Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួងបរិស្ថាន​អះអាង​ពី​វត្តមាន​សត្វ​កម្រ​ច្រើន​ប្រភេទ​នៅ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ក្នុង​ខេត្តរតនគិរី​

spot_img

​សត្វ​កម្រ​ច្រើន​ប្រភេទ​កំពុងតែ​រស់នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ក្នុង​ខេត្តរតនគិរី​។ នេះ​គឺជា​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ដ្រី​នាំពាក្យ​ក្រសួងបរិស្ថាន​។

ការអះអាង​របស់លោក នេត្រ ភក្ត្រា យ៉ាង​ដូច្នេះ ធ្វើឡើង​ដោយ​សម្អាង​លើ​រូបភាព​ជាច្រើន​សន្លឹក ដែល​ថត​បាន​ដោយ​ម៉ា​ស៊ី​សត្វ​ខ្លាឃ្មុំ ស្វា​ក្រវ៉ាត់ មាន់ព្រៃ សំពោច​ភ្នំ ឈ្លូស និង​សត្វ​ជាច្រើន​ប្រភេទ​ទៀត ក្នុងនោះ​មាន​ទាំង​សត្វ​កម្រ​ផង​ត្រូវ​បានឃើញ​មាន​វត្តមាន នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ក្នុង​ខេត្តរតនគិរី​។ នេះ​បើ​យោងតាម​ការឱ្យ​ដឹង​រប​ស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៨ នេះ​។​

​លោក​បាន​ថ្លែងថា ទិន្ន័យ​និង​រូបភាព​ដែល​បញ្ជាក់​ពី​វត្តមាន​ជីវៈចម្រុះ​ទាំងនេះ​ទទួលបាន​ពី​ម៉ាស៊ីន​ថត​ដោយ​ស្វ័យប្រវត្តិ​ដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ឧទ្យាន​ជាតិ​វីរ​ជ័យ បានដាក់​ចាប់តាំងពី​ថ្ងៃទី​២៦ ខែកញ្ញា រហូតដល់ ថ្ងៃទី​៤ ខែតុលា ឆ្នាំ ២០១៨ នៅតាម​ទីតាំង​មួយចំនួន​ក្នុង​ឧទ្យាន​ជាតិ​នេះ​។​

​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៩៣ ឧទ្យាន​ជាតិ​វីរៈ​ជ័យ មាន​ផ្ទៃក្រឡា​សរុប ៣ ៣២៥ គីឡូម៉ែត្រ​ក្រឡា លាតសន្ធឹង​គ្របដណ្ដប់​ខេត្ត​ពីរ គឺ​ស្ទឹងត្រែង និង​រតនគិរី​។ ក្រៅពី​ឧទ្យាន​ជាតិ​វីរៈ​ជ័យ កម្ពុ​ជាមាន​ឧទ្យាន​ជាតិ​ចំនួន​៦​ផ្សេងទៀត ដូចជា ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសុមៈ​គីរីរម្យ ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ឧទ្យាន​ជាតិ​មុនី​វង្ស​បូកគោ ឧទ្យាន​ជាតិ​កែប ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម និង​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​។​

​សូមបញ្ជាក់ថា ក្រោយពី​មាន​កំណែទម្រង់​ស៊ីជម្រៅ​លើ​តួនាទី និង​ការទទួលខុសត្រូវ​រប​ស់​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម មានការ​ផ្ទេរ​នូវ​តំបន់​អភិរក្ស​មួយចំនួន​ពី​ក្រសួងកសិកម្ម​ឱ្យមក​ក្រសួងបរិស្ថាន គ្រប់គ្រង និង​អភិរក្ស​។​

​ក្រសួងបរិស្ថាន​បញ្ជាក់​ថា សព្វថ្ងៃនេះ ក្រសួង​គ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ទំហំ​ជាង ៧,៥​លាន​ហិកតា​។ និង​ថា ក្រសួង​បានដាក់​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ១ ២៦០​នាក់ ដើម្បី​ដើរល្បាត ការពារ​ធនធានធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ សម្បត្តិ​ធម្មជាតិ​និង​វប្បធម៌ នៅក្នុង​ផ្ទៃដី​ទាំង ៧,៥​លាន​ហិកតា​នោះ​៕ ចន្ទ្រា

spot_img
×