Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​

spot_img

​ពួក​ខ្មែរក្រហម​ហាក់ដូចជា​ប្រើ​គោលនយោបាយ​ធូរស្រាល​ជាមួយនឹង​ប្រជាជន​ចិន​នៅក្នុង​តំបន់​រំដោះ​ទាំងឡាយ ពី​ឆ្នាំ​១៩៧០ដល់​ឆ្នាំ​១៩៧៣​។ ពួក​ខ្មែរក្រហម​បាន​រក្សាទុក​នូវ​សាលារៀន​ចិន​ទាំងឡាយ​ដែល​បាន​បិទទ្វារ​ដោយ​ពួក​លន់ នល់ លើកលែងតែ​កន្លែង​ដែលមាន​ការប្រយុទ្ធ​គ្នា ដែល​ធ្វើឱ្យ​សិស្ស​រៀន​មិនកើត ឬ​អគារសិក្សា​ទាំងឡាយ​ត្រូវបាន​បំផ្លាញ​ដោយសារ​ការទម្លាក់​គ្រាប់បែក ។​បន្ទាប់ពី​សាលា​របស់​នា​ង​ឈ្មោះ ហ្វា គា (Huaqiao) ក្នុងស្រុក​ក្រូចឆ្មា ត្រូវបាន​បិទទ្វារ​ដោយ​ពួក​លន់ នល់ នៅ​ឆ្នាំ​១៩៧០ សិស្ស​ជនជាតិ​ចិន​ទាជីវ​ជំនា​ន់ទី​២ ម្នាក់​បាន​ស្វាគមន៍​ការដួលរលំ​រដ្ឋាភិបាល​លោក​លន់នល់ នៅ​ស្រុក​ក្រូចឆ្មា​។​

​បន្ទាប់មក​គាត់​បានធ្វើ​ដំណើរ​ជាមួយ​មិត្ត​រួម​ថ្នាក់​ម្នាក់​ដើម្បី​បង្រៀន​ជនជាតិ​ចិន​នៅក្នុង​តំបន់​រំដោះ​ទាំងឡាយ​។ គាត់​បាន​និយាយថា​៖ រហូតមកដល់​ឆ្នាំ​១៩៧៤ មាន​សាលារៀន​ជាច្រើន​ក្នុងស្រុក​ក្រូចឆ្មា ចំណែកឯ​ស្ត្រីជន​ជាតិចិន​ហុកកៀន​ម្នា​ក់នៅ​ស្រុក​ត្បូងឃ្មុំ បាន​និយាយថា គាត់​បាន​សិក្សា​ភាសា​ចិន​នៅ​ស្រុក​មេមត់ ខេត្តកំពង់ចាម រហូតដល់​ឆ្នាំ​១៩៧២​។​

