Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ណូបែល​សន្តិភាព​ឆ្នាំ​២០១៨ បាន​ទៅលើ​សកម្មជន​ប្រយុទ្ធប្រឆាំង នឹង​អំពើហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​

spot_img

​ឆ្នាំនេះ សម្រាប់​ពានរង្វាន់​ណូបែល​សន្តិភាព គឺមាន​បេក្ខភាព​ច្រើនណាស់ រហូតដល់​ទៅ​៣៣១​បេក្ខភាព មាន​ទាំង​ជា​បុគ្គល​ឯកជន និង​ស្ថាប័ន​អង្គការ​នានា​។ មានការ​ប៉ាន់ស្មាន​ជាច្រើន ថា មេដឹកនាំ​កូរ៉េ​ទាំង​២ អាច​បានទទួល​ពានរ​ង្វាន់​ឆ្នាំនេះ​ទៀត បន្ទាប់ពី​ប្រទេស​ទាំង​ពីរបាន​ខិតខំ ចាប់ដៃគ្នា កសាង​សន្តិភាព​ឡើងវិញ​។​

​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១៨៖ នាង Nadia Murad និង​លោក Denis Mukwege​

​ក៏ប៉ុន្តែ​ទីបំផុត​សមាជិក​ទាំង​៥​រូប នៃ​គណៈកម្មការ​ពានរង្វាន់​ណូបែល ទើបតែ​បានសម្រេច​ប្រគល់​ពានរង្វាន់​ណូបែល​សន្តិភាព ជូនទៅ​បុគ្គល​២​រូប ដែល​អ្នក​ទាំង​២ សុទ្ធតែ​បាន​បូជា​កម្លាំងកាយ​ចិត្ត ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង នឹង​អំពើហិង្សា​ផ្លូវភេទ និង​ការជួញដូរ​ផ្លូវភេទ​ទៅលើ​ស្ត្រី​។ បុគ្គល​ទីមួយ មាន​ឈ្មោះថា ណា​ដ្យ៉ា មូរ៉ា​ដ ជា​ស្ត្រី​ជនជាតិ​យ៉ា​ហ្ស៊ី​ឌី ហើយ​ដែល​ធ្លាប់​រងគ្រោះ ក្លាយជា​ទាសករ​ផ្លូវភេទ របស់​ក្រុម​ជី​ហាត​អង្គការ​រដ្ឋ​អ៊ីស្លាម នៅ​ស៊ី​រី​។ ចំណែក​បុគ្គល​ទី​២ គឺ​លោក​វិ​ជ្ជ​បណ្ឌិត ដេ​នី ម៉ា​ក្វេ​ហ្គឺ​។ លោក​គឺជា​វិ​ជ្ជ​បណ្ឌិត​រោគ​ស្ត្រី នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។​

​អស់​រយៈពេល​២០​ឆ្នាំ​មកហើយ ដែល​លោក​វិ​ជ្ជ​បណ្ឌិត បាន​ព្យាយាម​ជួយសង្គ្រោះ ព្យាបាល និង​ការពារ​ស្ត្រី​ជនជាតិ​កុង​ហ្គោ ដែល​រងគ្រោះ​ដោយ​ការធ្វើ​ទារុណកម្ម​ផ្លូវភេទ មិនតិចជាង​៥​ម៉ឺន​នាក់​ទេ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​គណៈកម្មាធិការ​ណូបែល បានលើកឡើង​ដូច្នេះ​ថា «​អ្នក​ទាំងពីរ​ទទួលបាន​ពាន​ណូបែល​សន្តិភាព ដោយសារតែ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អ្នក​ទាំងពីរ ក្នុង​ការបញ្ឈប់​អំពើហិង្សា​ផ្លូវភេទ​។ លោក Mukwege មានការ​ប្តេជ្ញា​តស៊ូ​ការពារ​ជនរងគ្រោះ​នៃ​អំពើហិង្សា​ផ្លូវភេទ ខណៈ​អ្នកនាង Murad ជា​សាក្សី​ផ្ទាល់​ដែល​រៀបរាប់​ឲ្យ​យើងទាំងអស់គ្នា​បានដឹង ពី​អំពើអាក្រក់ៗ ដែល​ជនដៃដល់​បាន​ប្រព្រឹត្ត​ទៅលើ​រូបនាង ព្រមទាំង​នារី​ដទៃទៀត​។ បុគ្គល​ទាំងពីរ​នាក់​នេះ បាន​ជួយ​បង្ហាញ​ពួកយើង​ឲ្យ​មើលឃើញ​កាន់តែច្បាស់​ពី​អំពើហិង្សា​ផ្លូវភេទ​ក្នុងសម័យ​សង្គ្រាម ដើម្បី​ឲ្យ​ជនដៃដល់​ទាំងឡាយ ត្រូវ​ទទួលរង​លទ្ធផល​នៃ​ទង្វើ​របស់​ពួកគេ​»​។​

​លោកស្រី Berit Reiss-Andersen ប្រធាន​គណៈកម្មាធិការ​ពានរង្វាន់​ណូបែល បាន​មានប្រសាសន៍ នៅក្នុងពេល​ប្រកាស​លទ្ធផល​ថា ពិភពលោក​យើង​នឹង​គ្មាន​សន្តិភាព​ទេ ដរាបណា​ស្ត្រី នៅតែ​រស់នៅក្នុង​ភាពភ័យខ្លាច និង​អសន្តិសុខ​។ សិទ្ធិ​ជា​មូលដ្ឋាន​របស់​ស្ត្រី ត្រូវតែ​ទទួលបាន​ការការពារ ទោះបីជា​ស្ថិតក្នុង​កាលៈទេសៈ​សង្គ្រាម​ក៏ដោយ​។ លោកស្រី​បាន​បន្ថែមថា លោក ដេ​នី ម៉ា​ក្វេ​ហ្គឺ និង​នាង ណា​ដ្យ៉ា មូរ៉ា​ដ គឺជា​គំរូ​វីៈ​ភាព ភាពក្លាហាន និង​ការតស៊ូ​មានៈ ដើម្បី​បុព្វហេតុ​សិទ្ធិ​ស្ត្រី នៅ​ទូទាំង​ពិភពលោក​៕ ចន្ទ្រា​

spot_img
×