ខេត្តបន្ទាយមានជ័យ៖ បុរសវ័យ៣៤ឆ្នាំម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីប្រើពូថៅកាប់ ប្រហារ បុរសវ័យ២២ឆ្នាំម្នាក់ ចំនួន ៨ ពូថៅ បណ្ដាលឱ្យរងរបួសធ្ងន់ ខណៈជនរងគ្រោះកំពុងដេកលើអង្រឹងក្រោមផ្ទះអ្នកជិតខាងដោយមិនដឹងខ្លួន។
សមត្ថកិច្ចនគរបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា: ជនរងគ្រោះមាន ឈ្មោះ វីត រ៉ាវៀន ហៅវីន អាយុ២២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
ចំណែកឯ ជនសង្ស័យ មានឈ្មោះ វ៉ាត់ ស្នា អាយុ៣៤ឆ្នាំ ក៏មានទីលំនៅក្នុងភូមិជាមួយគ្នាផងដែរ។
តាមការសារភាពរបស់ជនសង្ស័យ មូលហេតុនៃអំពើហិង្សានេះ គឺដោយសារខ្លួនសង្ស័យថា ជនរងគ្រោះមានទំនាក់ទំនងស្នេហាជាមួយប្រពន្ធរបស់ខ្លួន។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅភូមិខ្ញែរ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាល បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងដេកលើអង្រឹងក្រណាត់នៅក្រោមផ្ទះឈ្មោះ វ៉ាន រិទ្ធ ហៅកានគាត អាយុ៦៧ឆ្នាំ ដែលត្រូវជាឪពុកក្មេករបស់ជនសង្ស័យ។
ខណៈជនរងគ្រោះកំពុងសម្រាកដោយមិនដឹងខ្លួន ស្រាប់តែជនសង្ស័យកាន់ពូថៅដើរចូលតាមចំហៀងផ្ទះ រួចសម្រុកកាប់ប្រហារទៅលើជនរងគ្រោះដោយមិនឱ្យមានឱកាសការពារខ្លួន។
ការវាយប្រហារយ៉ាងកម្រោលនេះបានបណ្ដាលឱ្យជនរងគ្រោះរងរបួសចំក្បាល និងផ្ទៃមុខចំនួន ៨កន្លែង ក្នុងស្ថានភាពធ្ងន់ធ្ងរ។
ក្រោយធ្វើសកម្មភាព ជនសង្ស័យបានរត់គេចចេញពីកន្លែងកើតហេតុ ប៉ុន្តែក្រោយមកត្រូវបានកម្លាំងនគរបាលស្រាវជ្រាវ និងឃាត់ខ្លួនបាន។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកព្រះនេត្រព្រះ មុនពេលបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ដើម្បីទទួលការព្យាបាលបន្ថែម។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា: ខ្លួនពិតជាបានប្រើពូថៅផ្លែដែកកាប់ទៅលើជនរងគ្រោះប្រាកដមែន ដោយមានគោលបំណងសម្លាប់។
ជនសង្ស័យបានអះអាងថា មូលហេតុដែលជំរុញឱ្យខ្លួនប្រព្រឹត្តអំពើហិង្សានេះ គឺដោយសារការសង្ស័យថា ជនរងគ្រោះមានទំនាក់ទំនងស្នេហាជាមួយប្រពន្ធរបស់ខ្លួន។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