​សាលារៀន​ចិន​មួយ​នៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​ដំណើរការ​រហូតដល់​មានការ​ទម្លាក់​គ្រាប់បែក​នៅ​ឆ្នាំ​១៩៧២ ហើយ​សាលារៀន​មួយ​ស្ថិតនៅក្នុង​តំបន់​វាយ​ច្បាំង​នៅក្នុង​ស្រុក​ឆ្លូង ខេត្តក្រចេះ ក៏មាន​ដំណើរការ​រហូត​ដល់​មានការ​ទម្លាក់​គ្រាប់បែក​យ៉ាង​សន្ធឹកសន្ធាប់​នៅ​ឆ្នាំ​១៩៧៣​។ សមាគម​ចិន​នៅក្រៅ​ប្រទេស​មួយចំនួន បាន​រត់​ចូលទៅ​រស់នៅក្នុង​តំបន់​រំដោះ​ពាសពេញ​ប្រទេស​កម្ពុជា​រហូតដល់​ចុងឆ្នាំ​១៩៧៣​។ បន្ទាប់ពី​ព្រឹ​តិ្ត​ការណ៍​ចុងក្រោយ​ទាំងនេះ ពួក​តំណាង​រដ្ឋអំណាច​នៃ​តំបន់​និរតី​បាន​សរសើរ​ជា​សាធារណៈ​នូវ​សមិទ្ធផល​របស់​សមាគម​ជន​ជាតិចិន​ទាំងឡាយ (Yu Liang, ឆ្នាំ​១៩៨១)​។ ទោះបីយ៉ាងណា​ក៏ដោយ ស្ថានភាព​បានប្រែក្លាយ​ទៅជា​មានការ​យ៉ាប់យ៉ឺន​យ៉ាងខ្លាំង​នៅ​ឆ្នាំ​១៩៧៣ និង​ឆ្នាំ​១៩៧៤ ដែល​នៅពេលនោះ​មាន​របាយការណ៍​ជាច្រើន​បាន​និយាយ​អំពី​ការបង្ខិតបង្ខំ​ឱ្យ​ជនជាតិ​ចិន​រស់​នៅតាម​របៀប​ជា​ជនជាតិខ្មែរ (​ទាំង​វប្បធម៌ និង​ភាសា​) ដែល​ទង្វើ​បែបនេះ​ធ្វើឱ្យ​ជនជាតិ​ចិន​ជាច្រើន​បានធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា​។​

​ជនជាតិ​ចិន​ហៃណាំ​ជំនា​ន់ទី​២​ម្នាក់ ដែល​ធ្លាប់​សិក្សា​នៅ​សាលា​ទួន​ហ្វា ក្នុង​ទីក្រុង​ភ្នំពេញ បាន​និយាយថាៈ គាត់​បាន​បោះបង់ចោល​ចម្ការ​ម្រេច​របស់គាត់​នៅ​ទី​ក្រុងកែប ខេត្តកំពត នៅ​ឆ្នាំ​១៩៧០ គឺ​នៅពេលដែល​គាត់​បានឮ​ដំណឹង​អំពី​ការអំពាវនាវ​របស់​ស​ម្តេច​សីហនុ តាម​វិទ្យុ​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ព្រៃ​ដើម្បី​ច្បាំង​ជាមួយនឹង​កងទ័ព​អាមេរិកាំង​។ គាត់​បាន​ចាំ​ថា ឆ្នាំ​១៩៧៣ រាជរដ្ឋាភិបាល​បង្រួម​បង្រួម​ជាតិ​កម្ពុជា (GRUNK) បាន​បង្កើត​សមាគម​ចិន​ក្នុង​តំបន់​រំដោះ​នៅ​ពាសពេញ​ប្រទេស ហើយ​ប្រជាពលរដ្ឋ​ចិន​ទាំងនោះ​សុំឱ្យ​គាត់​ដឹកនាំ​គណៈកម្មាធិការ​សមាគម​ចិន​ក្នុងស្រុក​កំពង់ត្រាច ដើម្បី​ប្រមូលផ្តុំ​ជន​ជាតិចិន​ទាំងឡាយ​ឱ្យ​គាំទ្រ​រាជរដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​កម្ពុជា​ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​សហរដ្ឋអាមេរិក​។​

