកាស​របស់​តុលាការ ដែល​ត្រូវបាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូ​ទស្សន៍ លោក​លី ម្យុ​ង​បាក់ កាល​នៅ​កាន់តំណែង​ជា​ប្រធានាធិបតី ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១៣ បានទទួល​សំណូក​សូកប៉ាន់ ពី​ម្ចាស់​ក្រុមហ៊ុន​samsung ជា​ថ្នូរ​នឹង​ការប្រកាស​លើកលែងទោស​របស់​ប្រធានាធិបតី សម្រាប់​អគ្គនាយក​ក្រុមហ៊ុន samsung ដែល​កាលណោះ​ត្រូវបាន​តុលាការ​កាត់ទោស​ពីបទ​បន្លំ​គេច​មិន​បង់ពន្ធ​រដ្ឋ​។ សម្រាប់​ការចោទប្រកាន់​ទី​២ តុលាការ​បាន​រកឃើញ​ថា លោក លី ម្យុ​ង​បាក់ នៅពេល​ជា​ប្រធានាធិបតី បាន​លួច​បង្កើត​ក្រុមហ៊ុន ផលិត​គ្រឿង​រថយន្ត​មួយ ប៉ុន្តែ​ដាក់ឈ្មោះ​ប្អូនប្រុស​របស់លោក​វិញ ដើម្បី​ងាយស្រួល​លួច​បន្លំ​បង្វែរ​លុយ រដ្ឋ​ចូល​ក្រុមហ៊ុន​។​

​ក្នុង​វ័យ ៧៦​ឆ្នាំ លោក​លី ម្យុ​ង​បាក់ គ្មាន​វត្ត​មាននៅ​តុលាការ​ដើម្បី​ស្តាប់​ការប្រកាស​សាលក្រម​នោះទេ ក្នុង​ហេតុផល​ថា លោក​មាន​សុខភាព​មិនល្អ និង​ម្យ៉ាង ដើម្បី​ជំទាស់​នឹង​តុលា​ការដែល​បានសម្រេច​ឲ្យ​មានការ​ចាក់ផ្សាយ​បន្ត​ផ្ទាល់ អង្គជំនុំជម្រះ នៅតាម​ទូ​ទស្សន៍ នៅ​ថ្ងៃ​សុក្រ​នេះ​។ ប៉ុន្តែ រហូតមក លោក លី ម្យុ​ង​បាក់ បាន​ទាត់ចោល​ការចោទប្រកាន់ និង​ថា​ករណី​ប្តឹង​លោក​ធ្វើឡើង​ក្នុង​ហេតុផល​នយោបាយ​។ នៅក្រោយ​ការប្រកាស​សាលក្រម មេធាវី​របស់លោក​លី ម្យុ​ង​បាក់​បាន​សំដែង​ការសោកស្តាយ និង​ថា​លោក​នឹង​ពិចារណា​ជាមួយ​កូនក្តី​របស់លោក ដើម្បី​សម្រេច​ថា​នឹង​ប្តឹងទៅ​សាលាឧទ្ធរណ៍​ដែរឬទេ​។ ​

​វា​សឹង​ក្លាយជា​ប្រពៃណី​ទៅហើយ​នៅ​កូរ៉េខាងត្បូង ដែល​ប្រធានាធិបតី​អស់តំណែង ត្រូវ​តុលាការ​កាត់ទោស ឲ្យ​ជាប់ពន្ធនាគារ​ពីបទ​ទទួល​សំណូក​សូកប៉ាន់ ជាពិសេស​នៅក្នុង​ពេលដែល​គណបក្ស​គូប្រជែង​ឈ្នះឆ្នោត ចូលកាន់​កាប់​វិមាន​ប្រធានាធិបតី​។ ជាក់ស្តែង​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទាំង​៤​រូប​ដែល​កំពុង​មានជីវិត សុទ្ធតែ​ត្រូវបាន​តុលាការ​ថ្កោលទោស ទាំង​ក្នុង​រឿង​ប្រព្រឹត្ត​អំពើពុករលួយ​។ នៅមុន​លោក​លី ម្យុ​ង​បាក់ លោកស្រី​ប៉ាក់ គុន​ហេ ដែល​ត្រូវ​សភា​បោះឆ្នោត​ទម្លាក់​ចេញពី​តំណែង​ប្រធានាធិបតី​មុន​អាណត្តិ ត្រូវបាន​តុលាការ​កាត់ទោស កាលពី​ខែមេសា ឆ្នាំនេះ ឲ្យ​ជាប់ពន្ធនាគារ ២៥​ឆ្នាំ ក្នុង​បទ​ទទួល​សំណូក​ពី​ក្រុមហ៊ុន សាំ​ស៊ុ​ង ហើយ​និង​រំលោភ​អំណាច​ប្រធានាធិបតី​។ ចំណែក​អតីត​ប្រធានាធិបតី​ពីររូប​ផ្សេងទៀត ដែល​ត្រូវ​ជាប់ពន្ធនាគារ​ដោយសារ​រឿង​ពុករលួយ ហើយ​និង​ក្បត់ជាតិ កាលពី​ទសវត្សរ៍​ឆ្នាំ ១៩៨០ បាន​រួច​ទោស​មកវិញ ដោយសារ​ក្រឹត្យ​លើកលែងទោស ពី​ប្រធានាធិបតី​នាពេល​កន្លងមក​៕​សូ​យ​ន​

spot_img
×