​នៅក្នុង​ឆ្នាំ​១៩៧៤ នយោបាយ​រាជរដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​កម្ពុជា​មានការ​ប្រែប្រួល​ទាំងស្រុង ហើយ​មានការ​បញ្ជា​ឱ្យ​ចាប់​ជន​ជាតិចិន​សម្លាប់ចោល ដូច្នេះ​នៅពេលនោះ​គាត់​ក៏បាន​រត់គេចខ្លួន​។ ជន​ជាតិចិន​ជាច្រើន​នាក់​ទៀត​បាន​នៅ​ចងចាំ​ថា ឆ្នាំ​១៩៧៤ គឺជា​របត់​មួយ​នៃ​គំនិត​របស់​ពួក​ខ្មែរក្រហម​ចំពោះ​ជនជាតិ​ចិន​។ ប្រការនេះ បង្ហាញឱ្យឃើញ​ពី​ការគ្រប់គ្រង​ដ៏​តឹងរ៉ឹង​និង​ការផ្លាស់ប្តូរ​ដ៏​ឆាប់រហ័ស​នូវ​គោលនយោបាយ​របស់​ពួក​ខ្មែរក្រហម​ចំពោះ​ក្រុម​ជនជាតិ​ទាំងឡាយ ហើយ​នោះ​ក៏​ជា​បដិវត្តន៍​មួយ​ចំពោះ​អត្តសញ្ញាណ​របស់​ជនជាតិ​នៅ​ប្រទេស​កម្ពុជា​។ នៅ​ឆ្នាំ​៩៧៣ រាជរដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​កម្ពុជា​បាន​ផ្សព្វផ្សាយ​នូវ​តម្លៃ​នៃ​គំនិត​របស់ខ្លួន​ស្តីអំពី​«​ពហុ​ជាតិ​សាសន៍​និយម​នៅ​ប្រទេស​កម្ពុជា​» ហើយ​ប្រឆាំងនឹង​លន់នល់ ចំពោះ​ការធ្វើឱ្យ​បាត់បង់​នូវ​សិល្បៈជាតិ​និង​ការបង្កើត​នូវ​វប្បធម៌ សិល្បៈ និង​ទំនៀមទម្លាប់​របស់​ខ្មែរ លាយឡំ​ជាមួយនឹង​ជាតិ​សាសន៍​ដទៃ​ក្នុង​តំបន់​ដែល​ខ្លួន​កាន់កាប់​។ ប៉ុន្តែ​នៅ​ចុងឆ្នាំ​នោះ ពួក​ខ្មែរក្រហម​បានចាប់ផ្តើម​ផ្សព្វផ្សាយ​នូវ​គំនិត​ប្រកាន់ពូជសាសន៍​របស់ខ្លួន ដោយ​ប្រកាសថា «​ជន​ជាតិចិន​ទាំងឡាយ​សុទ្ធតែជា​ពួក​មូលធន ដែល​បាន​ជញ្ជក់​ឈាម​ប្រជាពលរដ្ឋ​កម្ពុជា​»​។​

​នៅក្នុង​និក្ខេបបទ​ថ្នាក់បណ្ឌិត​របស់លោក​នៅ​ឆ្នាំ​១៩៥៦ លោក​ខៀវ សំផន ដែល​ពេល​នោះគេ​គិតថា​នឹង​ក្លាយទៅជា​មេដឹកនាំ​ខ្មែរក្រហម បាន​អះអាងថា «​ជនជាតិ​ចិន​បាន​ដើរតួនាទី​សំខាន់​ក្នុង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ហើយ​ថា​ពួក​ជន​ជាតិចិន​ទាំងនេះ​បានធ្វើ​សមាហរណកម្ម​ទៅក្នុង​សង្គម​កម្ពុជា ដែល​ផ្ទុយទៅនឹង ពួក​ជនជាតិ​អឺរ៉ុប​និង​ពួក​អាមេរិកាំង​ដែល​មិនសូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​កម្ពុជា​ឡើយ​(​ខៀវ​សំផន ឆ្នាំ​១៩៥៦) ។ ២០​ឆ្នាំ​ក្រោយមក លោក​ខៀវ សំផន និង​មេដឹកនាំ​ខ្មែរក្រហម​ដទៃទៀត បាន​អនុវត្តន៍​នូវ​គោលនយោបាយ​ដ៏​ល្អិតល្អន់​ដើម្បី ត្រួតត្រា​សង្គម​ខ្មែរ​។ ពួក​មេដឹកនាំ​ទាំងនេះ​បាន​សរសើរ​ជនជាតិ​ចិន​ចំពោះ​ការចេះ​រួមរស់​ជាមួយនឹង​ប្រជាពលរដ្ឋ​ខ្មែរ ប៉ុន្តែ​ពួកគេ​បាន​ស្វែងរក​ជនជាតិ​ចិន​មួយចំនួន​មក​ធ្វើ​ទុក្ខទោស ដោយ​ផ្អែកលើ​ហេតុផល​ថា​ពួកគេ​ធ្លាប់ជា​អ្នក​ដែលមាន​តួនាទី​សំខាន់​ក្នុង​សេដ្ឋកិច្ច​កាលពី​អតីតកាល​។​

​ចាប់តាំងពី​ការបង្កើត​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​១៧ ខែមេសា ១៩៧៥ រហូតមក​ដួលរលំ​ទៅវិញ​នៅ​ខែធ្នូ ឆ្នាំ​១៩៧៨ គេ​បាន​ប៉ាន់ប្រមាណ​ថា​ចំនួន​ជនជាតិ​ចិន​នៅ​កម្ពុជា​បាន​ថយចុះ​ពី​៤០០.០០០​នាក់​ទៅ​២០០.០០០​នាក់ ។ ឯកសារ​នានា​បាន សរសេរថា តួនាទី​សំខាន់ៗ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ត្រូវបាន​បាត់បង់​ទៅវិញ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​សង្គម​កម្ពុជា​ប្រជាធិបតេយ្យ ជាពិសេស​ប្រជាជន​ចំណូល​ថ្មី​ដែល​មកពី​ទីក្រុង​នានា​តែងតែ​ជួបប្រទះ​នូវ​គ្រោះថ្នាក់ ជាច្រើន​។ ជនជាតិ​ចិន​នៅ​ប្រទេស​កម្ពុជា​ប្រហែលជា​ពីរភាគបី​គឺជា​អ្នក​ដែល​ធ្លាប់​បានរស់នៅ​ទីក្រុង នៅពេលដែល​ខ្មែរក្រហម​ចូលកាន់​កាប់​នៅ​ឆ្នាំ​១៩៧៥ ហេតុដូច្នេះ​ពួកគេ​មានឱកាស​តិចតួច​ក្នុងការ​រក្សា​ជីវិត​របស់ខ្លួន​ជាង ក្រុម​ពូជសាសន៍​ដទៃទៀត​។ កាលៈទេសៈ​បែបនេះ​ធ្វើឱ្យ​អ្នកស្រាវជ្រាវ​មួយចំនួន​សន្និដ្ឋានថា ជន​ជាតិចិន​ត្រូវបាន​គេ​សម្លាប់ មិនមែន​ដោយសារ​ហេតុផល​ជាតិ​សាសន៍​ឡើយ ប៉ុន្ដែ​ដោយសារ​ឋានៈ​សង្គម ព្រោះថា​ជនជាតិ​ចិន​គឺជា​អ្នកទីក្រុង និង​ជា​ពួក​មូលធន​។​

​នៅ​ឆ្នាំ​១៩៨២ លោក​វៀល មត់​ត៌ បានធ្វើការ​សន្និដ្ឋានថា «​វា​មិនមែនជា​បញ្ហា​ជាតិ​សាសន៍​ឡើយ ប៉ុន្តែ​ជា​បញ្ហា​វណ្ណៈ​សង្គម ដែល​ធ្វើឱ្យ​ជនជាតិ​ចិន​ទទួលរង​គ្រោះ​ក្នុងសម័យ​ប៉ុលពត ហើយ​ពួក​ជនជាតិ​ចិន​មិនបាន​ទទួល ការឈឺចាប់​ដោយសារតែ​ការប្រកាន់​ពូជសាសន៍​ឡើយ​»​។ លោក​វៀល មត់​ត៌ បាន​គាំទ្រ​ទឡ្ហីករណ៍​បែបនេះ ដោយ​ផ្អែកលើ​ទ្រឹស្តី​ថា ប្រជាជន​ចិន​ស្ទើរតែ​ទាំងអស់​នៅ​កម្ពុជា​បានរស់នៅ​ទីក្រុង​តាំងពី​ដើមឆ្នាំ​១៩៧៥​។​

​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ សញ្ញា​សម្គាល់​នូវ​ភាពខុសគ្នា​របស់​ជនជាតិ​ចិន ត្រូវបាន​គេ​លុបបំបាត់ចោល ហើយ​ប្រជាជន​រាប់លាន​នាក់​ត្រូវបាន​គេ​ផ្លាស់ប្តូរ​លំនៅ​ឱ្យទៅ​រស់នៅ​រួមគ្នា ក្នុង​បំណង​បង្កើតឱ្យមាន​ភាព​រួមមួយ​នៅក្នុង ចំណោម​ក្រុម​ជាតិ​សាសន៍​ខុសគ្នា​ទាំងឡាយ (Serge Thion ឆ្នាំ​១៩៨៨) ។ ខណៈពេលដែល​ជនជាតិខ្មែរ​និង​ជនជាតិ ទាំងឡាយ​ដែល​មិនមែនជា​ជនជាតិខ្មែរ ត្រូវតែ​គោរព​តាម​ឧ​ត្ត​ម​គតិ​សង្គម​តែមួយ​ដូចគ្នា ហើយ​ត្រូវបាន​គេ​បង្ខំ​ឱ្យទទួល​យក​នូវ​គំនិត​ជាតិ​សាសន៍​តែមួយ​។ ក្នុង​របប​ប៉ុលពត ក្រៅពី​សម្លៀកបំពាក់ ភាសា និង​ពណ៌​សម្បុរ បាន​ដើរតួនាទី​ជា​គន្លឹះ​ដើម្បី​កំណត់ថា​នរណា​មាន​«​ភាពជា​ខ្មែរ​»​ពិតប្រាកដ​។ អ្នក​ដែលមាន​សម្បុរ​ខ្មៅ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ខ្មែរ​ពិតប្រាកដ (​ឬ​ខ្មែរ​សុទ្ធ​) និង​ជាស​ញ្ញា​ពិត​មួយ សម្រាប់​កំណត់​អំពី​ការងារ​ដែល​ត្រូវធ្វើ​ក្រៅ​ផ្ទះ ហើយ​ជា​សញ្ញា​សម្រាប់​សម្គាល់ថា​ជា​ប្រជាជន​«​ចាស់​» (​ឬ​ប្រជាជន​ដើម​ដែលជា​អ្នកភូមិ​)​។ ដូច្នេះ​សម្បុរ​ខ្មៅ​អាច​បញ្ជា​ក់នូវ​ភាព​សុទ្ធ​នៃ​ជាតិ​សាសន៍​ក្នុងសង្គម ចំណែកឯ​អ្នក​ដែលមាន​សម្បុរ​និង​មុខ​ពណ៌​ស​វិញ បាន​បង្កប់ន័យ​អវិជ្ជមាន​នៃ​ការប្រកាន់​ពូជសាសន៍ និង​ឋានៈ​សង្គម (​បិ​ក​ឃឺ ឆ្នាំ​១៩៨៦)​។ ការប្រឆាំង​ទៅនឹង​គោលការណ៍​នៃ​ខ្មែ​រូបនីយកម្ម (​គឺ​ការធ្វើឱ្យ​ជនជាតិ​ទាំងឡាយ​ក្លាយជា​ជនជាតិខ្មែរ​) ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​គំរាមកំហែង​ដល់​គោលការណ៍​របស់​ខ្មែរក្រហម​។ ក្នុង​ក្រសែភ្នែក​របស់​កម្មាភិបាល​ខ្មែរក្រហម អ្នករឹងរូស​មិន​ព្រម​ធ្វើតាម​គោលការណ៍​របស់ខ្លួន​មានទោស​ស្មើ​ទៅនឹង​បទឧក្រិដ្ឋ​នយោបាយ​។ ដូច្នេះ​ជនជាតិ​ចិន​ដែលមាន​សម្បុរ​ខ្មៅ​(​ដែល​ខ្មែរ​ហៅថា​ចិន​កំពត​) បានទទួល​រង​នូវ​ការលំបាក​ដូចគ្នា​ទៅនឹង​ជនជាតិ​ចិន​ដែលមាន​សម្បុរ​ស​ដែរ នៅពេល​ដែលមាន​យុទ្ធនា​ការបង្ខំ​ឱ្យ​ពួកគេ​រស់នៅ​លាយឡំ​គ្នា​ជាមួយ​ក្រុម​ជាតិ​សាសន៍​ដទៃទៀត​ក្នុង​លក្ខខណ្ឌ​ដូចគ្នា​។​

​ដូច​ក្រុម​ជាតិ​សាសន៍​ដទៃទៀត​ដែរ ជន​ជាតិចិន​ត្រូវបាន​គេ​បង្ខំ​ឱ្យធ្វើ​ខ្លួន​ជា​ជនជាតិខ្មែរ ទាំង​ការរស់នៅ ការ​ស្លៀកពាក់ និង​ការហូបចុក​។ គ្រូបង្រៀន​ជនជាតិ​ចិន​ទាជីវ​ជំនា​ន់ទី​២ ម្នាក់ នៅ​ស្រុក​ក្រូចឆ្មារ ត្រូវបាន​អនុញ្ញាតឱ្យ​ស្នាក់នៅ​ក្នុងភូមិ​របស់គាត់ ប៉ុន្តែ​ត្រូវបាន​គេ​បង្ខំ​ឱ្យ​ផ្លាស់ប្តូរ​ផ្ទះ​ដែលមាន​លក្ខណៈ​ជា​ចិន​ចោល ពីព្រោះ​ពួក​ប៉ុលពត​និយាយថា «​ខ្ញុំ​ត្រូវតែ​រស់នៅ​ដូច​ប្រជាជន​ខ្មែរ​» ។ ស្រី្ត​ជនជាតិ​ចិន​ទាជីវ​ជំនា​ន់ទី​២​ម្នាក់​នៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​នៅ​ចងចាំ​ថា ប្រសិនបើ​គាត់​ស្លៀកខោ ពួកគេ​នឹង​ជេរ​ស្តី​គាត់ ថា​ជា​ជនបរទេស ដូច្នេះ​គាត់​ត្រូវតែ​ស្លៀក​សារុង​។ ចិន​ទាជីវ​ជំនា​ន់ទី​៣​ម្នាក់ នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​ប្រាប់​ឱ្យដឹងថា នៅក្រោម​របប​ប៉ុលពត ម្តាយ​របស់គាត់​បាន​ចុះ​ស្គម​យ៉ាងខ្លាំង ដោយសារតែ​គាត់​មិន​ធ្លាប់​ហូប​ម្ហូប​ខ្មែរ ដែល​គេ​បង្ខំ​ឱ្យ​គាត់​ហូប​ជា​រៀងរាល់ថ្ងៃ​ដូច​គេឯង​។ ទណ្ឌកម្ម​ចំពោះ​ការប្រឆាំង​មិន​ព្រម​រស់នៅ​រួមគ្នា រាប់​ចាប់តាំងពី​ការព្រមាន​យកទៅ​អប់រំ (​ឬ​កសាង​)​ខ្លួន​ឡើងវិញ តាមរយៈ​ការធ្វើការ​យ៉ាង​ធ្ងន់ ដោយ​បង្អត់អាហារ​រហូតដល់​ស្លាប់​។ ជាទូទៅ​ពួក​ជនជាតិ​ចិន​ត្រូវគេ​ហាមឃាត់​មិនឱ្យ​និយាយ​ភាសា​ចិន​៕
​សូយន

spot_img
×